ប្រទេសថៃប្រកាសសង្រ្គាមលើការនាំចូលសាច់ជ្រូកខុសច្បាប់ ក្រោយមានការព្រួយបារម្ភពីជំងឺប៉េស្តជ្រូកអាហ្វ្រិក
- BY
- autoadmin
- December 6, 2022
អគ្គនាយកដ្ឋានអភិវឌ្ឍន៍បសុសត្វរបស់ថៃ បានប្រកាសសង្រ្គាមលើការនាំចូលសាច់ជ្រូកខុសច្បាប់ ដែលបានញាំញីអ្នកប្រើប្រាស់ និងកសិករថៃអស់រយៈពេលជាច្រើនខែមកនេះ នេះបើតាមការឱ្យដឹងរបស់អគ្គនាយករងលោក Somchuan Ratanamungklanon កាលពីថ្ងៃចន្ទ។ ការប្រកាសរបស់លោក ធ្វើឡើងបន្ទាប់ពីមន្ត្រីបសុសត្វបានរឹបអូសសាច់ជ្រូកចំនួន ៤០តោន ដែលនាំចូលដោយខុសច្បាប់ពីប្រទេសជិតខាង នៅឯកន្លែងស្តុកទុកក្នុងខេត្តសាមុតសាខុន កាលពីថ្ងៃទី១៤ ខែវិច្ឆិកា។ នាយកដ្ឋានកំពុងទប់ស្កាត់ការជួញដូរសាច់ខុសច្បាប់ បន្ទាប់ពីមានការសង្ស័យថា មានការផ្ទុះឡើងនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក (ASF) នៅឈៀងម៉ៃកាលពីខែមុន។

លោក Somchuan បាននិយាយថា ការនាំចូលសាច់ជ្រូកខុសច្បាប់ភាគច្រើនគឺមកដល់តាមច្រកសមុទ្រ ហើយនាយកដ្ឋានគយអាចពិនិត្យបានតែផ្នែកតូចមួយប៉ុណ្ណោះ។ លោកបន្តថា ពលរដ្ឋដែលចាប់បានការនាំចូលសាច់ជ្រូកខុសច្បាប់ ប្រឈមនឹងការពិន័យយ៉ាងធ្ងន់ធ្ងរក្រោមច្បាប់ស្តីពីការរាតត្បាតសត្វ។ លោកបានព្រមានថា៖«ផលិតផលដែលរឹបអូសបាននឹងត្រូវបំផ្លាញចោល ខណៈម្ចាស់កន្លែងស្តុកទំនិញនឹងប្រឈមនឹងការចោទប្រកាន់ទាំងព្រហ្មទណ្ឌ និងរដ្ឋប្បវេណី លើការដកហូតលិខិតអនុញ្ញាត»។
លោកបានបន្ថែមថា ការទប់ស្កាត់ការនាំចូលសាច់ជ្រូកខុសច្បាប់ គឺជាកត្តាសំខាន់ក្នុងការរារាំងជំងឺ ASF ពីការចូលទៅក្នុងប្រទេសថៃ និងបំផ្លិចបំផ្លាញឧស្សាហកម្មចិញ្ចឹមជ្រូកក្នុងស្រុក។ លោកបានបន្តថា៖ «នាយកដ្ឋាននឹងដាក់ពង្រាយមន្ត្រីនៅគ្រប់ច្រកព្រំដែនទាំងផ្លូវគោក សមុទ្រ និងផ្លូវអាកាស ដើម្បីការពារកុំឱ្យជ្រូកខុសច្បាប់អាចឆ្លងកាត់បាន» ខណៈក៏នឹងត្រួតពិនិត្យកន្លែងស្តុកទូទាំងប្រទេសផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand
- Share This Post:






