សម្តេចតេជោ ហ៊ុន សែន ៖ «រាជរដ្ឋាភិបាលកម្ពុជា នឹងមានការសាងសង់ស្ពានចំនួន៣បន្ថែមទៀត»
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា នឹងមានការសាងសង់ស្ពានចំនួន៣បន្ថែមទៀត ក្នុងនោះរួមមាន ស្ពាននៅខេត្តក្រចេះ ,ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ពីភ្នំពេញទៅតំបន់អរិយ្សក្សត្រ និងស្ពាននៅតំបន់ល្វាឯម ជាប់ជាមួយផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។

សម្តេចបានមានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរប្រមាណជាង២ពាន់នាក់ដែលរស់នៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក។ ជំនួបនេះធ្វើឡើងក្នុងឱកាសដែលសម្ដេចអញ្ជើញធ្វើជាសហប្រធានក្នុងកិច្ចប្រជុំខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប ដែលត្រូវធ្វើឡើងនៅទីក្រុងព្រុចសែល នៅថ្ងៃទី១៤ធ្នូខាងមុខនេះ។
ជាកិច្ចចាប់ផ្ដើម សម្ដេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរយើងយ៉ាងច្រើនកុះករ មកពីបណ្ដាប្រទេសផ្សេងៗនៃតំបន់អឺរ៉ុប។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ ពាក់ព័ន្ធទៅនឹងការកសាងអភិវឌ្ឍន៍ប្រទេសជាតិ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា នឹងមានការសាងសង់ស្ពានចំនួន៣បន្ថែមទៀត ក្នុងនោះរួមមាន ស្ពាននៅខេត្តក្រចេះ ,ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ពីភ្នំពេញទៅតំបន់អរិយ្សក្សត្រ និងស្ពាននៅតំបន់ល្វាឯម ជាប់ជាមួយផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។ សម្តេចតេជោបានបញ្ជាក់ថា ពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គនៅខេត្តក្រចេះ អាចនឹងធ្វើនៅថ្ងៃទី២ ឬ៦ ខែមករា ២០២៣ ខាងមុខ។ សម្តេចតេជោបានមានប្រសាន៍ថា នៅចុងឆ្នាំនេះ ពោលពេលដែលសម្ដេចទៅកាន់ទីក្រុងភ្នំពេញវិញ សម្ដេចពិតជាមានភាពមមាញឹកសម្រាប់កិច្ចការប្រទេសជាតិ ដើម្បីបម្រើប្រយោជន៍ជូនជាតិមាតុភូមិ និងសម្រាប់សេចក្តីសុខរបស់ប្រជាពលរដ្ឋកម្ពុជា៕