លោកទូតជប៉ុន អរគុណ និងជម្រាបលា ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្មួយៗ ទាំងអស់គ្នា ក្នុងឱកាសបញ្ចប់បេសកកម្មការទូតនៅកម្ពុជា (មានវីដេអូ)
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា លោកទូតជប៉ុន សូមអរគុណ និងជម្រាបលា ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្មួយៗ ទាំងអស់គ្នា ក្នុងឱកាសបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។ លោកទូត បានមានប្រសាសន៍ថា ប្រជាជនកម្ពុជាជាទីគោរពរាប់អាន។ ខ្ញុំនឹងចាកចេញពីប្រទេសកម្ពុជាថ្ងៃនេះ ជាមួយនឹងការចងចាំល្អៗជាច្រើន។ សូមអរគុណសម្រាប់ការគាំទ្រការងាររបស់ខ្ញុំរយៈពេល ៣ឆ្នាំ ៤ខែនៅក្នុងប្រទេសកម្ពុជា។ ខ្ញុំសូមរំលឹកពីអាណត្តិរបស់ខ្ញុំដោយក្តីដឹងគុណយ៉ាងស្មោះចំពោះប្រជាជនកម្ពុជា។

ខ្ញុំបានចាប់ផ្តើមបេសកកម្មរបស់ខ្ញុំនៅខែកញ្ញា ឆ្នាំ២០១៩។ ទោះបីជាមានការប្រឈមនៃវិបត្តិកូវីដ-១៩ ប៉ុន្តែខ្ញុំជឿជាក់ថា ទំនាក់ទំនងជប៉ុន-កម្ពុជាបានរីកចម្រើនយ៉ាងប្រសើរ នៅគ្រប់កម្រិតចាប់ពីដំណើរទស្សនកិច្ចថ្នាក់កំពូលរហូតដល់ការផ្លាស់ប្តូរថ្នាក់មូលដ្ឋានលើគ្រប់វិស័យ។ ឆ្នាំនេះ នាយករដ្ឋមន្ត្រីនៃប្រទេសយើងទាំងពីរ ឯកឧត្តម គីស៊ិដា ហ្វូមិអ៊ុ និងសម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាគ្នាចំនួនបួនដងនៅក្នុងប្រទេសកម្ពុជា និងប្រទេសជប៉ុន ហើយកាលពីខែមុនបានប្រកាសថានឹងតំឡើងទំនាក់ទំនងទ្វេភាគីទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” នៅឆ្នាំក្រោយ ដែលជាឆ្នាំខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសយើងទាំងពីរ។
ក្នុងនាមជាឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ខ្ញុំសូមកោតសរសើរចំពោះសមិទ្ធិផលដ៏អស្ចារ្យរបស់ ប្រជាជនកម្ពុជា ទោះបីជាប្រទេសជាតិត្រូវបានបំផ្លិចបំផ្លាញដោយសារសង្គ្រាមស៊ីវិល ហើយខ្ញុំរីករាយដែលប្រទេសជប៉ុនបានចូលរួមចំណែកក្នុងដំណើរការស្វែងរកសន្តិភាព និងការកសាងប្រទេសឡើងវិញ។ បច្ចុប្បន្ននេះ ទំនាក់ទំនងរវាងកម្ពុជា និងជប៉ុនបាននឹងកំពុងពង្រីកមិនត្រឹមតែផ្នែកជំនួយពីប្រទេសជប៉ុនប៉ុណ្ណោះទេ ថែមទាំងក្នុងវិស័យធុរកិច្ច និងវិស័យផ្សេងៗទៀត ស្របពេលដែលសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើន ហើយសមត្ថភាពរបស់កម្ពុជាកាន់តែប្រសើរឡើង។
ក្នុងពេលកាន់តំណែង ខ្ញុំមានឱកាសបានជួបប្រជាជនកម្ពុជាជាច្រើន និងទទួលបានបទពិសោធន៍ពីវប្បធម៌ខ្មែរតាមរយៈកម្មវិធីជួបជុំ និងព្រឹត្តិការណ៍ផ្សេងៗ ហើយឥឡូវនេះ ខ្ញុំមានការយល់ដឹងកាន់តែច្បាស់អំពីប្រទេស និងប្រជាជនកម្ពុជា បើធៀបនឹងពេលដែលខ្ញុំទើបមកដល់។ ខ្ញុំរីករាយ ដែលជីវភាពរស់នៅរបស់ប្រជាជនបានប្រសើរឡើង ក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ ប៉ុន្តែនៅតែមានការប្រឈមជាច្រើនទៀតនៅខាងមុខ។ ខ្ញុំសូមជូនពរឱ្យប្រទេសកម្ពុជាកាន់តែមានការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យបន្តទៀតឆ្ពោះទៅរកសង្គមមួយដោយមិនទុកអ្នកណាម្នាក់ចោលឡើយ ហើយគ្រប់គ្នាកាន់តែមានសុភមង្គល។
ខ្ញុំសូមជូនពរប្រជាជនកម្ពុជាដោយអស់ពីចិត្ត។ ខ្ញុំនឹងទៅប្រទេសបែលហ្ស៊ិកនាពេលឆាប់ៗនេះក្នុងនាមជាឯកអគ្គរាជទូតនៅទីនោះ ប៉ុន្តែខ្ញុំនឹងបន្តធ្វើជាអ្នកគាំទ្រដ៏ខ្លាំងក្លាម្នាក់សម្រាប់កម្ពុជា និងទំនាក់ទំនងកម្ពុជា-ជប៉ុន។
ខ្ញុំសង្ឃឹមថានឹងជួប លោក លោកស្រី ក្មួយៗម្តងទៀត។ Arigatou Cambodia។ អរគុណកម្ពុជា ! ៕
ប្រភព៖ ក្រសួងព័ត៌មាន