ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជា កំពុងខិតខំប្រឹងប្រែងយកត្រឡប់មកវិញនូវប្រភេទសត្វកម្រនៅលើទឹកដីកម្ពុជាជាពិសេសប្រភេទសត្វខ្លាធំ

    BY Naren December 12, 2022
    កម្ពុជា កំពុងខិតខំប្រឹងប្រែងយកត្រឡប់មកវិញនូវប្រភេទសត្វកម្រនៅលើទឹកដីកម្ពុជាជាពិសេសប្រភេទសត្វខ្លាធំ

    (ភ្នំពេញ)៖ យោងតាមការឱ្យដឹងពី ឯកឧត្តម នេត្រ ភក្ត្រា​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួង​បរិស្ថាន​ «ខ្លាធំ ឬខ្លាដំបង»ជាប្រភេទសត្វដែលទទួលរងគ្រោះថ្នាក់បំផុត ដោយការបរបាញ់ ដើម្បីយកឆ្អឹង ស្បែក ធ្វើពាណិជ្ជកម្ម ហើយវាក៏ត្រូវបានចុះក្នុងបញ្ជី ក្រហមអង្គការ IUCN ថាជាប្រភេទរងគ្រោះថ្នាក់ជិតផុតពូជ។ គិតចាប់ពីឆ្នាំ២០០៧មក គឺមានរយៈជាង១៥ឆ្នាំហើយ ដែលអ្នកវិទ្យាសាស្ត្រ រួមទាំងមន្ត្រីជំនាញផ្សេងៗទៀត មិនបានប្រទះឃើញវត្តមានរបស់សត្វខ្លាធំនៅក្នុងព្រៃធម្មជាតិរបស់កម្ពុជា។

    រូបភាពសត្វខ្លាធំ ដែលថតបានចុងក្រោយ គឺនៅឆ្នាំ២០០៧ នៅតំបន់ទេសភាពខ្ពង់រាបភាគខាងកើតនៃប្រទេសកម្ពុជា ចាប់តាំងពីពេលនោះមកមិនមានភស្តុតាងណាមួយបង្ហាញថា មានសត្វខ្លាធំនៅក្នុងប្រទេសកម្ពុជាទៀតទេ ទោះជាមានកិច្ចខិតខំប្រឹងប្រែងស្វែងរកវាតែមិនឃើញដានទាល់តែសោះ។ កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន១៣ ដែលមានសត្វខ្លាធំ ហើយរាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តបង្កើនទ្វេដងចំនួនសត្វខ្លាធំ ទូទាំងពិភពលោកដោយបានអនុម័តលើផែនការសកម្មភាពសង្គ្រោះសត្វខ្លាធំនៅកម្ពុជា ដែលផ្តោតលើការនាំយកសត្វខ្លាធំ ចូលទៅក្នុងតំបន់វាលទំនាបភាគខាងកើត នៃប្រទេសកម្ពុជា។ សត្វខ្លាធំជាសត្វដ៏អស្ចារ្យ និងមានភាពទាក់ទាញ ហើយវាត្រូវបានចាត់ទុកជាសម្បត្តិបេតិកភណ្ឌជាតិ។

    «ខ្លាធំ ឬខ្លាដំបង»នេះ អាចមានអាយុរហូតដល់ ២៥ឆ្នាំក្នុងធម្មជាតិ។ «ខ្លាធំ» អាចរស់នៅក្នុងជម្រកគ្រប់ប្រភេទ ដែលមានទឹក ចំណី និងម្លប់គ្រប់គ្រាន់ ព្រោះវាជាសត្វចាញ់កម្តៅថ្ងៃ។ នៅពេលថ្ងៃក្តៅខ្លាំង «ខ្លាធំ» ចំណាយពេលច្រើនម៉ោង ដើម្បីដេកត្រាំទឹក ហើយវាមានភាពស្ទាត់ជំនាញ ក្នុងការហែលទឹក។ «ខ្លាធំ» អាចចាប់ចំណីបាន ចាប់ពីសត្វតូចរហូត ដល់សត្វធំ ក្នុងនោះ មានប្រភេទសត្វធំៗដូចជា ប្រើស,ទន្សោង,ខ្ទីង។ ចំពោះការបន្តពូជ «ខ្លាធំ» អាចបង្កាត់ពូជបានគ្រប់រដូវ ហើយខ្លាញីអាចបង្កើតកូនបានម្ដងពី១-៧ក្បាល បន្ទាប់ពីពពោះអស់រយៈ ពេលប្រហែល ១០០ថ្ងៃ។ ខ្លាប្រភេទនេះ ចូលចិត្តដើរ តាមដងផ្លូវដែលទើបតែឈូសឆាយរួច ឬផ្លូវប្រលោះក្នុងព្រៃជាដើម។ «ខ្លាធំ» វាមានសម្បុរក្រហម លឿង ឬត្នោតខ្ចី និងមានឆ្នូតបង្កង់ពណ៌ក្រម៉ៅកាត់ទទឹងដងខ្លួន ហើយនៅផ្នែក ខាងក្រោមចង្កា និងបំពង់កមានពណ៌ស ចំណែកឯកន្ទុយរបស់វាមានសម្បុរខ្មៅជាកង់ៗ និងខ្មៅផ្នែកខាងចុង។ ខ្លាធំជាប្រ ភេទសត្វ ដែលមានមាឌធំជាងគេបំផុតក្នុងចំណោមអំបូរឆ្មា និងងាយស្រួលចំណាំផងដែរ៕

    រូបថតអង្គការ WA និង WWF

    Share This Post: