សម្ដេចក្រឡាហោម ស ខេង៖ ករណីចាប់បានគ្រឿងញៀនជិត ១តោននៅខេត្តព្រះសីហនុ បើទោះជាមេក្លោងនៅដល់ទីណា ប្រទេសណា ក៏ត្រូវតែរកឱ្យឃើញ
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា៖ ករណីចាប់បានគ្រឿងញៀនជិត ១តោននៅខេត្តព្រះសីហនុ បើទោះជាមេក្លោងនៅដល់ទីណា ប្រទេសណា ក៏ត្រូវតែរកឱ្យឃើញ នេះបើយោងតាមការថ្លែងក្នុងពិធីសម្ពោធសមិទ្ធផលនានានៅ វិទ្យាល័យបវេល វិទ្យាល័យល្វា និងសាលាបឋមសិក្សាស្វាយព្រៃ ក្នុងស្រុកបវេល ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។

ក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ “ចាប់បាននៅកំពង់សោមសារធាតុញៀន ៨៥០គីឡូក្រាម ឥឡូវបើយើងចាប់ប៉ុណ្ណឹង សរសើរដែរ ដែលទៅចាប់បាន ដោយដឹងឃ្លាំងលាក់ទុក ទៅយកបានគ្រឿងញៀន ៨៥០គីឡូមក ប៉ុន្តែរកមនុស្សអត់ឃើញ អ្នកទទួលខុសត្រូវអត់ឃើញ ម្ចាស់អត់ឃើញ ប្រែលមកថា “ដូចអត់បាន”។ ដោយឥឡូវបងប្អូនធ្វើហើយ ដើម្បីនឹងឈានទៅរកអ្នកទទួលខុសត្រូវ ហើយបើជនជួញដូរនោះនៅស្រុកខ្មែរ ក៏យើងស្រាវវាឱ្យអស់ ហើយបើវានៅស្រុកក្រៅយើងក៏មានលទ្ធភាព អត់អីពិបាកទេ យើងទាក់ទងបាន ឱ្យតែយើងមានភស្ដុតាង និងមានឯកសារច្បាស់លាស់ យកទៅដាក់នៅតុលាការរបស់យើង ដើម្បីតុលាការយើងចេញដីកាស្វែងរកចាប់ខ្លួន ជនសង្ស័យនោះ ជនជាតិអ្វីក៏ដោយ បានដីកានេះមក យើងទៅធ្វើឯកសារមួយទៀត បញ្ជូនទៅប៉ូលិសអន្តរជាតិ ដែលគេហៅថា «អាំងទែប៉ូល» ព្រោះយើងក៏ជាសមាជិកនៃប៉ូលិសអន្តរជាតិដែរ អ៊ីចឹងទោះបីជាអ្នកឯងទៅដល់ទីណាក៏ត្រូវតែរកឃើញដែរ គ្រាន់តែយូរ នឹង ឆាប់តែប៉ុណ្ណឹង។ ”
សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍បន្តទៀតថា៖ “ក្នុងករណីនេះ ដូចខ្ញុំបានបញ្ជាក់ បើពឹងតែលើកម្លាំងនគរបាល និងកម្លាំងសមត្ថកិច្ច តែមួយជ្រុង ហើយមានអីថា មកពីនគរបាលមិនធ្វើការចេះចុះអី ក៏បានដែរ ប៉ុន្តែយើងទាំងអស់គ្នាចូលរួមល្អជាង ហើយដូចថា ផ្ដល់ការគាំទ្រទៅឱ្យនគរបាល ឱ្យសមត្ថកិច្ច បើសមត្ថកិច្ចនោះមិនធ្វើ ប្រែលមកសមត្ថកិច្ចនោះគឺធ្វើការមិនកើតហើយ ប៉ុន្តែបើមានព័ត៌មានហើយ តែយើងលាក់ ឬមួយថាកូនចៅយើង ជួលកាលថាមករៀន ចេញបាត់ពីផ្ទះ ប៉ុន្តែមិនបានចូលរៀនផង ចេញទៅជក់គ្រឿងញៀនឬទៅធ្វើអ្វីផ្ដេសផ្ដាស ដល់ម៉ោងទៅផ្ទះ នឹងគេឯងដែរ ប្រយ័ត្នករណីនេះ គឺមានកន្លងទៅ ទោះបីតិច ឬច្រើន ” ៕