កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បំបែកសំណុំរឿងជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំសរុបជាង ១តោន ឃាត់ខ្លួនជនសង្ស័យចំនួន ១០នាក់
ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា កងរាជអាវុធហត្ថខេត្តព្រះសីហនុ បំបែកសំណុំរឿងជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំមួយករណីនៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ឃាត់ខ្លួនជនសង្ស័យប្រុស ស្រីចំនួន១០នាក់ ក្នុងនោះមានជនជាតិខ្មែរចំនួន ២នាក់ និងជនជាតិចិនចំនួន ៨នាក់ រឹបអូសបានគ្រឿងញៀនសរុបចំនួនជាង១តោន, សារធាតុគីមីផ្សំចំនួន ៥០០ក្រាម, សារធាតុគីមីចំនួនជាង ៣៥គីឡូក្រាម និងសារធាតុពាក់ពន្ធ័ផ្សេងទៀតចំនួន ៤៤៨ក្រាម។

លោកឧត្តមសេនីយ៌ត្រីហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំមួយករណីនេះធ្វើឡើងនៅគោលដៅចំនួន៨ ក្នុងក្រុងព្រះសីហនុនិងស្រុកព្រៃនប់ខេត្តព្រះសីហនុ ក្រោមបទបញ្ជាពីឯកឧត្តមនាយឧត្តមសេនីយ៌សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តមគួច ចំរើន អភិបាលខេត្ត ក្នុងនាមប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដោយមានកិច្ចសហការពីអាជ្ញាធរពាក់ពន្ធ័និងសម្របសម្រួលផ្លូវច្បាប់ពីស្ថាបន័អយ្យការអមសាលាដំបូងខេត្ត ឈានដល់ឃាត់ខ្លួនបានជនសង្សយ័ទាំង១០នាក់និងវត្ថុតាង ហើយបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តនឹងបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសនៅថ្ងៃត្រង់ថ្ងៃ២១ ខែធ្នូ ឆ្នាំ២០២២នេះ។ បើតាមលោកឧត្តមសេនីយ៌ត្រីហេង ប៊ុនទី បញ្ជាក់ថា ក្រុមជនសង្សយ័បានផ្តល់ចម្លើយសារភាពថា គ្រឿងញៀន និងសារធាតុញៀនជាង១តោននេះ គឺពួកគេបម្រុងដឹកយកទៅជួញដូរនៅប្រទេសទី៣។
ក្នុងនាមប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ឯកឧត្តមគួច ចំរើន បានកោតសរសើរនិងលើកទឹកចិត្តដល់សមត្ថកិច្ច អាជ្ញាធរពាក់ពន្ធ័ក៏ដូចជាស្ថាបន័តុលាការដែលសហការបង្ក្រាបបានបទល្មើសមួយនេះ៕





ប្រភព៖ លោក Huy Bunleng News