ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យប្រជាពលរដ្ឋទៅបន្តទទួលយកវ៉ាក់សាំង ខណៈជំងឺកូវីដ១៩ នៅក្នុងតំបន់និងទីកន្លែងមួយចំនួនកំពុងតែចាប់រើបឡើងវិញ

    BY Khmernote Media December 30, 2022
    សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យប្រជាពលរដ្ឋទៅបន្តទទួលយកវ៉ាក់សាំង ខណៈជំងឺកូវីដ១៩ នៅក្នុងតំបន់និងទីកន្លែងមួយចំនួនកំពុងតែចាប់រើបឡើងវិញ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានជំរុញឱ្យប្រជាពលរដ្ឋទៅបន្តទទួលយកវ៉ាក់សាំង ខណៈជំងឺកូវីដ១៩ នៅក្នុងតំបន់ និងទីកន្លែងមួយចំនួនកំពុងតែចាប់រើបឡើងវិញ ដោយសម្ដេចបានបញ្ជាក់ថា ប្រសិនបើមិនមានវិធានការជាក់លាក់ណាមួយ ដើម្បីគ្រប់គ្រងការចាក់វ៉ាក់សាំងនោះទេ អាចមានការគិតខុស ហើយនឹងអាចឈានទៅដល់គ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ សម្រាប់សុខភាពប្រជាពលរដ្ឋកម្ពុជានោះ។

    ក្នុងសារជាសំឡេងនាយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា នៅមុននេះបន្តិចសម្ដេចបានសម្រេចតាមសំណើរបស់គណៈប្រចាំការនៃគណៈកម្មការជាតិប្រយុទ្ធប្រឆាំង កូវីដ១៩ ទាក់ទង នឹងដំណើរការចាក់វ៉ាក់សាំង ។ ការចាក់វ៉ាក់សាំងរបស់យើងបានធ្វើឡើងជាបន្តបន្ទាប់ ក្នុងពេលវេលានេះជំងឺកូវីដ១៩ នៅក្នុងតំបន់និងនៅទីកន្លែងមួយចំនួនកំពុងតែ ចាប់រើបឡើងវិញ។ ប្រសិនបើយើងមិនមានវិធានការជាក់លាក់គ្រប់គ្រងទៅលើការចាក់វ៉ាក់សាំងនេះទេ អាចមានការគិតខុសហើយអាចឈានទៅរកគ្រោះថ្នាក់ដែលអាច កើតឡើងជាយថាហេតុសម្រាប់សុខភាពប្រជាពលរដ្ឋកម្ពុជារបស់យើង។

    សម្តេចតេជោបន្តថា វ៉ាក់សាំងគឺជាជម្រើសតែមួយគត់ដែលនឹងជួយយើង កាត់បន្ថយការឆ្លងឬឆ្លងហើយ តែមានសភាពមិនធ្ងន់ធ្ងរ។ នៅក្នុងស្មារតីនេះ សម្តេចតេជោបានសម្រេចទី១. ការចាក់ដូសទី៤ដល់កុមារអាយុចាប់ពី ៣ឆ្នាំដល់ក្រោម ៥ ឆ្នាំ នេះគឺជាការចាក់សម្រាប់កុមារដើម្បីការពារពួកគេព្រោះមកដល់ពេល នេះយើងមិនទាន់មានការកំណត់សម្រាប់ការចាក់ឱ្យកុមារដូសទី ៤ សម្រាប់កុមារពីអាយុ ៣ ឆ្នាំដល់ ៥ឆ្នាំនោះទេ ។ ទី២. ការចាក់វ៉ាក់សាំងដូសទី ៥ ដល់កុមារ អាយុ ៥ ឆ្នាំដល់ក្រោម ១២ឆ្នាំ និងទី៣. ការចាក់វ៉ាក់សាំងដូសទី៦ជូនដល់មន្ត្រីរាជការជួរ មុខអាជ្ញាធរនិងប្រជាជនទូទៅ។ នេះជាការរៀបចំដើម្បីធានាសុវត្ថិភាពសុខភាពរបស់ប្រជាពលរដ្ឋរបស់យើង ហើយសម្តេចក៏ឯកភាពជាមួយនឹងគោលការណ៍ស្នើឡើងអំពីរបៀបបន្តសម្រាប់ការចាក់វ៉ាក់សាំងគឺត្រូវធ្វើ ៦ ខែម្ដង ចាប់ពីចាក់ដូសចុងក្រោយដែលត្រូវបានទទួល។

    សម្តេចតេជោនាយករដ្ឋមន្ត្រីបន្តថា ធ្វើយ៉ាងដូច្នេះទើបយើងធានាបានថាប្រជាជនរបស់យើងមានភាពស៊ាំសហគមន៍រឹងមាំ ។ បើមិនដូច្នោះទេ បន្ទាប់ពីរយៈពេលនោះវ៉ាក់សាំងចុះខ្សោយងាយឆ្លងនៅក្នុងខ្លួនបុគ្គលម្នាក់ៗនៅពេលវ៉ាក់សាំងខ្សោយងាយស្រួលនិងការវាយលុកដោយជំងឺ ជាពិសេសកូវីដ១៩ ដែលកំពុងនៅមានវត្តមានក្នុងពិភពលោករាប់ទាំង នៅកម្ពុជាយើងផងដែរ។

    សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវចំពោះប្រជាពលរដ្ឋទាំងអស់អ្នកដែលមិនទាន់ទទួលបានដូសទី៣ត្រូវខិតខំមកទទួលដូសទី ៣ ហើយអ្នកដែលទទួលបានដូសទី៣ រួចហើយត្រូវទទួលយកដូសទី៤ ហើយយើងនឹងចាក់ដូសទី ៥ សម្រាប់ប្រជាពលរដ្ឋទូទៅ ។ អាជ្ញាធរកងកម្លាំងប្រដាប់អាវុធនិងមន្ត្រីជួរមុខត្រូវចាក់ដូសទី ៦ ហើយត្រូវកំណត់ផែនការជាក់លាក់សម្រាប់ការចាក់វ៉ាក់សាំង គឺបន្ទាប់ពីការទទួលវ៉ាក់សាំងចុងក្រោយរយៈពេល ៦ ខែត្រូវទៅរកវ៉ាក់សាំងបន្តទៀត។

    គណៈកម្មការជាតិចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំងនៅទូទាំងប្រទេស ត្រូវរៀបចំផែនការនេះគ្រប់ទីកន្លែងដើម្បីបើកយុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់ប្រជាពលរដ្ឋរបស់យើង។ ធ្វើយ៉ាងដូច្នេះគឺជាក្រិតក្រមដើម្បីការពារទុកជាមុនសម្រាប់ហានិភ័យដែលបាននិងកំពុងកើតឡើងនៅក្រៅប្រទេស និង ប្រទេសនៅក្នុងតំបន់របស់យើងផងដែរ។

    សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបន្តថា កង្វល់ធំរបស់យើងមិនមែនបញ្ហាខ្វះវ៉ាក់សាំងនោះទេ។ ប៉ុន្តែបញ្ហាស្ថិតនៅត្រង់ថាប្រជាពលរដ្ឋរបស់យើងមួយចំនួន គឺមិនមកទទួលវ៉ាក់សាំងប៉ុន្តែ សម្តេចនៅតែជឿជាក់ថាសម្រាប់កុមារនឹងមកទទួលនិងអ្នកគិតគូរអំពីសុខភាពរបស់ខ្លួននឹងមកទទួលវ៉ាក់សាំង។សម្តេចតេជោថ្លែងសង្កត់ថា កូវីដ១៩អាចប្រែធាតុ ប្រែរូប ប្លែងភាព ទៅជាកាចសាហាវជាងនេះ តែយើងអាចទប់ទល់បានដោយសារយើងមានវ៉ាក់សាំងនៅក្នុងខ្លួន ដែលជាផ្នែកមួយនៃការការពារសុខភាពរបស់ប្រជាពលរដ្ឋសម្រាប់ផ្ទាល់ខ្លួនម្នាក់ៗ។យើងមិនខ្វះវ៉ាក់សាំងនោះទេ នៅពេលនេះយើងនៅមានវ៉ាក់សាំងនៅក្នុងឃ្លាំង ប្រមាណជាង ៧ លានដូស ជាមួយនឹងវ៉ាក់សាំងនៅមិនទាន់ដឹកចូលមកក្នុងប្រទេសចំនួនប្រមាណ ២០ លានដូសថែមទៀត ។ដូច្នេះយើងមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ ប្រើប្រាស់ហើយយើងនឹងមានប្រាក់កាសគ្រប់គ្រាន់សម្រាប់ទិញវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់យើង៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: