ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អបអរសាទរ កម្ពុជាដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធពីការប្រកួតប្រដាល់ឃីកបុកស៊ីងជើងឯកអាស៊ី ២០២២

    BY Khmernote Media December 19, 2022
    អបអរសាទរ កម្ពុជាដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធពីការប្រកួតប្រដាល់ឃីកបុកស៊ីងជើងឯកអាស៊ី ២០២២

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ពីក្រុងបាងកក ប្រទេសថៃ អត្តពលិកប្រដាល់ឃីកបុកស៊ីងកម្ពុជា បានបញ្ចប់បេសកកម្មប្រកួតប្រដាល់ឃីកបុកស៊ីងអាស៊ី ២០២២ ហើយនៅថ្ងៃទី១៨ ខែធ្នូនេះដោយដណ្តើមបានមេដាយ១២គ្រឿង ក្នុងនោះមាស០២គ្រឿង ប្រាក់០៥គ្រឿង និងសំរឹទ្ធ០៥គ្រឿង បន្ទាប់ពីបានចូលរួមព្រឹត្តិការណ៍ប្រដាល់ដ៏ធំប្រចាំតំបន់អាស៊ីនេះតាំងពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២កន្លងទៅនេះ។

    កីឡាករ ឃួន ឡាំងកូស៊ីន ក្លាយជាកីឡាករទី២របស់កម្ពុជា ដែលដណ្តើមបានមេដាយមាសជូនជាតិពីការប្រកួតជើងឯកអាស៊ី ២០២២ ថ្ងៃទី១៨ ខៃធ្នូនេះ ក្រោយយកឈ្នះកីឡាករប្រទេសកាហ្សាក់ស្ថាន Duisenov Dulat ដោយពិន្ទុ ក្នុងវិញ្ញាសា Low Kick ប្រភេទទំងន់-៥៧គីឡូក្រាម។ ចំណែកមេដាយមាសទី១របស់កម្ពុជា ធ្វើបានសម្រេចដោយកីឡាករ សុខ រិទ្ធ កាលពីថ្ងៃទី១៧ ខែធ្នូ ក្រោយយកឈ្នះកីឡាករ Muboev Sherali មកពីប្រទេសអ៊ូសបេគីស្ថាន ដោយពិន្ទុ។

    ចំំណែកមេដាយប្រាក់ ០៥គ្រឿង ធ្វើបានដោយកីឡាករ ឈឿង ល្វៃ ទិត សោភ័ណ្ឌ ទូច រ៉ាឆាន់ (បឺត សង្ឃឹម) ប៊ន ពន្លឹក និងកីឡាករ សៃនី សៃណេត។ ដោយឡែកកីឡាករ កីឡាការិនីដែលដណ្តើមបានមេដាយសំរឹទ្ធមាន កីឡាការិនី លី លីសាន កីឡាករ វន គឹមចេង សាន រ៉ាគីម ម៉េត បូរិន្ទ និងកីឡាករ ភ័ណ្ឌ ចន្ធី (ហៅកូនខ្លា)។

    សូមជម្រាបជូនថាសហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជាបានបញ្ជូនកីឡាការិនី ០៣រូប កីឡាករ ១៤រូប រួមជាមួយប្រតិភូ គ្រូបង្វឹក គ្រូជំនួយ មន្ត្រីបច្ចេកទេស និងក្រុមគ្រូពេទ្យ១១នាក់ ដែលដឹកនាំដោយឯកឧត្តម ហេង សុខឃន ប្រធានសហព័ន្ធ ចូលរួមប្រកួតប្រដាល់ឃីកបុកស៊ីងជើងឯកអាស៊ី ២០២២ នៅទីក្រុងបាងកក ប្រទេសថៃ ពីថ្ងៃទី១០ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ដោយមាន១៨ប្រទេសក្នុងទ្វីបអាស៊ីចូលរួម៕ ​

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: