ករណីមន្ត្រីចរាចរណ៍ផាកពិន័យរថយន្តដឹកទំនិញសំពីងសំពោង ហើយសម្រួលបាញ់លុយ $200 ចូលកុង ABA ពេលនេះស្នងការខេត្តកំពង់ស្ពឺបញ្ជាក់ថា នឹងចាត់ការមន្ត្រីចរាចរណ៍ទាំងនោះតាមនីតិវិធី ហើយប្រកាសស្វែងរកម្ចាស់រថយន្ត ដើម្បីប្រគល់ថវិកាឲ្យវិញ
ខេត្តកំពង់ស្ពឺ៖ ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ សូមជម្រាបជូនសាធារណៈនិងអ្នកនិយមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកទាំងអស់មេត្ដាជ្រាប៖ កាលពីថៃ្ងទី១៦ ខែមករា ឆ្នាំ២០២៣នេះ មានគណនីហ្វេសប៊ុក ឈ្មោះ គង្គារ លំអរមង្គលថា “ប្រយ័ត្នអ្នកជិះផ្លូវជាតិលេខ ៤ ប៉ូលីសកំពង់ស្ពឺផាក់សាហាវណាស់ដឹងយេីងប្រញាប់ផាក 200$ អោយបាញ់ចូលកុងហេីយ បន្លំមិនអោយវិក័យប័ត្រទៀតហេីយប៉ូលីសឈ្មោះដូចក្នុង ABA (Khem Sothearith) បានយកទូរស័ព្ទខ្ញុំលុបរូបទៀតចេញទៀតគ្រាន់តែច្ញុំថតប្រាប់អ្នកផ្ទះថាប៉ូលីសចាប់”។

យោងតាមព័ត៌មានខាងលេី ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានឆែកនិងពិនិត្យស្វែងរកឈ្មោះ Khem Sothearith ដូចគណនេយ្យ ABA ដែលអះអាង ថាជានគរបាលខេត្ដកំពង់ស្ពឺ ជាលទ្ធផលគណនេយ្យ ABA Khem Sothearith ពិតជារបស់លោកអនុសេនីយ៍ឯក ខែម សុធារិទ្ធ អត្ដលេខ ៧៥៧៤៣ តួនាទី នាយផ្នែក ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។
សូមជម្រាបជូនសាធារណៈជនមេត្ដាជ្រាបថា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ សមត្ថកិច្ចនគរបាលចរាចរណ៍ខេត្ដកំពង់ស្ពឺ បានបំពេញបេសកកម្មរឹតបណ្ដឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅចំណុចផ្លូវជាតិលេខ៤ គីឡូម៉ែត្រ៧៩-៨០ និងបានឃាត់រថយន្ដកូរ៉េដឹកទំនិញសំពីងសំពោង មួយគ្រឿងស្លាកលេខភ្នំពេញ 2BP-4662 ក្នុងទិសដៅពីខាងកេីតទៅទិសខាងលិច ឆ្ពោះទៅខេត្ដព្រះសីហនុ សមត្ថកិច្ចបានឃាត់ពិនិត្យរកឃេីញអ្នកបេីកបរឈ្មោះ នី វ៉ាន់ហេង ភេទប្រុស អាយុ២២ឆ្នាំ គ្មានប័ណ្ណបើកបរ និងដឹកទំនិញសំពីងសំពោងល្មេីសច្បាប់។
សមត្ថកិច្ចបានប្រាប់ថា បទល្មេីសខាងលេី គឺពិន័យ ១,២០០,០០០ រៀល និងពិន័យ ១៥០,០០០ រៀលបន្ថែមល្មេីសទំនិញសំពីងសំពោង ពេលនោះអ្នករួមដំណើរនិងជាម្ចាស់សំអាងការបានប្រាប់ថា សុំសម្រួល ដោយសុំជូនជាប្រាក់២០០ដុល្លារ តែសុំលេខ ABA ដេីម្បីឱ្យអ្នកផ្ទះបាញ់លុយចូល ព្រោះខ្លួនមិនមានប្រាក់ជាប់ខ្លួន។ ក្រោយបាញ់លុយ២០០ដុល្លារួចក៏បានបន្ដដំណេីរទៅបាត់។
បច្ចុប្បន្នស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានស្រាវជ្រាវនិងចំណាត់ការលេីមន្រ្ដីចរាចរណ៍ទាំង១០នាក់ យកមកទុកបណ្ដោះអាសន្ននៅការិយាល័យបុគ្គលិក អនុវត្តតាមវិន័យបទបញ្ជាកងកំលាំងនគរបាលជាតិ និងបន្ដធ្វើការស្រាវជ្រាវដេីម្បីចំណាត់ការនីតិវិធីបន្ដ ចំពោះម្ចាស់រថយន្តខាងលេីស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺនិងស្រាវជ្រាវទាក់ទងដេីម្បីសុំធ្វេីការជួបនិងប្រគល់ថវិកាចំនួន២០០ដុល្លារជូនគាត់វិញ។
អាស្រ័យហេតុនេះសូមសាធារណៈជន និងអ្នកនិយមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក មេត្ដាជ្រាបនិងចូលរួមសហការផ្ដល់ព័ត៌មាននានាពាក់ព័ន្ធនិងអំពេីអសកម្មរបស់មន្រ្ដីនគរបាលដែលបានខុសឆ្គងនិងវិជ្ជាជីវៈដេីម្បីរួមចំណែកស្ថាបនាកែលំម្អរចំណុចខ្វះខាតដោយបុគ្គលមួយចំនួនតូច៕
