បច្ចេកវិទ្យា

ក្រោយការលក់ធ្លាក់ចុះខាតអស់រាប់ពាន់លានដុល្លារ Apple គ្រោងបញ្ចេញ iPhone កាមេរ៉ា៣នៅឆ្នាំនេះ ដើម្បីស្រង់ដើមមកវិញ

BY
Khmernote Media
January 14, 2019

ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថា គ្រោងនឹងចេញលក់ទូរស័ព្ទ iPhone ស៊េរីថ្មីចំនួន៣ម៉ូឌែលនៅឆ្នាំនេះ។ យោងតាមកាសែត The Wall Street Journal បានរាយការណ៍ថា ក្រុមហ៊ុន Apple នឹងបង្ហាញអ្នកស្នងតំណែងពី iPhone XR ជាមួយអេក្រង់ LCD រួមជាមួយនឹងទូរស័ព្ទពីរម៉ូឌែលផ្សេងទេ។ ទូរស័ព្ទទំនើបរបស់ Apple ដែលនឹងមកដល់នៅចុងឆ្នាំ ២០១៩ នេះ ក៏មានពាក្យចចាមអារ៉ាមថា អាចនឹងបំពាក់មកជាមួយកាមេរ៉ាចំនួន៣គ្រាប់ផងដែរ ហើយដែល Apple អាចនឹងធ្វើបែបនេះចំពោះ iPhone ជំនាន់ក្រោយ ក៏ព្រោះតែបច្ចុប្បន្ននេះស្មាតហ្វូន Android ជាច្រើន ដែលបានបំពាក់កាមេរ៉ា៣គ្រាប់ ហើយក្រុមហ៊ុនខ្លះទៀតក៏បានបំពាក់លើសពី៣គ្រាប់ទៅទៀត។

ការបែកធ្លាយកាលពីសប្ដាហ៍មុនដោយ OnLeaks បានអះអាងថា Apple នឹងណែនាំប្រព័ន្ធប្រតិបត្តិការថ្មីនៅចុងឆ្នាំ ២០១៩។ តែទោះយ៉ាងណាយើងមិនទាន់ហ៊ានសន្និដ្ឋានច្បាស់មួយរយភាគរយនោះទេ ថាតើកាមេរ៉ា៣គ្រាប់ខាងក្រោយរបស់ iPhone ជំនាន់ក្រោយនេះ នឹងអាចលេចចេញរូបរាង ហើយដំណើការមុខងារដោយរបៀបណានោះទេ ។ The Wall Street Journal ក៏បានឲ្យដឹងថា Apple កំពុងពិចារណាថា នឹងប្រើប្រាស់អេក្រង់ប្រភេទ OLED សម្រាប់ម៉ូឌែល iPhone របស់ខ្លួនត្រឹមឆ្នាំ ២០២០ ប៉ុណ្ណោះ ការផ្លាស់ប្ដូរនេះ ទំនងអាចនឹងបង្កើនការលក់ iPhone របស់ក្រុមហ៊ុន Apple នៅឆ្នាំក្រោយ ដែលស្របពេលកំពុងមានការព្រួយបារម្ភជុំវិញការលក់ទូរស័ព្ទ iPhone នៅក្នុងប្រទេសចិន និងទីផ្សារកំពុងអភិវឌ្ឍន៍ដទៃទៀត។ ហើយថ្មីៗនេះ Apple ក៏បានប្រកាសថាក្រុមហ៊ុននឹងខាតបង់ទឹកប្រាក់ចំនួន ៩ពាន់លានដុល្លារ នៅក្នុងការលក់ទូរស័ព្ទ iPhone ក្នុងត្រីមាសចុងក្រោយនេះ៕

អត្ថបទ៖ ឧស្សាហ៍
ប្រភព៖ theverge

Share This Post: