ក្រសួងសុខាភិបាល សម្រេចបិទមន្ទីរសម្រាកព្យាបាល «ដើមអង្គ្រង» ជាស្ថាពរ ក្រោយមានករណីរំលូតគភ៌បាត់បង់ជីវិតក្នុងផ្ទៃ ហើយប៉ះពាល់ដល់ម្ដាយ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្តីសម្រេច ស្តីពីការបិទមន្ទីរសម្រាកព្យាបាល ដើមអង្រ្គង។

ក្រសួងសុខាភិបាល សម្រេចបិទនិងដកហូតលិខិតអនុញ្ញាតឱ្យបើកមន្ទីរសម្រាកព្យាបាលឯកជនឈ្មោះ ដើមអង្រ្គង ដែលមានទីតាំងនៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ៣ ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ របស់លោកស្រីវេជ្ជបណ្ឌិត សួស ច័ន្ទរស្ទី ជាអ្នកទទួលខុសត្រូវ ដោយមូលហេតុប្រើប្រាស់បុគ្គលិកផ្សេងគ្មានការបណ្តុះបណ្តាល គ្មានការចុះបញ្ជីគណៈវិជ្ជាជីវៈ និងប្តូរទីតាំងដោយ គ្មានការជូនដំណឹងដល់ក្រសួងសុខាភិបាល។
ចំពោះអ្នកទទួលខុសត្រូវ និងម្ចាស់មន្ទីរសម្រាកព្យាបាល ដើមអង្រ្គង និង អ្នកដែលបានប្រព្រឹត្តខុសនឹងក្រមសីលធម៌វិជ្ជាជីវៈពេទ្យ ខុសបច្ចេកទេស ក្នុងការពិនិត្យនិងព្យាបាលអ្នកជំងឺ ត្រូវទទួល ខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
អគ្គនាយកបច្ចេកទេសសុខាភិបាល ប្រធាននាយកដ្ឋានមន្ទីរពេទ្យ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ស្ពឺ និង លោកស្រីវេជ្ជបណ្ឌិត សួស ច័ន្ទរស្ទី មានភារកិច្ចអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួនឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕

