ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សមត្ថកិច្ចចម្រុះ រកឃើញផលិតផលគ្រឿងសម្អាង ឡេលាបស្បែក ពុំមានស្លាកសញ្ញា គ្មានចុះបញ្ជិកា និងហួសកាលបរិច្ឆេទចំនួន ១,០៣០កំប៉ុង ដាក់តាំងលក់ នៅផ្សារអូរឬស្សី

    BY Khmernote Media December 15, 2022
    សមត្ថកិច្ចចម្រុះ រកឃើញផលិតផលគ្រឿងសម្អាង ឡេលាបស្បែក ពុំមានស្លាកសញ្ញា គ្មានចុះបញ្ជិកា និងហួសកាលបរិច្ឆេទចំនួន ១,០៣០កំប៉ុង ដាក់តាំងលក់ នៅផ្សារអូរឬស្សី

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៅថ្ងៃទី១៥ ខែធ្នូ​ ឆ្នាំ២០២២ បា​នឱ្យដឹងថា ដោយបានការអនុញ្ញាតពីឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជា ស្នងការនគរបាលរាជធានីភ្នំពេញ និងការណែនាំពីលោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរងទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។

    កងកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំដោយលោកវរសេនីយ៍ទោ មិញ ចន្ថា នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានចូលរួមសហការជាមួយមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) នៃមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ គណៈកម្មការផ្សារអូរឫស្សី ចុះត្រួតពិនិត្យផលិតផលទំនិញម្ហូបអាហារ និងផលិតផលប្រើប្រាស់ផ្សេងៗនៅក្នុងផ្សារអូរឫស្សី ដើម្បីរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

    ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចជំនាញបានស្រង់យកគំរូ មានដូចជាបន្លែ ផ្លែឈើ មី គុយទាវ ប្រហិត គ្រឿងសមុទ្រ ប្រហុក ផ្អក ត្រីងៀត សាច់ក្រក….។ល។ ចំនួន ៨៥គំរូ យកមកវិភាគនៅរថយន្តពិសោធន៍របស់អគ្គនាយកដ្ឋាន(ក.ប.ប)ជាលទ្ធផលពុំឃើញមានសារធាតុគីមីហាមឃាត់ឡើយ។ ជាមួយនេះ សមត្ថកិច្ចចម្រុះបានចុះត្រួតពិនិត្យពីអនុលោមភាពផ្នែកបទដ្ឋាន ព័ត៌មាន និងបទប្បញ្ញាតិ្តច្បាប់ជាធរមាន នៃផលិតផលប្រើប្រាស់ ជាលទ្ធផលបានដកហូតផលិតគ្រឿងសម្អាង ឡេលាបស្បែក ពុំមានស្លាកសញ្ញា គ្មានចុះបញ្ជិកា និងហួសកាលបរិច្ឆេទ ចំនួន ១,០៣០កំប៉ុង ស្មើនឹង ២៤៥គីឡូក្រាម បញ្ជូនទៅអគ្គនាយកដ្ឋាន (ក.ប.ប) ដើម្បីចាត់ការតាមនីតិវិធី៕

    ប្រភព៖ ផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post: