ចេញ-ចូលខេត្តកំពង់ចាមត្រូវដឹង! នៅថ្ងៃទី៨-៩ អាជ្ញាធរនឹងបញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទ នៅផ្លូវទាំងនេះ
ខេត្តកំពង់ចាម៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពី ការបញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងពិធីបើកការដ្ឋានពង្រីក និងលើកកម្ពស់ផ្លូវជាតិលេខ៧ ជា៤គន្លង នៅថ្ងៃទី០៨-០៩ ខែមករា ឆ្នាំ២០២៣។

រដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបសាធារណជនទាំងអស់ មេត្តាជ្រាបថា៖ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៧៖៣០នាទី ក្រសួង សាធារណការ និងដឹកជញ្ជូននឹងរៀបចំពិធីបើកការដ្ឋានពង្រីក និងលើកកម្ពស់ផ្លូវជាតិលេខ៧ ជាផ្លូវ៤គន្លង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា នៅភូមិតាំងគោក ឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម(គីឡូម៉ែត្រលេខ៨៦)។
ដើម្បីឱ្យដំណើរការរៀបចំបើកការរដ្ឋាន ប្រព្រឹត្តទៅដោយរលូន ព្រមទាំងបញ្ចៀសការកកស្ទះ ចរាចរណ៍ និងរក្សាបានសណ្ដាប់ធ្នាប់ របៀបរៀបរយក្នុងពិធី រដ្ឋបាលខេត្តកំពង់ចាមនឹងបញ្ចៀសចរាចរចាប់ពី ថ្ងៃទី៨-៩ ខែមករា ឆ្នាំ២០២៣ ចំពោះយានយន្តគ្រប់ប្រភេទនៅកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីផ្លូវបំបែកផ្សារ ព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ដល់រង្វង់មូលស្គន់ ឃុំសូទិប ស្រុកជើងព្រៃ តាមតម្រាយផ្លូវដូចខាងក្រោម៖
១-ចំពោះយានយន្តដែលធ្វើដំណើរពីរាជធានីភ្នំពេញ ចូលមកក្រុងកំពង់ចាម ត្រូវបង្វែរទិស ចរាចរណ៍ត្រង់ចំណុចរង្វង់មូលស្គន់ ទៅផ្លូវបំបែកភូមិបាខម ឃុំសំពងជ័យ ស្រុកជើងព្រៃ តាម ផ្លូវលេខ៦០ ដល់បំបែកផ្សារព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ និងត្រូវបង្វែរទិសតាមផ្លូវ លេខ២៧០ ត្រង់ផ្លូវបំបែករការកោង ស្រុកមុខកំពូល ខេត្តកណ្តាល កាត់តាមស្រុកកងមាស។
២-ចំពោះយានយន្តដែលធ្វើដំណើរពីក្រុងកំពង់ចាម ទៅខេត្តកំពង់ធំ ត្រូវបង្វែរទិសចរាចរណ៍ត្រង់ ចំណុចផ្លូវបំបែកភ្លើង ឃុំអូរស្វាយ ស្រុកកំពង់សៀម ឆ្ពោះទៅផ្លូវលេខ៧១ ស្រុកចំការលើ។
៣-ចំពោះយានយន្តដែលធ្វើដំណើរពីក្រុងកំពង់ចាម ចេញទៅរាជធានីភ្នំពេញ ត្រូវបង្វែរទិស ចរាចរណ៍តាមផ្លូវលេខ ២៧០ កាត់ស្រុកកងមាស ឆ្ពោះទៅផ្លូវបំបែករកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល។
៤-ចំពោះយានយន្តដែលធ្វើដំណើរពីក្រុងកំពង់ចាម ស្រុកចំការលើ ចេញទៅរាជធានីភ្នំពេញ ត្រូវ បង្វែរទិសចរាចរណ៍ត្រង់ចំណុចផ្លូវបំបែកផ្សារព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ទៅផ្លូវលេខ ៧០ កាត់តាមស្រុកកងមាស ឆ្ពោះទៅផ្លូវបំបែករការកោង ស្រុកមុខកំពូល ខេត្តកណ្តាល។
អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមសម្តេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា បងប្អូនប្រជាពលរដ្ឋរស់នៅខេត្តកំពង់ចាម សាធារណជនទាំងអស់ និងបងប្អូនធ្វើ ដំណើរឆ្លងកាត់តំបន់ខាងលើ មេត្តាជ្រាបជាព័ត៌មាន និងសូមមានការយោគយល់ អធ្យាស្រ័យសម្រាប់ការ បញ្ចៀសចរាចរណ៍ជាបណ្តោះអាសន្ននៅចំណុចខាងលើ៕
