មកទល់ពេលនេះកម្លាំងអន្តរាគមន៍កម្ពុជា និងថៃ កំពុងដុតដៃដុតជើងធ្វើការសង្គ្រោះមនុស្សដែលជាប់គាំងក្នុងអគារបានជាបន្តបន្ទាប់ ចំពោះអ្នករបួស អ្នកបាត់បង់ជីវិត និងការខូចខាតនៅមិនទាន់ដឹងនៅឡើយទេ
ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មានក្នុង និងក្រៅប្រទេស បានឱ្យដឹងថា ចាប់តាំងពីម៉ោង១១អធ្រាត្រយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ រហូតមកដល់ម៉ោង ១១៖០០នាទី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០២២ កម្លាំងចម្រុះកម្ពុជា សហការជាមួយកម្លាំងអន្តរាគមន៍របស់ព្រះរាជាណាចក្រថៃ បានជួយអន្តរាគមន៍ពន្លត់អគ្គិភ័យឆាបឆេះអគារក្រុមហ៊ុនក្រេនដាយមេនរីសត Royal G Club និងជួយសង្រ្គោះមនុស្សជាប់គាំងក្នុងអគារ ដែលមានទីតាំង ភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ផងដែរថា ក្នុងអគារដែលអគ្គិភ័យឆាបឆេះ មានបុគ្គលិក បម្រើការងារជនជាតិខ្មែរ និងបរទេស មួយចំនួនត្រូវជម្លៀសចេញដោយសុវត្ថិភាព និងមាននៅជាប់គាំងក្នុងអគារមួយចំនួនផងដែរ។
នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិ បានប្រើប្រាស់កម្លាំងកងសង្រ្គោះ៧១១ សហការជាមួយកម្លាំងរបស់ព្រះរាជាណាចក្រថៃ កំពុងដុតដៃដុតជើងធ្វើការសង្គ្រោះមនុស្សដែលជាប់គាំងក្នុងអគារបានជាបន្តបន្ទាប់ និងគ្រប់គ្រងស្ថានការណ៍ ចំពោះអ្នករបួស ស្លាប់ និងទំហំនៃការខូចខាតនៅមិនទាន់ប៉ាន់ប្រមាណបាននៅឡើយ៕



















