ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ពលរដ្ឋខ្មែរនៅខេត្តសុរិន្ទ មានបំណងចង់រៀបចំការប្រកួតជើងឯកគុនល្បុក្កតោប្រចាំតំបន់ ដែលខ្លួនរស់នៅ នាថ្ងៃអនាគត

    BY Naren December 27, 2022
    ពលរដ្ឋខ្មែរនៅខេត្តសុរិន្ទ មានបំណងចង់រៀបចំការប្រកួតជើងឯកគុនល្បុក្កតោប្រចាំតំបន់ ដែលខ្លួនរស់នៅ នាថ្ងៃអនាគត

    (ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ cambodia2023 បានឱ្យដឹងថា ពលរដ្ឋខ្មែរនៅខេត្តសុរិន្ទ ប្រទេសថៃ បានសម្ដែងសេចក្ដីរីករាយជាខ្លាំង ក្រោយទទួលបានការបណ្ដុះបណ្ដាល ពីមន្ដ្រីជំនាញរបស់សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា និងមានបំណងចង់រៀបចំការប្រកួតជើងឯកប្រចាំតំបន់ ដែលខ្លួនរស់នៅ នាថ្ងៃអនាគត ដើម្បីរួមចំណែកអភិវឌ្ឍ និងអភិរក្សក្បាច់គុនរបស់បុព្វបុរសខ្មែរទៀតផង។

    នេះបើតាមការបញ្ជាក់របស់លោក អ៊ួ តារា អគ្គលេខាធិការរងសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បន្ទាប់ពីឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន សមាជិករដ្ឋសភាព និងជាប្រធានសហព័ន្ធ ក៏ដូចជាឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការសហព័ន្ធ បានចាត់បញ្ជូនរូបលោក ដឹកនាំប្រតិភូ និងគ្រូគុនផ្សេងទៀត ទៅរៀបចំសិក្ខាសាលាស្ដីពីគុនល្បុក្កតោ តបតាមការអញ្ជើញរបស់ពលរដ្ឋខ្មែរនៅខេត្តសុរិន្ទ កាលពីចុងសប្ដាហ៍កន្លងទៅ។

    អគ្គលេខាធិការរងសហព័ន្ធដដែលបានបន្ដថា៖ «នេះគឺជាចំណុចចាប់ផ្ដើមដ៏ល្អ សម្រាប់គុនល្បុក្កតោ ស្របពេលគណៈកម្មាធិការជាតិ CAMSOC បានដាក់បញ្ចូលក្បាច់គុនអត្តសញ្ញាណជាតិនេះ ទៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ពិសេសព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ កាលពីថ្មីៗ ដែលគុនល្បុក្កតោ ត្រូវបានចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការ UNESCO ជាផ្លូវការ»។ «អ៊ីចឹងបងប្អូនយើងនៅតាមបណ្ដាប្រទេសជិតខាង ដូចជាថៃ ដែលមានបងប្អូនខ្មែរ មានការចាប់អារម្មណ៍ និងចង់ថែរក្សានូវសម្បត្តិវប្បធម៌ប្រពៃណីគុនល្បុក្កតោ នៅក្នុងតំបន់ខេត្តសុរិន្ទ គឺពួកយើងរីករាយក្នុងការផ្សព្វផ្សាយ និងចែករំលែកពីក្បាច់គុនរបស់បុព្វបុរសខ្មែរនេះ»។ លោក អ៊ួ តារា បានបញ្ជាក់។

    បន្ទាប់ពីទទួលបានការបង្ហាត់បង្ហាញពីបច្ចេកទេស និងគុណតម្លៃ នៃគុនល្បុក្កតោ បានធ្វើឱ្យពលរដ្ឋខ្មែរនៅខេត្តសុរិន្ទ មានការសប្បាយរីករាយ ប្រកបដោយមោទនភាព ព្រមទាំងមានគម្រោងចង់ចូលរួមហ្វឹកហាត់ និងឈានទៅរៀបចំការប្រកួតនាពេលខាងមុខ។ លោក តារា បន្ថែមថា៖ «ក្រៅពីការចូលរួមសិក្សា ក៏ដូចវគ្គបណ្ដុះបណ្ដាលបច្ចេកទេសខាងលើ ពួកគាត់ក៏មានគោលបំណងចូលរួមហ្វឹកហាត់ និងបណ្ដុះបណ្ដាលគ្រូបង្វឹក អាជ្ញាកណ្ដាល-ចៅក្រម មន្ដ្រីបច្ចេកទេស ដើម្បីពួកគាត់អាចរៀបចំការប្រកួតជ្រើសរើសជើងឯក ក្នុងខេត្តសុរិន្ទបាន នៅថ្ងៃអនាគតទៀតផង»។

    អគ្គលេខាធិការសហព័ន្ធវ័យក្មេង លោក អ៊ួ តារា បានបន្ថែមទៀតថា ការរៀបចំសិក្ខាសាលា ក៏ដូចជាវគ្គបណ្ដុះបណ្ដាលបច្ចេកទេសគុនល្បុក្កតោ ដល់ពលរដ្ឋខ្មែរលើទឹកដីថៃនេះ ក៏ជាការរឹតចំណងមិត្តភាព សាមគ្គីភាព រវាងប្រជាជនកម្ពុជា និងប្រជាជនថៃផងដែរ ព្រោះតាមរយៈការផ្សព្វផ្សាយនេះ បានធ្វើឱ្យប្រជាពលរដ្ឋប្រទេសទាំង២ បានយល់កាន់តែស៊ីជម្រៅ អំពីគុនល្បុក្កតោ និងភាពខុសគ្នា រវាងក្បាច់គុនរបស់បុព្វបុរសខ្មែរមួយនេះ ជាមួយនឹងក្បាច់គុនរបស់ថៃ ឬ Muay Thai៕

    ប្រភព៖cambodia2023

    Share This Post: