ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងដោះស្រាយតាមវិធានការច្បាប់ ចំពោះករណីវាយកម្ទេចកុដិបុរាណចំនួន៣ ក្នុងបរិវេណវត្តឧណ្ណាលោម
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នោថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ករណីនៃការវាយកម្ទេចកុដិបុរាណចំនួន ៣ ក្នុងបរិវេណវត្តឧណ្ណាលោម។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមជម្រាបជូន ដល់សាធារណជនទាំងអស់ មេត្តាជ្រាបថា ករណីនៃ ការវាយកម្ទេចកុដិបុរាណចំនួន០៣(លេខ៤៣,៤៤ និង៤៥) ដែលបានកសាងនាកំឡុងឆ្នាំ១៩៣០ ក្នុងបរិវេណវត្ត ឧណ្ណាលោម រហូតដល់បាត់បង់រូបភាពដើមទាំងស្រុងកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២កន្លងមកនេះ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនឹងសហការជិតស្និទ្ធជាមួយអាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធដើម្បីធ្វើការស៊ើបអង្កេត និងដោះស្រាយតាមវិធានការច្បាប់ ដោយរក្សាទីតាំងនោះពុំឲ្យមានការសាងសង់សំណង់អ្វីថ្មី រហូតដល់នីតិវិធីនានាដែលមាន ជាធរមានត្រូវបានដោះស្រាយបញ្ចប់រួចរាល់។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់ ជ្រាបជាព័ត៌មាន៕
កិច្ចការពារបេតិកភណ្ឌវប្បធម៌ គឺជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប!
