ប្រតិភូកីឡាឃីកបុកស៊ីងកម្ពុជាវិលត្រឡប់មកដល់មាតុប្រទេសវិញ ក្រោយដណ្តើមបានមេដាយ១២គ្រឿង ពីជើងឯកអាស៊ី នៅប្រទេសថៃ
រាជធានីភ្នពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ប្រតិភូកីឡាករ កីឡាការិនីឃីកបុកស៊ីងកម្ពុជាបានវិលត្រឡប់មកដល់មាតុប្រទេសវិញប្រកបដោយស្នាម ញញឹម និងមោទកភាពជាតិ នៅល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ក្រោយដណ្តើមបានមេដាយ១២គ្រឿងជូនជាតិពីព្រឹត្តិការណ៍ប្រកួតកីឡាឃីកបុកស៊ីងជើងឯកអាស៊ី ឆ្នាំ២០២២ នៅប្រទេសថៃ។

ថ្លែងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្តម ហេង សុឃន ប្រធានសហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជាគូស បញ្ជាក់ថា ការប្រកួតកីឡាឃីគបុកស៊ីងជ្រើសរើសជើងកអាស៊ី ឆ្នាំ២០២២ ដែលជម្រុះនៅសល់១៨ប្រទេសក្នុងទ្វីបអាស៊ី គឺមានកីឡាករមកពីប្រទេសអ៊ីរ៉ង់មានរហូតដល់ ៧០នាក់ អ៊ីរ៉ាក់ ៥០នាក់ រួមទាំងបណ្តាប្រទេសរីកចម្រើនខ្លាំងៗ ក្នុងវិស័យកីឡាឃីគបុកស៊ីងក៏បានចូលរួមប្រកួតប្រជែងផងដែរ។ ឯកឧត្តមបន្តថាក្រោមការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC បានឱ្យសហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជាបានបញ្ជូនកីឡាករ កីឡាការិនីជម្រើសជាតិឃីកបុកស៊ីងចំនួន ១៧នាក់ ខណៈការប្រកួតផ្លូវការបានត្រឹម១៦នាក់ ដោយសារវិញ្ញាសាទម្ងន់ ៤៨គីឡូក្រាមមិនមាន។ ឯកឧត្តមបញ្ជាក់ថា ការប្រកួតគ្រប់វិញ្ញាសាទាំងអស់មានភាពតឹងតែខ្លាំងណាស់ ទាំងពេលពិនិត្យសុខភាព ថ្លឹងទម្ងន់ គឺគណៈកម្មការបច្ចេកទេសយកចិត្តទុកដាក់ខ្ពស់ណាស់ រីឯកីឡាករសុទ្ធសឹងតែខ្លាំងៗ។
ដោយ ឡែកកីឡាករកម្ពុជាបានត្រៀមខ្លួនរួចរាល់ រួមទាំងឆន្ទៈការប្រកួតដ៏មោះមុត ដើម្បីកិត្តិយសជាតិ ជាពិសេសយកព្រឹត្តិការណ៍នេះជាការពង្រឹងគុណភាពឱ្យកាន់តែរឹងមាំ ឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ ជាមួយគ្នានេះ ជាសមិទ្ធផលដ៏ធំធេងជូនជាតិ គឺកីឡាករ កីឡាការិនីឃីកបុកស៊ីងកម្ពុជាដណ្តើមបានមេដាយមាស ២ ប្រាក់៥ និងសំរឹទ្ធ៥ ខណៈម្ចាស់ផ្ទះ ថៃ ដែលជារៀបចំព្រឹត្តិការណ៍ទាំងមូល គឺទទួលបានមេដាយសរុប ៦ ក្នុងនោះមេដាយាសមាស២ និងប្រាក់៤ (តែកីឡាការិនី) រីឯវៀតណាម ដណ្តើមបានមេដាយ៤ គឺមាស២ និងប្រាក់២ (តែកីឡាការិនី)។
ឯកឧត្តមប្រធានសហព័ន្ធអះអាងថា ជ័យជម្នះជាមេដាយទាំងនេះ គឺកើតចេញពីគុណភាពល្អខ្លាំងរបស់កីឡាករ កីឡាការិនីកម្ពុជា ដោយបានឆ្លងកាត់ការប្រកួតជម្រុះជាមួយកីឡាខ្លាំងៗរបស់អ៊ីរ៉ាក់ ជាពិសេសគឺកម្ពុជាបានឈ្នះការប្រកួតម្ចាស់ផ្ទះ ថៃ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ៣នាក់ ដោយនេះគឺជាការប្រកួតដ៏ស្វិតស្វាញបំផុត ដោយសារប្រទេសអភិវឌ្ឍន៍ខ្លះគេដើរមុនយើង៣០ឆ្នាំ លើវិស័យកីឡានេះ។
ឯកឧត្តមបានបន្ថែមថា ជ័យជម្នះនេះគឺរួមបញ្ជូលធាតុផ្សំសំខាន់ៗជាច្រើន ដូចជាការឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា, NOCC, គណៈកម្មាធិការជាតិ CAMSOC ក្រោមការមើលថែយ៉ាងយកចិត្តទុកដាក់ក្នុងការហ្វឹកហាត់ត្រៀមយ៉ាងខ្លាំងពីឯកឧត្តម តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ និងជាប្រធានកិត្តិយសសហព័ន្ធឃីកបុកស៊ីង ដែលប្រភេទកីឡាឃីកបុកស៊ីងកែច្នៃធន ធានកីឡាករ កីឡាការិនីចេញពីប្រដាល់គុនខ្មែរ។
ឯកឧត្តម ហេង សុឃន បានបង្ហាញក្តីរីករាយយ៉ាងខ្លាំង និងសូមគោរពការដឹងគុណដ៏ខ្ពង់ខ្ពស់ចំពោះសម្តេចពិជ័យសេនា ទៀ បាញ់ ដែលផ្តល់ការគាំទ្រអនុញ្ញាតឱ្យកីឡាករ កីឡាការិនី និងមន្ត្រីបច្ចេកទេស៤នាក់បានចូលរួមប្រកួតប្រជែងមេដាយ និងដកស្រង់បទពិសោធ ដើម្បីត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣។ ពេលនេះ ប្រភេទកីឡាឃីកបុកស៊ីងកម្ពុជាបានត្រៀមខ្លួនរួចរាល់អស់ហើយទាំងធនធានកីឡាករ កីឡាការិនីជម្រើសជាតិ និងធនធានមន្ត្រីបច្ចេកទេស ត្រៀមស៊ីហ្គេម ២០២៣ ប្រកបដោយក្តីជឿជាក់៕



ប្រភព៖ ក្រសួងព័ត៌មាន