ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចតេជោ ហ៊ុន សែន៖ អ្នកសារព័ត៌មានត្រូវផ្សាយព័ត៌មានពិត កុំប្រឌិតកំហុសដាក់អ្នកដទៃ

    BY Khmernote Media January 16, 2023
    សម្ដេចតេជោ ហ៊ុន សែន៖ អ្នកសារព័ត៌មានត្រូវផ្សាយព័ត៌មានពិត កុំប្រឌិតកំហុសដាក់អ្នកដទៃ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា អ្នកសារព័ត៌មានត្រូវផ្សាយព័ត៌មានពិត កុំប្រឌិតកំហុសដាក់អ្នកដទៃ។

    ​ក្នុងពិធីជួបជុំលើកទី៥ជាមួយអ្នកសារព័ត៌មានជិត ៥ ០០០ នាក់ នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ពីមុននោះ សម្ដេចបានស្នើឱ្យអ្នកសារព័ត៌មាន កុំបំពានអ្នកដទៃ កុំបំភ្លៃការពិត។ តែឥឡូវនេះសម្ដេចក៏គួរនិយាយបន្ថែមថា «អ្នកសារព័ត៌មានត្រូវផ្សព្វផ្សាយ​ព័ត៌​មាន​ដែលពិត កុំប្រឌិតកំហុសដាក់អ្នកដទៃ»។ ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏​បានប្រកាសផ្តល់មេធាវីដល់អ្នកសារព័ត៌មានដែលហ៊ានផ្សាយពីការពិត មានភស្តុតាងគ្រប់​គ្រាន់​អំពីបទល្មើសផ្សេងៗ ប្រសិនមាន រឿងក្តីកើតឡើងជុំវិញការផ្សាយនេះផងដែរ។

    សម្ដេច​តេជោ ហ៊ុន សែន ក៏បានផ្ដល់អនុសាសន៍ដល់អ្នកសារព័ត៌មាន ដែលក្នុងនោះ ទីមួយៈ ក្រសួងព័ត៌មានត្រូវជំរុញឱ្យមានសេចក្ដីព្រាងច្បាប់ស្ដីសិទ្ធិទទួលបានព័ត៌មាន បាន​ចេញ​នៅអាណត្តិទី៧ និងត្រៀមរៀបចំដាក់ឱ្យដំណើរការថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា នៅ​ដើម​ឆ្នាំ២០២៣នេះ និងត្រូវបិទការផ្សាយទូរទស្សន៍អាណាឡូក នៅឆ្នាំ២០២៥ តាមផែនការ​ដែលបានគ្រោងទុក។ ប្រសិនបើអនុវត្តមិនបានយើងនឹងត្រូវខាតបង់ច្រើនណាស់ គឺយើង​ដើរមិនទាន់ការវិវត្ដបច្ចេកវិទ្យានៅក្នុងតំបន់អាស៊ាន ដែលគេបិទការផ្សាយទូរទស្សន៍​អាណា​ឡូកតាំងពីឆ្នាំ២០២០ ហើយអាចធ្វើឱ្យយើងខ្វះគ្រឿងបន្លាស់ដើម្បីប្រើប្រាស់ ដោយគេឈប់​ផលិត និងធ្វើឱ្យយើងឆ្លងហ្វ្រេកង់ទូរស័ព្ទជាមួយនឹងប្រទេសជិតខាង ដែលបច្ចុប្បន្នកំពុង​ប្រើប្រាស់បន្ទារហ្វ្រេកង់ ៧០០ មេហ្គាហឺត និងក៏មានការខាត់បង់ការអភិវឌ្ឍវិស័យ​ទូរគម​នាគមន៍ផងដែរ។

    ទីពីរៈ ស្ថាប័នព័ត៌មានរដ្ឋ និងឯកជន ត្រូវចូលរួមថែរក្សាសន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សង្គម តាមរយៈភូមិ ឃុំ មានសិវត្ថិភាព ដោយធ្វើការ​ផ្សព្វ​ផ្សាយជំរុញឱ្យអាជ្ញាធរ និងស្ថាប័នមានសមត្ថកិច្ចទប់ស្កាត់ និងចាត់វិធានការរាល់បទល្មើស​គ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ក្មេងទំនើង ចោរប្លន់ប្រដាប់អាវុធ គ្រោះថ្នាក់ចរាចរណ៍ ជាដើម ដែលកើតឡើងននៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីកសាងសង្គម​កម្ពុជាមួយឱ្យមាន​​សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងរក្សាកិត្តិយស សេចក្ដីថ្លៃថ្នូរ លើកមុខមាត់កម្ពុជាលើ​ឆាក​អន្តរជាតិ ក្នុងនាមជាម្ចាស់ផ្ទះនៃការប្រកួតស៊ីហ្គេមឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រ។

    ទីបីៈ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ ប្រព័ន្ធផ្សព្វផ្សាយទាំងអស់សូមចូលរួម​យុទ្ធនាការ​ផ្សព្វផ្សាយការរាប់ថយក្រោយ ១០០ថ្ងៃ នៃព្រឹត្តការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាឱ្យបានផុលផុស ដើម្បីឱ្យប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសបានដឹង និងបំផុសស្មារតីលើកទឹកចិត្តដល់កីឡាករ កីឡាការិនីឱ្យខិតខំហ្វឹកហាត់ ដើម្បីទទួល​បាន​មេដាយច្រើន ក្នុងការប្រកួតនាពេលខាងមុខ។ ទន្ទឹមនេះ លើកទឹកចិត្តឱ្យយុវជន និងប្រជា​ពលរដ្ឋ​យើងគាំទ្រ និងស្នេហាវិស័យកីឡា ក្រោមពាក្យស្លោក «កីឡារស់នៅក្នុងសន្តិភាព ប្រជា​ជនមួយម្នាក់លេងកីឡាមួយមុខ កម្ពុជាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងកម្ពុជា​ស្អាត»។

    ទីបួនៈ ស្ថាប័នព័ត៌មានត្រូវបង្កើតភាពជាដៃគូជាមួយរាជរដ្ឋាភិបាល ដោយត្រូវបំពេញ​តួនាទីជាស្ពានចម្លងផ្សារភ្ជាប់ទំនាក់ទំនងពីស្ថាប័នរដ្ឋ ទៅប្រជាជន និងពីប្រជាជនមក​ស្ថាប័ន​រដ្ឋវិញ ទាំងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ទាំងការអនុវត្តជាក់ស្ដែង ដែលតម្រូវឱ្យ​អ្នក​សារព័ត៌មានចូលរួមកាន់តែសកម្មថែមទៀត ដើម្បីថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍ​ប្រទេសជាតិ។

    ទីប្រាំៈ បន្តចូលរួមយុទ្ធនាការប្រយុទ្ធជាមួយនិងភាពអសកម្ម ភាពមិនប្រក្រតី អំពើពុករលួយ និងភាពអយុត្តិធម៌នៅក្នុងសង្គម ដើម្បីកសាងកម្ពុជា ជាសង្គមមួយដែល​ស្អាតស្អំ មានតម្លាភាព និងសូមឱ្យអ្នកសារព័ត៌មានយើងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុង​ខណៈដែលរាជរដ្ឋាភិបាលកំពុងជំរុញកែទម្រង់រដ្ឋ។ ដើម្បីឱ្យមានតម្លាភាព ដែលទាមទារឱ្យអ្ន​ក​សារព័ត៌មានបំពេញតួនាទីតាមវិជ្ជាជីវៈ មានសមត្ថភាព និងសិក្សាបញ្ហាដល់ទីជម្រៅ ហ៊ានបញ្ចេញនូវការពិតមិនក្លែងបន្លំ បំភ្លៃការពិត និងត្រូវបន្តបំផ្លាញចោលពួកឱកាសនិយម ដែលស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន ជ្រកក្រោមសារព័ត៌មាន ធ្វើឱ្យប៉ះពាល់ដល់តម្លៃ​កិត្យា​នុភាពរបស់អ្នកសារព័ត៌មានទូទៅ និងស្ថាប័នសារព័ត៌មាន។

    ទីប្រាំមួយៈ បន្តចូមរួម​ប្រយុទ្ធ​ប្រឆាំងព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយ ទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ ដែល​បច្ចុប្បន្នតំណាងសារព័ត៌មានរបស់យើង ក៏មាននៅក្នុងក្របខណ្ឌស្ថាប័នអាស៊ាន ដែលតម្រូវ​ឱ្យ​ស្ថាប័នព័ត៌មានរបស់យើង ធ្វើការប្រយុទ្ធប្រឆាំងព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយ​ឱ្យ​កាន់តែសកម្មថែមទៀត។ ព្រោះព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយ ជាផ្នែកចិត្តសាស្ត្រ​ដែល​ធ្វើឱ្យសង្គមមានភាពចលាចល អស្ថិរភាពនយោបាយ អសន្តិសុខសង្គម និងកើតមាន​អរិភាពជាមួយបរទេស។

    ទីប្រាំពីរៈ សមាគមអ្នកសារព័ត៌មានត្រូវសហការជា​មួយក្រសួង ស្ថាប័នពាក់ព័ន្ធ ធ្វើការបណ្ដុះបណ្ដាលវិជ្ជាជីវៈ សមត្ថភាពជំនាញដល់បុគ្គលិក និងភ្នាក់ងារ​របស់ខ្លួន ឱ្យដើរទាន់ការវិវត្តនៃបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដែលអាចជួយបំពេញ​ការងារបានរហ័ស និងទាន់សភាពការណ៍ និងត្រូវបង្កើតឡើងនូវកាលានុវត្តភាពថ្មី​សម្រាប់​ទប់ទល់ និងបញ្ហាប្រឈមដែលអាចកើតឡើងនាពេលអនាគត ដែលយើងមិនអាចប៉ាន់​ស្មានបាន។ ទីប្រាំបីៈ ចូលរួមធ្វើការផ្សព្វផ្សាយព័ត៌មានអប់រំ ឱ្យប្រជាពលរដ្ឋចាក់វ៉ាក់សាំង​ការពារកូវីដ១៩ និងការអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលឱ្យបាន​ខ្ជាប់ខ្ជួន៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: