សមត្ថកិច្ចចំរុះ ចុះបង្ក្រាបទីតាំងដេប៉ូតេលាមួយកន្លែង រកឃើញប្រេងរំអិលម៉ាកTOTAL ក្លែងក្លាយ ៤ប្រភេទចំនួន ៦ធុង
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ដោយយោងពាក្យបណ្តឹងរបស់ក្រុមហ៊ុន Tilleke & Gibbins កម្លាំងជំនាញបានចុះធ្វើការស្រាវជ្រាវ និងឈានដល់ការបង្រ្កាបនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងតំណាងក្រុមហ៊ុន ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីផ្ទាល់ពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងដេប៉ូតេលា យីហោ សេង លីមជី ស្ថិតនៅផ្ទះលេខ៥៧២ ផ្លូវ៣៧១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចចំរុះបានរកឃើញវត្ថុតាងប្រេងរំអិលម៉ាកTOTAL ក្លែងក្លាយ ០៤ប្រភេទ ចំនួន ០៦ធុង ស្មើនិង ៦០០លីត្រ ។ក្រោយពីធ្វើការឆែកឆេរ លោកព្រះរាជអាជ្ញារង បានសំរេចឲ្យសមត្ថកិច្ចធ្វើការដកហូតវត្ថុតាងទាំងអស់យកមករក្សាទុកជាបណ្តោះអាសន្ននៅនាយកដ្ឌាន និងនាំម្ចាស់ទីតាំងមកសាកសួរបំភ្លឺនៅនាយកដ្ឋាន ដើម្បីបន្តនីតិវិធី ៕








