សូមថែរក្សាសុខភាព! ចាប់ពីថ្ងៃស្អែក ដល់ថ្ងៃទី២៤ ខែមករា អាកាសធាតុនឹងបន្តចុះត្រជាក់នៅតាមតំបន់ទាំងនេះ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ បានឱ្យជ្រាបថា៖

ទ្រនុងនៃសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសាន្តបក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ បន្តមានឥទ្ធិពលមក លើព្រះរាជាណាចក្រកម្ពុជា ក្នុងអំឡុងមួយសប្ដាហ៍ខាងមុខនេះ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
១-តំបន់ទំនាបកណ្តាល៖
– សីតុណ្ហភាពអប្បបរមា មានពី ២០-២៣ °C
– សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
– អាកាសធាតុអាចចុះត្រជាក់ក្នុងកម្រិតមធ្យម ពិសេសទំនាបភាគពាយ័ព្យមានជាអាទិ៍៖ ខេត្តកំពង់ធំ សៀមរាប ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តប៉ៃលិន។
២-តំបន់ខ្ពង់រាប៖
– សីតុណ្ហភាពអប្បបរមា មានពី ១៧-២១ °C
– សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C
– អាកាសធាតុអាចចុះត្រជាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ ពិសេសជួរភ្នំដងរែក និងខ្ពង់រាបឦសាន្តមានជាអាទិ៍៖ ខេត្តមណ្ឌលគិរី រតនគិរី ឧត្តរមានជ័យ និងខេត្តព្រះវិហារ ។
៣-តំបន់មាត់សមុទ្រ៖
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
– សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C
– អាកាសធាតុអាចចុះត្រជាក់ក្នុងកម្រិតខ្សោយ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្ន ចំពោះស្ថានភាពចុះត្រជាក់ ៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology