អ្នកប្រើប្រាស់ Twitter នៅប្រទេសចិន អាចប្រឈមនឹងការជាប់គុកគ្រប់ពេលវេលា ដោយសារតែទង្វើបែបនេះ
- January 18, 2019
យោងតាមសារព័ត៌មាន Nextshark បានចុះផ្សាយថា ប៉ូលីសចិនបានធ្វើការឃាត់ខ្លួន និងសាកសួរអ្នកប្រើប្រាស់បណ្តាញសង្គម Twitter ជាច្រើននាក់ ដោយសារតែពួកគេបានមើល និងចែកចាយវីដេអូ ដែលមានលក្ខណៈរិះគន់រដ្ឋាភិបាលចិន និងលោកប្រធានាធិបតី Xi Jinping។ បើតាមលោក Wang Aizhong ដែលជាសកម្មជនសិទ្ធិមនុស្សប្រចាំនៅក្នុងប្រទេសចិនបានឲ្យដឹងថា មានអ្នកប្រើប្រាស់បណ្តាញសង្គម Twitter ជាច្រើននាក់ ត្រូវបានប៉ូលិសចិនហៅទៅសាកសួរ និងប្រាប់ឲ្យពួកគេឈប់មើល ឬចែកចាយបន្តនូវនូវវីដេអូ ឬព័ត៌មានណា ដែលមានលក្ខណៈរិះគន់រដ្ឋាភិបាលចិន និងលោកប្រធានាធិបតី Xi Jinping តែអ្នកទាំងនោះមិនព្រមធ្វើតាមទេ ហើយនៅក្នុងយប់នោះគណនី Twitter របស់ពួកគេសរុបចំនួន ៣,០០០ គណនីត្រូវបានបិទប្រើប្រាស់លែងបានតែម្តង។
សកម្មភាពនេះត្រូវបានគេមើលឃើញថាគឺជារឹតដ្បិត និងរំលោភសិទ្ធិបញ្ចេញមតិរបស់ប្រជាពលរដ្ឋជាខ្លាំង រហូតដល់មានសាធារណៈមតិជាច្រើនបានលើកឡើងថា អ្នកប្រើប្រាស់បណ្តាញសង្គម Twitter នៅក្នុងប្រទេសចិនគឺប្រឈមនឹងការជាប់គុកគ្រប់ពេលវេលា។ គួររម្លឹកជូនថា ករណីមានអ្នកជាប់គុក ព្រោះតែការចែកចាយព័ត៌បែបនេះតាមរយៈបណ្តាញសង្គម ធ្លាប់កើតមានជារឿយៗក្នុងប្រទេសចិនក្នុងរយៈពេលកន្លងមកនេះ។ សូមបញ្ជាក់ដែរថា ចិនមានប្រជាជនដែលប្រើប្រាស់បណ្តាញសង្គមប្រមាណជា ៨០០ លាននាក់ ហើយក្នុងនោះអ្នកប្រើប្រាស់ បណ្តាញសង្គម Twitter មានត្រឹមតែ ០,៤ % ប៉ុណ្ណោះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ nextshark
- Share This Post:






