សម្តេចក្រឡាហោម ស ខេង ឱ្យអាជ្ញាធរចាត់វិធានការជាបន្ទាន់ ចំពោះសមាគម និងអង្គការសង្គមស៊ីវិលណា ដើរបោកយកលុយពីពលរដ្ឋ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញ បញ្ជាឱ្យរដ្ឋបាលរាជធានី ខេត្ត ត្រូវចាត់វិធានការ បញ្ឈប់ជាបន្ទាន់នូវសកម្មភាពរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនតូចណា ដែលធ្វើសកម្មភាពបោកប្រាស់យក លុយពីប្រជាពលរដ្ឋ។

សម្ដេចក្រឡាហោម ស ខេង នៅក្នុងពិធីបើកវេទិកា ស្ដីពីភាពជាដៃគូរវាង រាជរដ្ឋា ភិបាល និងអង្គការសង្គមស៊ីវិល នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ នៅសណ្ឋាគាសុខាភ្នំពេញ បានណែនាំដល់អាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវបន្តសម្របសម្រួល និងបង្កលក្ខណៈ ងាយស្រួល ដល់អង្គការសង្គមស៊ីវិល ដែលបានចុះបញ្ជីត្រឹមត្រូវ ព្រមទាំងសមាគម និងអង្គការមិនមែន រដ្ឋាភិបាលបរទេស ដែលបានចុះអនុស្សរណៈជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ក្នុងការធ្វើសកម្មភាព ដោយសេរី និងគ្មានការរឹតត្បិត ស្របតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ជាពិសេសក្នុងអំឡុងពេល នៃដំណើរការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ។
សម្ដេចបន្ដថា រដ្ឋបាលរាជធានី ខេត្តត្រូវបន្តរៀបចំវេទិកាស្តីពីភាពជា ដៃគូរវាង រដ្ឋបាលរាជធានី ខេត្ត ជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសកម្មភាពក្នុងដែន សមត្ថកិច្ច របស់ខ្លួនឡើងវិញ ឱ្យបានយ៉ាងហោចចំនួន២ដង ក្នុង១ឆ្នាំ តាមការកំណត់ក្នុងស្មារតី នៃសេចក្តីណែនាំ របស់ក្រសួងមហាផ្ទៃ។
ពាក់ព័ន្ធនឹងអង្កការសង្គមស៊ីវិលមួយចំនួន ដែលធ្វើការបោកប្រាស់លុយប្រជា ពលរដ្ឋ សម្ដេច ស ខេង ក៏បានដាក់បញ្ជាយ៉ាងដូច្នេះថា «រដ្ឋបាលរាជធានី ខេត្ត ត្រូវចាត់វិធានការ បញ្ឈប់ជាបន្ទាន់ នូវសកម្មភាពរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនតូច ដែលធ្វើសកម្មភាពបោកប្រាស់អូសទាញប្រជាពលរដ្ឋតាមរយៈការចូលជាសមាជិក និងតម្រូវ ឱ្យបង់ប្រាក់ចូលមូលនិធិរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងគោល បំណងដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ដែលជាសកម្មភាពប្រព្រឹត្តផ្ទុយនឹងបទប្បញ្ញត្តិ នៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន»៕


ប្រភព៖ ក្រសួងព័ត៌មាន