ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម ឃួង ស្រេង៖ ទឹកស្ទឹងព្រែកត្នោត បានស្រកចុះប្រមាណ២តឹកហើយ

    BY Khmernote Media January 16, 2023
    ឯកឧត្តម ឃួង ស្រេង៖ ទឹកស្ទឹងព្រែកត្នោត បានស្រកចុះប្រមាណ២តឹកហើយ

    រាជធានីភ្នំពេញ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ទឹកស្ទឹងព្រែកត្នោតដែល បានហក់ឡើង និងបានជន់លិចលំនៅឋានប្រជាពលរដ្ឋមួយចំនួនធំ នៅសណ្តរស្ទឹងព្រែក ត្នោត​ ក្នុងខណ្ឌដង្កោកាលពីប៉ុន្មានថ្ងៃមុននោះ គិតត្រឹមព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ កម្ពស់ទឹកបានស្រកចុះប្រមាណ២តឹកហើយ។

    ទោះបីជាយ៉ាងណាក្តី ក៏អាជ្ញាធររាជធានី ភ្នំពេញ បាន និងកំពុងបន្តយកចិត្តទុកដាក់ មើលថែប្រជាពលរដ្ឋ គឺមិនឱ្យប្រជាពលរដ្ឋណា ម្នាក់ស្លាប់ ដោយការអត់បាយនោះឡើយ។ នេះជាការបញ្ជាក់របស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ​ខណៈដែល ឯកឧត្តមដឹកនាំ​មន្ត្រី​ជំនាញ ​ចុះពិនិត្យ​ស្ថានភាព​ជាក់ស្ដែង​នៅ​តាមទីតាំងដែលលិចដោយ ជំនន់ទឹកភ្លៀងនៅប្លុកវត្តកំពង់ក្តុល សង្កាត់សាក់សំពៅ ខណ្ឌដង្កោ នាព្រឹកមិញនេះ​។

    ឯកឧត្តម ឃួង​ ស្រេង​ បានលើកឡើងថា កម្រិតទឹកដែលជន់លិចដោយជំនន់ទឹកភ្លៀង នៅស្ទឹងព្រែកត្នោតនេះ នឹងបន្តស្រកចុះបន្ថែមទៀត។ អ្វីដែលអាជ្ញាធររាជធានីភ្នំពេញ យកចិត្ត ទុកដាក់បន្តទៀតនោះ គឺមើលថែប្រជាពលរដ្ឋដែលលិចលង់នេះ ដោយត្រូវនាំយកអំណោយ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា មកចែកជូន គឺមិនឱ្យប្រជាពលរដ្ឋណា ម្នាក់ស្លាប់ដោយការអត់បាយឡើយ។ ឯកឧត្តម ក៏បានណែនាំឱ្យអាជ្ញាធរខណ្ឌដង្កោរួមទាំង កម្លាំងនគរបាលខណ្ឌ កងរាជអាវុធហត្ថខណ្ឌ ព្រមទាំងកងកម្លាំងប្រដាប់អាវុធនានាប្រចាំការ តាមដានស្ថានភាពទឹកជាប់ជាប្រចាំ និងស្រង់ស្ថិតិប្រជាពលរដ្ឋរងគ្រោះឱ្យបានច្បាស់លាស់ ដើម្បីយើងយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅប្រគល់ ជូនពួកគាត់ឱ្យបានទាន់ពេលវេលា។

    អាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា គ្រោះធម្មជាតិនេះ បានធ្វើឱ្យផ្ទះប្រជាពលរដ្ឋចំនួន ២០០០ខ្នងផ្ទះហើយដែលទទួលរងការលិចលង់ និងត្រូវទទួលបានអំណោយដែលអាជ្ញាធរ រាជធានី នឹងត្រូវរៀបចំប្រគល់ជូន៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: