ស្នងការនគរបាលខេត្តកំពត បកស្រាយពាក់ពន្ធ័ការឃាត់ទុកម៉ូតូកែច្នៃបំពង់ស៊ីម៉ាំង បង្កសំលេងរំខានដល់ប្រជាពលរដ្ឋកន្លងមក គ្មានការផាកពិន័យឡើយ
ខេត្តកំពត៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពត នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបំភ្លឺបន្ថែម ពាក់ពន្ធ័ការឃាត់ទុកម៉ូតូកែច្នៃបំពង់ស៊ីម៉ាំង ដែលបង្កសំលេងរំខានខ្លាំងដល់ប្រជាពលរដ្ឋ រួមទាំងភ្ញៀវជាតិ និងអន្តរជាតិដែលបានមកលេងនៅខេត្តកំពត។

ក្នុងនោះ ស្នងការដ្ឋាននគរបាលខេត្តកំពត បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “ខ្ញុំសូមបកស្រាយបន្ថែមពាក់ពន្ធ័ការឃាត់ទុកម៉ូតូកែច្នៃបំពង់ស៊ីម៉ាំង ពេលខ្លះការអនុវត្តភារៈកិច្ចរបស់សមត្ថកិច្ចអាចធ្វើអោយប៉ះពាល់ដល់អារម្មណ៍របស់ម្ចាស់ម៉តូ ជាក់ស្តែងដូចករណីដែលសមត្ថកិច្ចបានធ្វើការឃាត់ម៉ូតូដែលកែច្នៃបំពង់ស៊ីម៉ាំងកន្លងមករួមទាំងម៉ូតូរបស់ជនជាតិជប៉ុននោះ ឯកឧត្តម អភិបាលខេត្តលោកបានយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះសុខមាលភាពរបស់ប្រជាពលរដ្ឋ រួមទាំងភ្ញៀវជាតិ និងអន្តរជាតិដែលបានមកលេងនៅខេត្តកំពត។
និយាយជារួមផ្លូវដែលបងប្អូនជិះម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងភាគច្រើននៅផ្លូវមាត់ព្រែកចាប់ពីស្ពានកំពង់បាយរហូតដល់ផែកោះស្មៅ និងតាមទីតាំងផ្សេងៗទៀតក៏មាន! មូលហេតុអ្វីបានជា ឯកឧត្តម អភិបាលខេត្ត តែងតែបញ្ជាមកសមត្ថកិច្ចអោយធ្វើការឃាត់ម៉ូតូកែច្នៃទាំងអស់នោះ ពីព្រោះនៅលើដងផ្លូវមាត់ព្រែកមានមន្ទីរពេទ្យបង្អែកខេត្តដែលមានអ្នកជំងឺមកសំរាកព្យាបាលជាច្រើន មន្ទីរអង្គភាពផ្សេងៗក៏នៅលើដងផ្លូវស្របមាត់ព្រែក ជាពិសេសភ្ញៀវជាតិនិងអន្តរជាតិដែលមកកំសាន្តនៅខេត្តកំពត តែងតែមកកំសាន្តនៅតាមមាត់ព្រែកផងដែរ ពេលខ្លះអ្នកជិះម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងបើកបរក្នុងល្បឿនលឿនៗ ដើម្បីធ្វើអោយសំលេងបានលឺខ្លាំង ហើយក៏អាចបណ្តាលអោយមានគ្រោះថ្នាក់ជាយថាហេតុក្នុងពេលបើកបរល្បឿនលឿនផងដែរ។ ជាក់ស្តែងម៉ូតូដែលបានឃាត់ទុកត្រូវដោះចេញនូវស៊ីម៉ាំងកែច្នៃមុននិងប្រគល់ទៅអោយម្ចាស់វិញដោយមិនមានការពិន័យជាប្រាក់នោះឡើយ ៕ ”











ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពត