ក្រសួងវប្បធម៌ សម្តែងការសោកស្តាយជាខ្លាំង ក្រោយមានករណីវាយកុដិបុរាណចំនួន៣ នៅវត្តឧណ្ណាលោម ដែលសង់តាំងពីឆ្នាំ១៩៣០
(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្តែងការសោកស្តាយជាខ្លាំង ក្រោយមានករណីការវាយកុដិបុរាណចំនួន៣ ក្នុងបរិវេណវត្តឧណ្ណាឡោម។ នេះបើយោងតាមលិខិតចុះថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០២២ ទូលថ្វាយសម្ដេចព្រះមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជាគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងលិខិតក្រសួងបានឱ្យដឹងថា កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២កន្លងមកនេះ មានករណីការវាយកម្ទេចកុដិបុរាណចំនួន៣ ដែលកសាងនាកំឡុងឆ្នាំ១៩៣០ នៅក្នុងបរិវេណវត្តឧណ្ណាលោម ដើម្បីសាងសង់ព្រះចេតិយ។ ក្រោយដឹងដំណឹងនេះ ក្រសួងមានការសោកស្តាយខ្លាំង ព្រោះកុដិទាំងបីនេះក្រសួងបានចាត់ទុកជាសម្បត្តិបេតិកភណ្ឌជាតិហើយបានចុះក្នុងបញ្ជីរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញកាលពីឆ្នាំ២០១៧។ សកម្មភាពនេះកំពុងរងការរិះគន់យ៉ាងផុសផុលពីមហាជនតាមរយៈបណ្តាញសង្គម។ ក្រសួងបញ្ជាក់ថា ការរុះរើនិងវាយកម្ទេចកុដិចាស់ដោយពុំបានសិក្សាពិគ្រោះ និងការអនុញ្ញាតពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈជាទង្វើដែលផ្ទុយនឹងច្បា់ ព្រមទាំងសារាចររបស់រាជរដ្ឋាភិបាលដែលជាឯកសារគតិយុត្តិជាធរមាន ដូចបានភ្ជាប់មកជាមួយដែលចង្អុលបង្ហាញថា រាល់ការជួសជុលព្រះវិហារ ឬសំណង់អគារបេតិកភណ្ឌត្រូវសុំការអនុញ្ញាតពីក្រសួង។ ក្រសួងក៏សូមអំពាវនាវឱ្យបញ្ឈប់ការរុះរើ វាយកម្ទេចអគារបុរាណនេះផងដែរ៕



រូបភាព៖ Seiboth lorn