សម្ដេចតេជោ ហ៊ុន សែន ទទូចឱ្យក្រសួង និងផ្នែកពាក់ព័ន្ធ ខិតខំពន្លឿនការផ្តល់បណ្ណកម្មសិទ្ធិដីធ្លី និងដោះស្រាយបញ្ហាជូនប្រជាជនដែលរស់នៅជុំវិញបឹងទន្លេសាបឱ្យបានចប់ ក្នុងខែឧសភា ឆ្នាំ២០២៣
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទទូចឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងផ្នែកពាក់ព័ន្ធ ត្រូវខិតខំពន្លឿនការផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីដល់ប្រជាពលរដ្ឋឱ្យបានចប់តាមផែនការគ្រោងទុកនៅឆ្នាំ២០២៣ និងដោះស្រាយបញ្ហាជូនប្រជាជនដែលរស់នៅជាភូមិករ នៅជុំវិញបឹងទន្លេសាប ឱ្យចប់នៅក្នុងខែឧសភា ឆ្នាំ២០២៣នេះផងដែរ ដោយសម្ដេចតេជោបានបញ្ជាក់ថា នេះជាសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ដើម្បីចៀសវាងនៅការកើតឡើងនូវបញ្ហានានាជាបន្តទៀត។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ នឹងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមន្ទីរពិសោធន៍ជាតិសំណង់ នារសៀលថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២២ នៅទីស្ដីការក្រសួងរៀចំដែនដី សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់អនុសាសន៍ ឱ្យបន្តការអនុវត្តផែនការចុះបញ្ជីដី រួមទាំងការចុះបញ្ជីដីរដ្ឋ ដីសាធារណៈរបស់រដ្ឋ ដីសម្បទានសេដ្ឋកិច្ច និងដីសហគមន៍ជនជាតិដើមភាគតិច ដើម្បីធានាសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ដែលជាទុនផ្ដល់ដោយរាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋសម្រាប់រស់នៅ ដាំដុះ និងវិនិយោគ ដើម្បីបង្កើតមុខរបរ និងបង្កើតប្រាក់ចំណូល។ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានលើកឡើងពីការ ត្រូវបន្តលើកទឹកចិត្តឱ្យមានការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅមូលដ្ឋាន ជាពិសេសវិវាទដីធ្លី ដើម្បីពង្រឹងសុត្ថិភាពនៃការកាន់កាប់ បង្កើតភាពសុខសាន្តសុខដុមរមនាសង្គម បង្កភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍសង្គម សេដ្ឋកិច្ចនៅតាមមូលដ្ឋាន និងឈានទៅបង្កើនល្បឿននៃការកាត់បន្ថយភាពក្រីក្រ។
ទន្ទឹមនេះ ត្រូវបន្តពង្រីកវិសាលភាព នៃការអនុវត្តគម្រោងសាងសង់ស្ថានីយ៍វាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណប សម្រាប់ការគ្រប់គ្រងដី និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឱ្យបានទូទាំងប្រទេស។ ត្រូវពង្រឹងការអនុវត្តច្បាប់សំណង់ ទាំងលើការងារសាងសង់ និងការត្រួតពិនិត្យសំណង់ ដើម្បីធានាបង្កើតគុណភាព សុវត្ថិភាព និងសុខុមាលភាពរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណជន។ ទន្ទឹមនោះ ត្រូវបន្តការយកចិត្តទុកដាក់ លើការការពារសំណង់ អគារបេតិកភណ្ឌ និងជំរុញការចុះបញ្ជីទីតាំងតាំង តំបន់ការពារបុរាណដ្ឋានជូនក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានមានប្រសាសន៍ បន្តលើកទឹកចិត្តនិងគាំទ្រគម្រោងសាងសង់លំនៅឋានតម្លៃសមរម្យ សំដៅលើកកម្ពស់សិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការទទួលបានលំនៅឋានសមម្យ។ បន្តការអនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ច ដើម្បីចែកដីជូនប្រជាពលរដ្ឋក្រីក្រ ដែលខ្វះដី និងបន្តអនុវត្តចែកដីនិងផ្ទះជូនកងកម្លាំងប្រដាប់អាវុធ កំពុងឈរជើងនៅតាមព្រំដែន។ សម្ដេចតេជោបានមានប្រសាសន៍ទៀតថា ត្រូវជំរុញការអភិរក្សនៅតំបន់រមនីយដ្ឋានអង្គរ ស្រមគ្នានិងការអភិវឌ្ឍនៅតំបន់អភិវឌ្ឍន៍រុនតាឯក និងតំបន់ពាក់ស្នែង ជូនបងប្អូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចាកចេញពីតំបន់រមនីយដ្ឋានអង្គរ ទៅតាំងទីលំនៅថ្មីនៅតំបន់នោះ ដោយអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវគោលនោយោបាយគាំទ្រផ្នែកសង្គមកិច្ច និងផ្នែកហេដ្ឋារចនាសម្ព័ន្ធ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ។
សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យ ត្រូវបន្តដោះស្រាយបញ្ហាជូនប្រជាជនដែលរស់នៅជាភូមិករ នៅជុំវិញបឹងទន្លេសាប ដោយធ្វើបច្ចុប្បន្នភាពផែនទីតាមខេត្តនីមួយៗ កែសម្រួលព្រំប្រទល់តំបន់៣ ព្រំប្រទល់តំបន់២ និងកាត់ឆ្វៀលទីតាំងដី ដែលប្រជាជនរស់នៅពីយូរលុងមកហើយនៅក្នុងតំបន់៣ និងតំបន់២។ សម្ដេចតេជោបានដាក់ការកំណត់ថា ឱ្យចប់នៅក្នុងខែឧសភា ឆ្នាំ២០២៣ឱ្យចប់រួចរាល់ នៅតាមបណ្ដាខេត្តជុំវិញបឹងទន្លេសាបនេះ។
ជាងនេះទៀត គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា និងគណៈកម្មាធិការអភិឌ្ឍន៍តំបន់ឆ្នេរសមុទ្រខេត្តទាំង៤ ត្រូវជំរុញរៀបចំផែនការអភិវឌ្ឍការពារនិងអភិវឌ្ឍន៍តំបន់ឆ្នេរ ដើម្បីគាំទ្រដល់ការអភិរក្ស និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ប្រកបដោយប្រសិទ្ធភាព ចីរភាព និងសមធម៌ ហើយសក្ដិសម ជាឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក និងជាតារារះនៅទិសនារតី។ សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល ក៏បានស្នើឱ្យរួមគ្នាបន្តពង្រឹង និងកែលម្អការផ្ដល់សេវាសាធារណៈគ្រប់ប្រភេទ ដោយជំរុញអនុវត្តន៍ឱ្យបានតាមទិសស្លោក «ធ្វើឱ្យលឿន និងមានតម្លាភាព» ក្នុងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងយកចិត្តទុកដាក់ដោះស្រាយរាល់សំណូមពរ និងខិតខំកាត់បន្ថយការថ្នាំងថ្នាក់របស់ប្រជាជន៕




ប្រភព៖ ក្រសួងព័ត៌មាន