យុទ្ធនាការបញ្ឈប់ការជួញដូរសាច់ឆ្កែ និងឆ្មារបស់អង្គការ FOUR PAWS បានរៀបចំកិច្ចប្រជុំថ្នាក់ជាតិជាមួយភាគីពាក់ព័ន្ធនៅប្រទេសវៀតណាម
- BY
- Naren
- December 20, 2022

(ប្រទេសវៀតណាម)៖ នាថ្ងៃទី៨ ខែធ្នូ នាពេលកន្លងទៅនេះ យុទ្ធនាការបញ្ឈប់ការជួញដូរសាច់ឆ្កែ និងឆ្មា ( រៀបចំដោយអង្គការ FOUR PAWS ដែលអង្គការអន្តរជាតិផ្នែកសុខុមាលភាពសត្វពិភពលោក បានរៀបចំកិច្ចប្រជុំថ្នាក់ជាតិជាមួយភាគីពាក់ព័ន្ធ ដើម្បីពិភាក្សាអំពីផលប៉ះពាល់នៃការជួញដូរសាច់ឆ្កែ និងឆ្មានៅក្នុងប្រទេសវៀតណាមចំពោះសុខភាពសាធារណៈ សុខុមាលភាពសត្វ និងវិស័យទេសចរណ៍នៅក្នុងប្រទេស។
នៅក្នុងសិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីតំណាងវិទ្យាស្ថានជាតិអនាម័យ និងរោគរាតត្បាតនៃប្រទេសវៀតណាម អគ្គនាយកដ្ឋានថ្នាំបង្ការនៃក្រសួងសុខាភិបាល គណៈកម្មាធិការប្រជាជនទីក្រុងហួយអាន អនុនាយកដ្ឋានបសុព្យាបាល និងបសុព្យាបាលខេត្ត Ha Tinh គណៈប្រតិភូសហគមន៍អឺរ៉ុបប្រចាំនៅវៀតណាម បណ្តាញសាកលវិទ្យាល័យសុខភាពរបស់វៀតណាម (VOHUN) មូលនិធិសត្វអាស៊ី មូលនិធិ Soi Dog និងភាគីពាក់ព័ន្ធផ្សេងទៀត។

វាគ្មិនសំខាន់ៗក្នុងកិច្ចប្រជុំ រួមមានសាស្រ្តាចារ្យ Dau Ngoc Hao ដែលមកពីសមាគមពេទ្យសត្វវៀតណាម សាស្ត្រាចារ្យ Su Thanh Long សាស្ត្រាចារ្យ Bui Khanh Linh មកពីសាកលវិទ្យាល័យកសិកម្មជាតិវៀតណាម បណ្ឌិត Nguyen Manh Ha មកពីមជ្ឈមណ្ឌលអភិរក្ស និងអភិវឌ្ឍន៍ធម្មជាតិ ព្រមទាំងក្រុមហ៊ុនទេសចរណ៍ Abercrombie និង Kent Luxury និង EXO និងសារព័ត៌មានក្នុងស្រុកជាច្រើនផងដែរ។
បទបង្ហាញផ្តោតសំខាន់លើប្រធានបទផលប៉ះពាល់សុខភាពសាធារណៈ និងទេសចរណ៍ដែលកើតចេញពីការជួញដូរសាច់ឆ្កែ និងឆ្មា និងការកិច្ចខិតខំប្រឹងប្រែងក្នុងតំបន់ និងប្រទេសក្នុងប្រឆាំងនឹងការជួញដូរសាច់ឆ្កែ និងឆ្មា។ ខ្លឹមសារនៃកិច្ចប្រជុំនេះ រួមមានព័ត៌មានសំខាន់ៗ ដែលជាគំនិតផ្តួចផ្តើមរួមគ្នារវាងគណៈកម្មាធិការប្រជាជនទីក្រុងហួយអាន និងអង្គការ FOUR PAWS ដើម្បីបញ្ឈប់ការជួញដូរសាច់ឆ្កែ និងឆ្មាចេញពីទីក្រុងនេះ។
កិច្ចពិភាក្សាត្រូវបានធ្វើឡើងក្នុងចំណោមភាគីពាក់ព័ន្ធ ដើម្បីពិភាក្សាអំពីទិដ្ឋភាពផ្សេងៗនៃការជួញដូរ និងស្នើដំណោះស្រាយផ្សេងៗ ដែលប្រទេសវៀតណាមគួរតែចាត់វិធានការ ដើម្បីកាត់បន្ថយហានិភ័យផ្សេងៗដែលបង្កឡើងដោយការជួញដូរទាំងនេះចំពោះប្រជាជនរបស់ខ្លួន។ ជាពិសេស ចំណុចសំខាន់ក្នុងការពិភាក្សា នោះគឺមានការព្រមព្រៀងគ្នាក្នុងចំណោមអ្នកចូលរួមជាច្រើន រួមទាំងអ្នកជំនាញក្នុងវិស័យនេះថា ការលុបបំបាត់ជំងឺឆ្កែឆ្កួតនឹងមានការលំបាកខ្លាំងណាស់ ប្រសិនបើមិនមានវិធានការលុបបំបាត់ការជួញដូរសាច់ឆ្កែ និងឆ្មានេះទេ។
ភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួម រួមមានរដ្ឋាភិបាលវៀតណាម បានធ្វើការរួមគ្នា ដើម្បីវាយតម្លៃពីហានិភ័យនៃការជួញដូរសាច់ឆ្កែ និងឆ្មា និងហានិភ័យសុខភាពសាធារណៈដែលពាក់ព័ន្ធ ហើយក៏មានការស្នើឱ្យអនុវត្តដំណោះស្រាយរយៈពេលខ្លី និងសកម្មភាពគោលនយោបាយដែលត្រូវចាត់វិធានការដើម្បីដោះស្រាយហានិភ័យទាំងនេះ។ អ្នកចូលរួម ក៏បានកោតសរសើរចំពោះការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់អាជ្ញាធរទីក្រុងហួយអាន និងទីក្រុងហាណូយ ដើម្បីដោះស្រាយហានិភ័យនៃការជួញដូរ និងបានផ្តល់អនុសាសន៍សកម្មភាពស្រដៀងគ្នានេះនៅក្នុងទីក្រុង និងខេត្តផ្សេងៗទៀតនៃប្រទេសវៀតណាម។

វេជ្ជបណ្ឌិត Karan Kukreja ប្រធានយុទ្ធនាការនៃការបញ្ឈប់ការជួញដូរសាច់ឆ្កែ និងឆ្មានៅតំបន់អាស៊ីអាគ្នេយ៍ (សត្វចិញ្ចឹម) ពីអង្គការ FOUR PAWS អន្តរជាតិ បាននិយាយថា «យើងពិតជាមានកិត្តិយសក្នុងការរៀបចំកិច្ចប្រជុំមួយនេះ ដែលនេះជាលើកដំបូងហើយនៅក្នុងប្រទេសវៀតណាម ដើម្បីពិភាក្សាអំពីទស្សនៈទាក់ទងនឹងការជួញដូរសាច់ឆ្កែ និងឆ្មា។ បទបង្ហាញ និងកិច្ចពិភាក្សានេះច្បាស់ណាស់ គឺត្រូវបានរៀបចំ ឡើង ដើម្បីជំរុញ និងប្រមូលការគាំទ្រប្រឆាំងនឹងការជួញដូរសាច់សត្វឆ្កែ និងសត្វឆ្មា ។ ជាមួយគ្នានេះ យើងក៏កំពុងតែធ្វើយុទ្ធនាការនេះ ដើម្បីបញ្ឈប់ការជួញដូរសាច់ឆ្កែនៅកម្ពុជា ហើយយើងក៏កំពុងមើលឃើញការផ្លាស់ប្តូរនៅទីនោះផងដែរ។ ជាក់ស្ដែង អាជ្ញាធរខេត្តសៀមរាបបានហាមឃាត់ការជួញដូរសាច់ឆ្កែ តាំងពីពាក់កណ្តាលឆ្នាំ ២០២២ មកម្ល៉េះ ហើយបានអនុវត្តច្បាប់ និងរឹបអូសការដឹកជញ្ជូនសាច់ឆ្កែនៅឆ្នាំ២០២១ និងការដឹកជញ្ជូនសាច់ឆ្កែដ៏ធំមួយនៅឆ្នាំ២០២២។ ដូចគ្នាទៅនឹងជនជាតិវៀតណាមដែរ ប្រជាជនកម្ពុជាក៏ចង់បានវិធានការច្បាប់ប្រឆាំងនឹងអំពើឃោរឃៅនៃការជួញដូរនេះនៅក្នុងប្រទេសរបស់ពួកគេផងដែរ។ លើសពីនេះ ប្រជាជនកម្ពុជារាប់ម៉ឺននាក់បានបង្ហាញការប្រឆាំងនឹងការជួញដូរនេះតាមរយៈការចុះហត្ថលេខាលើញត្តិគាំទ្ររបស់យើង ហើយក្រុមហ៊ុនទេសចរណ៍ជាច្រើនក៏បានចូលរួមជាមួយយើង ដើម្បីស្នើសុំឱ្យមានការបញ្ឈប់ការជួញដូរទាំងនេះផងដែរ។ យើងពិតជារីករាយខ្លាំងណាស់ ដែលបានទទួលបានផលវិជ្ជមានជាច្រើនពីយុទ្ធនាការទាំងនេះ ប៉ុន្តែអ្វីដែលយើងត្រូវការជាចុងក្រោយ នោះគឺការហាមឃាត់ទូទាំងប្រទេសលើការជួញដូរសាច់ឆ្កែ និងឆ្មា ទាំងនៅក្នុងប្រទេសកម្ពុជា និងវៀតណាមជាបន្តទៀត។»
«ដូចដែលយើងបានឃើញក្នុងបទបង្ហាញនៃការជួញដូរសាច់ឆ្កែ និងឆ្មា បានបង្ហាញពីហានិភ័យផ្សេងៗ ដូចជាហានិភ័យជំងឺឆ្កែឆ្កួតដោយផ្ទាល់ និងដោយប្រយោល ហានិភ័យនៃជំងឺរាតត្បាតផ្សេងៗកើតចេញពីការជួញដូរទាំងនេះ ដែលវាជាកត្តាមួយដល់ការកើតឡើងនៃមេរោគថ្មីៗ។ វាដល់ពេលសម្រាប់ធ្វើសកម្មភាពប្រឆាំងនឹងការជួញដូរនេះ អង្គការ FOUR PAWS និងដៃគូរបស់ខ្លួនកំពុងតែត្រៀមខ្លួនជាស្រេច ដើម្បីជួយដល់ផលប្រយោជន៍សុខភាពសាធារណៈ និងសុខុមាលភាពសត្វ។»
លោក ប៊ន ប៊ុនឈាង ទីប្រឹក្សាយុទ្ធនាការនៅតំបន់អាស៊ីអាគ្នេយ៍ពីអង្គការ FOUR PAWS បានបន្ថែមទៀតថា «យើងទទួលបានសារជាប្រចាំពីប្រជាជនកម្ពុជា ដែលបានស្នើសុំឱ្យមានការចាត់វិធានការប្រឆាំងនឹងការជួញដូរសាច់សត្វទាំងនេះ។ សាធារណជន បានទាក់ទងមកកាន់យើងតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមដោយជូនដំណឹងអំពីសកម្មភាពការជួញដូរសាច់ឆ្កែ និងឆ្មា និងស្នើសុំឱ្យយើងធ្វើការងារនេះជាមួយរាជរដ្ឋាភិបាល ដើម្បីហាមឃាត់នូវការជួញដូរទាំងនេះជារៀងរហូត និងប្រកបដោយប្រសិទ្ធភាពខ្ពស់។ យោងតាមការស្រាវជ្រាវអង្គការ FOUR PAWS ក្នុងឆ្នាំ២០២២ មានតែប្រជាពលរដ្ឋ ១២% ប៉ុណ្ណោះនៃប្រជាជនកម្ពុជា ដែលបរិភោគសាច់ឆ្កែជាទៀងទាត់ ហើយការស្រាវជ្រាវនៅឆ្នាំ២០២១ បានបង្ហាញថា ៩០% នឹងគាំទ្រការហាមឃាត់លើការជួញដូរនេះ។ សំឡេងប្រឆាំងនឹងការជួញដូរនេះ កំពុងកើនឡើងជាបន្តបន្ទាប់នៅទូទាំងប្រទេសកម្ពុជា។ ការជួញដូរសាច់ឆ្កែ និងឆ្មា ផ្តល់ផលប្រយោជន៍តិចតួចណាស់ ផ្ទុយទៅវិញ វាបង្កហានិភ័យដល់សុខភាពសាធារណៈ និងវិស័យទេសចរណ៍។ យើងសូមកោតសរសើរចំពោះអាជ្ញាធរខេត្តសៀមរាបចំពោះការសម្រេចចិត្តជាប្រវត្តិសាស្ត្រប្រឆាំងនឹងការជួញដូរនេះ និងធ្វើជាគំរូសម្រាប់ខេត្តផ្សេងទៀតក្នុងប្រទេសកម្ពុជា។ ខ្ញុំជឿជាក់ថា តាមរយៈការធ្វើរួមការងារជាមួយរាជរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល វិស័យឯកជន និងសហគមន៍មូលដ្ឋាន យើងអាចបញ្ឈប់ការជួញដូរសាច់ឆ្កែនេះបាន។ សកម្មភាពជាច្រើនទៀត នឹងត្រូវបានបន្តអនុវត្ត ដើម្បីប្រឆាំងនឹងការជួញដូរនេះនៅកម្ពុជា និងវៀតណាម។»

លោក Robert Rankin នាយកប្រចាំប្រទេសនៃក្រុមហ៊ុន Abercrombie និង Kent បានសង្កត់ធ្ងន់ថា «អ្នកទេសចរណ៍មិនចូលចិត្តភាពឃោរឃៅចំពោះសត្វនោះទេ ហើយជាពិសេសពួកគេក៏មិនចូលចិត្តការជួញដូរសាច់ឆ្កែ និងឆ្មានេះដែរ។ ការជួញដូរសាច់ឆ្កែ និងឆ្មា គឺជាសកម្មភាពដែលបង្ហាញឱ្យឃើញនៅក្នុងការរីករាលដាលនៃជំងឺ ដែលធ្វើឱ្យយើងកាន់តែពិបាកសម្រាប់យើងក្នុងនាមជាប្រតិបត្តិការទេសចរណ៍ក្នុងការលើកកម្ពស់ប្រទេសវៀតណាមជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព អរិយធម៌ ការស្វាគមន៍ និងទំនើប។ ក្រុមហ៊ុន Abercrombie និង Kent ប្រចាំប្រទេសវៀតណាសម គាំទ្រនូវការហាមឃាត់ការជួញដូរសាច់ឆ្កែ និងឆ្មា រួមជាមួយនឹងប្រតិបត្តិករទេសចរណ៍ជាច្រើនដែលបានចុះហត្ថលេខាលើការសន្យារបស់អង្គការ FOUR PAWS ដែលគាំទ្រដល់ការបញ្ឈប់ការជួញដូរសាច់សត្វទាំងនេះ។»

លោកសាស្រ្តាចារ្យ Dau Ngoc Hao ក៏បានធ្វើអត្ថាធិប្បាយផងដែរថា «ដោយការពិចារណាលើព័ត៌មានដែលយើងបានឃើញ ការជួញដូរសាច់ឆ្កែ និងឆ្មាបង្កហានិភ័យជាច្រើន និងមានអត្ថប្រយោជន៍តិចតួច។ ការខិតខំប្រឹងប្រែង ត្រូវតែធ្វើឡើងដើម្បីសិក្សា និងដោះស្រាយបញ្ហានៃការជួញដូរសាច់ឆ្កែ និងឆ្មា។ កិច្ចប្រជុំថ្ងៃនេះ គឺជាជំហានឆ្ពោះទៅមុខដ៏អស្ចារ្យ ប៉ុន្តែវាមានសារៈសំខាន់ដែលយើងទាំងអស់គ្នាត្រូវធ្វើការរួមគ្នាដើម្បីការពារប្រជាជនវៀតណាម និងសុខភាពសាធារណៈ ក៏ដូចជាសហគមន៍អន្តរជាតិពីហានិភ័យសុខភាពនៃពាណិជ្ជកម្ម។»
អង្គការ FOUR PAWS នឹងបន្តធ្វើការជាមួយភាគីពាក់ព័ន្ធក្នុងវិស័យនេះបន្ថែមទៀត ដើម្បីដោះស្រាយហានិភ័យនៃការជួញដូរសាច់ឆ្កែ និងឆ្មានៅក្នុងប្រទេសកម្ពុជា វៀតណាម និងឥណ្ឌូនេស៊ី។ ដើម្បីគាំទ្រយុទ្ធនាការរបស់យើង សូមចុះឈ្មោះនៅតំណភ្ជាប់ នេះ៖ http://bit.ly/MI_EndDCMT_KH_CPC57
FOUR PAWS ធ្វើការនៅក្នុងប្រទេសកម្ពុជា វៀតណាម និងឥណ្ឌូនេស៊ីជាមួយអាជ្ញាធរថ្នាក់ជាតិ និងអាជ្ញាធរមូលដ្ឋាន ដៃគូសហការ និងអ្នកពាក់ព័ន្ធផ្សេងទៀតសម្រាប់ការបញ្ឈប់ជារៀងរហូតនៃការជួញដូរសាច់ឆ្កែ និងឆ្មា។ សម្រាប់ព័ត៌មានបន្ថែមអំពីការងាររបស់យើង សូមចូលទៅកាន់៖ https://dogcatmeat.kh.four-paws.org/
ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីការងាររបស់យើង សូមតាមដាន៖ https://www.facebook.com/fourpaws.kh/








- Share This Post:






