ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្លាំងសមត្ថកិច្ចកម្ពុជា និងថៃ បានសម្រេចបិទបញ្ចប់ប្រតិបត្តិការរុករកជនរងគ្រោះ រកឃើញអ្នកបាត់បង់ជីវិត ២៦នាក់ និងរបួស៥៧នាក់ ក្នុងនោះមិនមានពលរដ្ឋខ្មែរឡើយ

    BY Khmernote Media December 31, 2022
    កម្លាំងសមត្ថកិច្ចកម្ពុជា និងថៃ បានសម្រេចបិទបញ្ចប់ប្រតិបត្តិការរុករកជនរងគ្រោះ រកឃើញអ្នកបាត់បង់ជីវិត ២៦នាក់ និងរបួស៥៧នាក់ ក្នុងនោះមិនមានពលរដ្ឋខ្មែរឡើយ

    ខេត្តបន្ទាយមានជ័យ៖ យោងតាមគណនីហ្វេសប៊ុករបស់ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ដោយប្រើប្រាស់ពេល ៣៩ម៉ោង គិតរហូតមកដល់ល្ងាចថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ចកម្ពុជា និងថៃ បានសម្រេចបិទបញ្ចប់ប្រតិបត្តិការរុករក ស្រាវជ្រាវរកជនរងគ្រោះដែលជាប់គាំង ក្នុងហេតុការណ៍ឆេះកាស៉ីណូហ្គេនដាយមិន នៅសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ ទាំងស្រុងហើយ។

    ជាមួយនឹងការបិទបញ្ចប់ប្រតិបត្តិការទាំងស្រុងនេះ កម្លាំងប្រតិបត្តិការបានរកឃើញអ្នកបាត់បង់ជីវិតសរុបចំនួន២៦នាក់ និងអ្នករបួសចំនួន៥៧នាក់ ក្នុងនោះទាំងអ្នករបួស និងបាត់បង់ជីវិត មិនមានជនជាតិខ្មែរនោះឡើយ។ សម្រាប់ប្រតិបត្តិការជួយអន្តរាគមន៍គ្រោះអគ្គិភ័យនេះ ខាងកម្ពុជាប្រើប្រាស់កម្លាំង១០០៩នាក់ និងខាងថៃចំនួន២២១នាក់។

    សាកសពអ្នកបាត់បង់ជីវិតក្នុងហេតុការណ៍នេះ មានជនជាតិថៃ ចំនួន១៧នាក់, នេប៉ាល់ម្នាក់, ម៉ាឡេស៉ីម្នាក់, សង្ស័យចិនម្នាក់ និងមិនស្គាល់អត្តសញ្ញាណ៦នាក់ (មិនមែនជាតិខ្មែរ)។

    សម្រាប់កងកម្លាំងប្រតិបត្តិការរុករកវិញ កម្លាំងកម្ពុជា ចំនួន១,០០៩នាក់ និងកម្លាំងថៃ២២១នាក់។
    គួរជម្រាបថា ជនរងគ្រោះដែលនៅមានជីវិត ខ្លះត្រូវបានបញ្ជូនទៅសង្គ្រោះនៅប្រទេសថៃ និងខ្លះទៀត បញ្ជូនទៅមន្ទីរពេទ្យក្បែរកន្លែងកើតហេតុ នៅក្នុងប្រទេសកម្ពុជា។ បើតាមសេចក្ដីរាយការណ៍ អគារកាស៊ីណូខាងលើមានបុគ្គលិកបម្រើការប្រុសស្រីប្រហែលជាង៤០០នាក់ ប៉ុន្តែការខូចខាតយ៉ាងណានោះ មិនទាន់អាចវាយតម្លៃបាននៅឡើយទេ។

    ក្នុងប្រតិបត្តិការរុករក និងសង្គ្រោះនេះវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត បានចុះពិនិត្យចង្អុលបង្ហាញ ក្នុងការដោះស្រាយដើម្បីសង្គ្រោះជីវិតបងប្អូនជាប់គាំងក្នុងអគារនេះ។

    អគ្គិភ័យនេះ បានកើតមានតាំងពីវេលាម៉ោង ១១៖៣០នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ខណៈមូលហេតុ ត្រូវបានគេរាយការណ៍ជំហ៊ានដំបូងថា ឆ្លងចរន្ដអគ្គិសនីហើយបានរីករាលដាលតែម្ដង។ ទីតាំងដែលឆេះនេះមានពីរអគារ ដោយក្នុងនោះឆេះផ្ដើមដំបូងចេញពីអគារហ្គេនដាយមិន និងរីករាលដាលទៅកាន់អគារប៉ោយប៉ែត រីសត។

    ប្រតិបត្តិការនៅកន្លែងកើតហេតុ ធ្វើឡើងដោយកម្លាំងរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ សហការជាមួយកងប្រតិបត្តិការរុករក និងសង្គ្រោះ ៧១១ នៃកងពលតូចលេខ៧០, កម្លាំងអាជ្ញាធរខេត្តមាន កម្លាំងនគរបាល អាវុធហត្ថ និងយោធា ព្រមទាំងមានការចូលរួមពីកងកម្លាំងសមត្ថកិច្ចរបស់ថៃផងដែរ៕

    ប្រភព៖ អ៊ុំ រាត្រី Oum Reatrey

    Share This Post: