អន្តរជាតិ

កូរ៉េខាងត្បូងចាប់ខ្លួនអតីតមន្ត្រីជាន់ខ្ពស់ ២នាក់ ​ពី​បទ​បញ្ជា​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​បំផ្លាញ​ភស្តុតាង ដែលពាក់ព័ន្ធនឹងការផ្អើលជាន់គ្នាក្នុងថ្ងៃបុណ្យ Halloween នៅទីក្រុងសេអ៊ូល

BY
autoadmin
December 6, 2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Yonhap News Agency បានរាយការណ៍ថា ប៉ូលីសកូរ៉េខាងត្បូងបានចាប់ខ្លួនអតីតមន្ត្រីជាន់ខ្ពស់ ២នាក់ ពាក់ព័ន្ធនឹងការផ្អើលជាន់គ្នាក្នុងពិធីបុណ្យ Halloween នៅទីក្រុងសេអ៊ូល។ ប្រភពបាននិយាយថា អ្នក​ទាំង​ ២ ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​បញ្ជា​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​បំផ្លាញ​ភស្តុតាងចោល។ រំលឹកផងដែរថា ឧបទ្ទវហេតុនៅក្នុងសង្កាត់ Itaewon របស់រដ្ឋធានីសេអ៊ូល កាលពីថ្ងៃទី២៩ ខែតុលាកន្លងទៅ បានបណ្តាលឱ្យមនុស្ស ១៥៨ នាក់ស្លាប់ ហើយជំនាញជឿថា កង្វះផែនការធានាសុវត្ថិភាពនៅថ្ងៃកើតហេតុ គឺជាកត្តាដែលនាំឱ្យកើតមានសោកនាដកម្មនេះ។

កូរ៉េខាងត្បូងបានរាយការណ៍ពីការចាប់ខ្លួនអតីតមន្ត្រីជាន់ខ្ពស់ទាំង ២ កាលពីថ្ងៃចន្ទ ដោយពួកគេមានម្នាក់មកពីទីភ្នាក់ងារប៉ូលីសក្រុងសេអ៊ូល និងម្នាក់ទៀតមកពីស្ថានីយ៍ប៉ូលីស Yongsan ដែលគ្រប់គ្រងសង្កាត់ Itaewon។ អ្នក​ទាំង ២ ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា បាន​បញ្ជា​ឱ្យ​លុប​របាយ​ការណ៍​ដែល​ចង្អុល​បង្ហាញ​ពី​គ្រោះ​ថ្នាក់​នៃ​ឧបទ្ទវហេតុ​ ដែល​កើត​ឡើង​ក្នុង​អំឡុង​ពេលថ្ងៃ​បុណ្យ Halloween ​​នៅពេលដែលករណីនោះកាន់តែមានភាពក្ដៅគគុក។

ដីកាចាប់ខ្លួនក៏ត្រូវបានទាមទារសម្រាប់មន្ត្រីផ្សេងទៀតផងដែរ រួមទាំងអតីតប្រធានប៉ុស្តិ៍ប៉ូលីស Yongsan ពីបទសង្ស័យលើការធ្វេសប្រហែសក្នុងវិជ្ជាជីវៈ បណ្តាលឱ្យមានស្លាប់ និងរបួស ប៉ុន្តែ​តុលាការ​បាន​បដិសេធ​សំណើ​នេះ។ ឥឡូវនេះក្រុមប៉ូលីសពិសេសមួយ កំពុងស៊ើបអង្កេតមន្ត្រីកំពូលស្រុក Yongsan និងប្រធាននាយកដ្ឋានពន្លត់អគ្គីភ័យផងដែរ។ ក្រុម​អ្នក​ស៊ើប​អង្កេត​កំពុង​ធ្វើ​ការ​ ដើម្បី​ឈាន​ទៅ​រក​មូល​ហេតុ​នៃ​ហេតុ​ការណ៍​ពិត៕

អត្ថបទ៖ លីដា
ប្រភព៖ Yonhap News Agency

Share This Post: