ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចំបាប់កម្ពុជាឈ្នះមេដាយ១៩គ្រឿង ក្នុងឋានៈម្ចាស់ផ្ទះ ជើងឯកអាស៊ីអាគ្នេយ៍

    BY Khmernote Media December 20, 2022
    ចំបាប់កម្ពុជាឈ្នះមេដាយ១៩គ្រឿង ក្នុងឋានៈម្ចាស់ផ្ទះ ជើងឯកអាស៊ីអាគ្នេយ៍

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងឋានៈម្ចាស់ផ្ទះការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ អត្តពលិកកីឡាចំបាប់កម្ពុជា ឈរនៅចំណាត់ថ្នាក់លេខ៣ ក្នុងចំណោម៧ប្រទេស ជាមួយមេដាយសរុប ១៩គ្រឿង បន្ទាប់ពីដំណើរការដោយជោគជ័យរយៈពេល៣ថ្ងៃ ១៦-១៨ ខែធ្នូ ឆ្នាំ២០២២ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

    មេដាយសរុប១៩គ្រឿងរបស់ចំបាប់កម្ពុជា មានមេដាយមាស ៣គ្រឿង ប្រាក់៦ និងសំរឹទ្ធ១៣គ្រឿង ខណៈវៀតណាមឈរលេខ១ ជាមួយមេដាយច្រើនលើសលប់រហូតដល់ ៣០គ្រឿង ក្នុងនោះមាស ១៨ ប្រាក់ ១១ និងសំរឹទ្ធ១។ រីឯ ឥណ្ឌូណេស៊ី ឈរលេខ២ មេដាយមាស ៦ ប្រាក់៩ និងសំរឹទ្ធ៣។

    ថ្លែងក្រោយបញ្ចប់ព្រឹត្តិការណ៍ដែលបញ្ចប់ដោយជោគជ័យ ក្រោមស្នាមញញឹមនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងជាប្រធានសហព័ន្ធកីឡាចំបាប់អាស៊ីអាគ្នេយ៍បានវាយវាយតម្លៃខ្ពស់ ចំពោះការខិតខំរៀបចំការប្រកួតចំបាប់អន្តរជាតិ ជាលើកដំបូងប្រកបដោយរលូន ដើម្បីត្រៀមឆ្ពោះទៅស៊ីហ្គេម ២០២៣។

    លោក ខេស៊ី បាណេត អះអាងថា មេដាយសរុប១៩គ្រឿងរបស់ប្រភេទកីឡាចំបាប់កម្ពុជា នាពេលនេះ ជាចំនួនមេដាយច្រើនបំផុត ក្នុងប្រវត្តិប្រកួតអាស៊ីអាគ្នេយ៍ កន្លងមក។ បន្ថែមពីលើនេះ បណ្តាប្រទេសអាស៊ីអាគ្នេយ៍ចូលរួមនៅកម្ពុជាទាំងអស់បានកោតសរសើរយ៉ាងខ្លាំងចំពោះការរៀបចំ បដិសណ្ឋារកិច្ច និងការប្រកួត ប្រកបដោយលក្ខណៈល្អប្រសើរ និងយុត្តិធម៌។ លទ្ធផលជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២នេះ គឺល្អមែនទែន។

    បើពិនិត្យមើលលើការប្រកួតរបស់កីឡាករ កីឡាការិនីកម្ពុជាក៏មានសិទ្ធផលកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ដែលនេះជាក្តីសង្ឃឹមកាន់តែច្រើនផងដែរ ក្នុងពេលកម្ពុជាធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ផងដែរ។ ជាមួយគ្នានេះ សម្រាប់ការគ្រប់គ្រងរៀបចំការប្រកួតនេះមានលក្ខណៈល្អប្រសើរ ដែលជាការត្រៀមខ្លួនដ៏ល្អ នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣ ខណៈពេលនេះកម្ពុជាមានមន្ត្រីរៀបចំការប្រកួតអន្តរជាតិ មានមន្ត្រីគ្របគ្រងប្រព័ន្ធព័ត៌មានវិទ្យា ដូច្នេះពីពេលតទៅរហូតដល់ មុនស៊ីហ្គេម ២០២៣ ដែលអាចដំណើរការរៀបចំប្រកបដោយភាពរលូន។

    លោកបានបន្ថែមថា៖ «គ្រប់ការងារទាំងអស់ គឺមិនអាចល្អឥតខ្ចោះនោះទេ ពោលគឺតែងតែមានការខ្វះចន្លោះតិចតួច ដោយចៀសមិនផុត។ អ្វីដែលជាបញ្ហានេះ គឺការចុះឈ្មោះរបស់កីឡាករ កីឡាការិនីចូលរួមប្រកួតនេះមានលក្ខណៈយឺតយ៉ាវ បន្តិច ដើម្បីចុះបញ្ជីត្រៀមដឹកជញ្ជូន ការហូបចុក ស្នាក់នៅ រួមទាំងបញ្ជូលក្នុងវិញ្ញាសាប្រកួតជាដើម»។ ដល់ពេលស៊ីហ្គេម ២០២៣ យើងតម្រូវឱ្យមានការចុះឈ្មោះ១ខែមុន»។

    លោក ខេស៊ី បាណេត គូសបញ្ជាក់ទៀតថា បន្ថែមពីលើនេះសហព័ន្ធកីឡាចំបាប់កម្ពុជានឹងបន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការបង្កើនគុណភាពបច្ចេកទេសរបស់អត្តពលិកកម្ពុជាដោយត្រៀមបញ្ជូនទៅហ្វឹកហាត់នៅប្រទេសចិន និងនៅប្រទេសអ៊ីរ៉ង់ ដោយប្រទេសទាំងពីរនេះមានសក្តានុពលខ្ពស់ លើប្រភេទកីឡាចំបាប់ ហើយក្នុងនាមជាម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣ ចំបាប់កម្ពុជាមានក្តីសង្ឃឹមថានឹងអាចដណ្តើមបានមេដាយកាន់តែច្រើន៕

    ប្រភព៖ ក្រសួងព័ត៌មាន​

    Share This Post: