សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាបានសម្រេចចិត្តជ្រើសរើសផ្លូវ១ខ្សែនៅទីក្រុងទេសចរណ៍មាត់សមុទ្រ ដើម្បីដាក់ឈ្មោះជា ផ្លូវមិត្តភាពកម្ពុជា-ម៉ាល់ឌីវ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា ដើម្បីបង្ហាញពីចារិកប្រវត្តិសាស្ត្រនៃទំនាក់ទំនងរបស់កម្ពុជា និង ម៉ាល់ឌីវ ដែលចាប់ផ្ដើមពីទស្សនកិច្ចរបស់សម្ដេចនៅសាធារណរដ្ឋម៉ាល់ឌីវនោះ កម្ពុជាបានសម្រេចចិត្តជាមួយការជ្រើសរើសផ្លូវ១ខ្សែនៅទីក្រុងទេសចរណ៍មាត់សមុទ្រ ដើម្បីដាក់ឈ្មោះជា ផ្លូវមិត្តភាពកម្ពុជា-ម៉ាល់ឌីវ ដើម្បីបង្ហាញអំពីការយកចិត្តទុកដាក់របស់យើង ចំពោះចំណងមិត្តភាពប្រទេសទាំងពីរ។

នេះបើតាមការផ្សាយបន្តផ្ទាល់របស់ទូរទស្សន៍ជាតិកម្ពុជា ពីសាធារណរដ្ឋម៉ាល់ឌីវ ក្នុងសន្និសីទសារព័ត៌មានរួមគ្នា របស់សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី (Ibrahim Mohamed Solih) ប្រធានាធិបតីនៃសាធារណរដ្ឋ ម៉ាល់ឌីវ បន្ទាប់ ពីជំនួបចរចាទ្វេភាគី នារសៀល ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។
ក្នុងសនិ្នសីទសារព័ត៌មាននេះដែរ សម្ដេចតេជោមានប្រសាសន៍ថា ឆ្នាំនេះគឺជាខួបលើកទី២៨ នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋម៉ាល់ឌីវ។ ប្រទេសទាំងពីរបានព្រមព្រៀងគ្នា ដោយប្រទេសម៉ាល់ឌីវ និងបញ្ជូនឯកអគ្គរដ្ឋទូតពីទីក្រុងបាងកក ទៅជូនសារតាំងនៅទីក្រុងភ្នំពេញ ហើយកម្ពុជានឹងបញ្ជូនឯកអគ្គរាជទូតពីទីក្រុងញូវដែលី ប្រទេសឥណ្ឌា មកជូនសារតាំងនៅឯសាធារណរដ្ឋម៉ាល់ឌីវ។ ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា៖ «ដើម្បីបង្ហាញអំពីការយកចិត្តទុកដាក់របស់យើង ចំពោះចំណងមិត្តភាពប្រទេសទាំងពីរ កម្ពុជាបានសម្រេចចិត្តជាមួយការជ្រើសរើសផ្លូវ១ខ្សែនៅទីក្រុងទេសចរណ៍មាត់សមុទ្រ ដើម្បីដាក់ឈ្មោះជា ផ្លូវមិត្តភាពកម្ពុជា-ម៉ាល់ឌីវ ដែលនេះបង្ហាញពីចារិកប្រវត្តិសាស្ត្រនៃទំនាក់ទំនងរបស់យើង ហើយចាប់ផ្ដើមពីទស្សនកិច្ចរបស់សម្ដេចនៅសាធារណរដ្ឋម៉ាល់ឌីវនេះ»។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានសម្ដែងនូវការអរគុណចំពោះ ឯកឧត្ដមប្រធានាធិបតីនៃសាធារណរដ្ឋម៉ាល់ឌីវ ដែលបានផ្ដល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជា ផ្ដល់នូវការហ្វឹកហាត់សម្រាប់កីឡាហែលទឹករបស់កម្ពុជា និងផ្ដល់នូវមន្ត្រីសម្រាប់បដិសណ្ឋារកិច្ចចំនួន២០នាក់ ដែលពួកគេនឹងទទួលបាននូវការបណ្ដុះបណ្ដាល សម្រាប់វិស័យទេសចរណ៍នៅកម្ពុជា។ សម្ដេចតេជោក៏បានបញ្ជាក់ដែរថា កម្ពុជាបានផ្ដល់អាហារូបករណ៍ចំនួន ១០រូប សម្រាប់និស្សិតម៉ាល់ឌីវ ដើម្បីសិក្សាថ្នាក់ឧត្ដមសិក្សានៅកម្ពុជា។ ដែលនេះជាចំណុចចាប់ផ្ដើមមួយ នៃកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរក្នុងកម្រិតនយោបាយ ហើយក្នុងកម្រិតដទៃទៀត គឺជំរុញក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស។
សម្ដេចតេជោក៏បានស្នើឱ្យពិនិត្យមើលលទ្ធភាព នៃការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ដែលសង្ឃឹមថា រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ និងពិនិត្យមើលដើម្បីពង្រីកដល់វិស័យវប្បធម៌នៃប្រទេសទាំងពីរ។ ទាក់ទងជាមួយនឹងវិស័យទេចរណ៍ ប្រទេសទាំងពីរពិតជាមានកម្លាំងខ្លាំង ដែលប្រទេសម៉ាល់ឌីវ សម្ដេចអាចនិយាយថា ជាចំណុចដ៏អស្ចារ្យនៅក្នុងមហាសាគរ របស់មហាសមុទ្រឥណ្ឌា ដែលយើងមានមជ្ឈមណ្ឌលទេសចរណ៍ដែលគួរឱ្យទាក់ទាញបំផុត។
ពាក់ព័ន្ធនឹងទំហំពាណិជ្ជកម្មរវាប្រទេសទាំងពីរ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ «យើងពិតជាមានលទ្ធភាពដើម្បីនឹងពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយសារតែកម្ពុជាមាននៅទំនិញដែលអាចនាំចូលមកម៉ាល់ឌីវ ដូចជា អង្ករ និង វិស័យកសិកម្មដទៃទៀតដែលមិនមែនគ្រាន់តែសម្រាប់ប្រជាជនម៉ាល់ឌីវទេ ក៏ប៉ុន្តែសម្រាប់អ្នកទេសចរណ៍ដែលមកទស្សនកិច្ចនៅម៉ាល់ឌីវ»។ សម្តេចតេជោបន្តថា អង្ករកម្ពុជាគឺជាអង្ករជាប់លេខមួយក្នុងពិភពលោកចំនួន៥ ដងហើយឥឡូវនេះកំពុងស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ ១ នៅឡើយ ។ សម្ដេចតេជោសង្ឃឹមថា អង្ករនេះកំពុងក្លាយជាការពេញនិយមសម្រាប់ប្រជាជនម៉ាល់ឌីវផង និងសម្រាប់ភ្ញៀវទេសចរផង។ ក្រៅពីអង្ករកម្ពុជានៅមាន គ្រាប់ស្វាយចន្ទី ស្វាយ ចេក សុទ្ធតែអាចនាំចេញពីកម្ពុជាមកកាន់ប្រទេសម៉ាល់ឌីវបានក្រៅពីនោះនៅមានសំលៀកបំពាក់កម្ពុជាជាប្រទេសដែលផលិតសំលៀកបំពាក់ដែលម៉ាល់ឌីវអាចទទួលបាននូវការបញ្ជាទិញ។ សម្តេចបន្តថា ខ្ញុំសង្ឃឹមយ៉ាងដូច្នេះ។
សម្ដេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ទៀតថា កម្ពុជាពិតមែនតែជាប្រទេសដែលមានត្រីទឹកសាប ត្រីសមុទ្រ ប៉ុន្តែវាមិនគ្រប់ទេ ។ សម្ដេចតេជោលើកឡើងថា ឯកឧត្តមប្រធានាធិបតីបាននិយាយដល់បញ្ហាត្រីខ កំប៉ុង ។ ត្រីខកំប៉ុងប្រហែលជាលទ្ធភាពច្រើនជាងគេរបស់ម៉ាល់ឌីវ ក្នុងការនាំចេញទៅកម្ពុជាមុនគេ ព្រោះក្នុងមួយឆ្នាំៗកម្ពុជាប្រើត្រីខ ច្រើនណាស់គ្រាន់តែប៉ុន្មានខែមុន សម្ដេចតេជោប្រើ ត្រីខ ប្រមាណជា ១០ម៉ឺនកេស ដើម្បីផ្គត់ផ្គង់ដល់ក្រុមគ្រួសារដែលមានការលិចលង់ដោយសារជំន់ទឹកភ្លៀង។ ឥឡូវនេះកំពុងតែត្រូវការទៀតហើយ ព្រោះត្រីខវាមានលក្ខណៈងាយ ស្រួលក្នុងការចែកជូនប្រជាពលរដ្ឋដែលរងគ្រោះខ្វះខាតស្បៀង។ អីចឹង ការនាំចេញដំបូងគឺត្រីខកំប៉ុងនេះហើយ ដែលអាចនាំចេញពីម៉ាល់ឌីវទៅកាន់កម្ពុជា ហើយយើងមិន មែនដើម្បីបម្រើតែប្រជាជន១៧លាននាក់របស់កម្ពុជានោះទេ យើងក៏ត្រូវការបម្រើឱ្យទេសចរណ៍ដែលមុននេះយើងមានទេសចរណ៍រហូតដល់ ៦,៦លាននាក់។ ក៏ប៉ុន្តែវាបាន ធ្លាក់ចុះនៅឆ្នាំ ២០២២ កន្លងទៅយើងទទួលបានទេសចរណ៍២,២លាននាក់។ ដូចនេះច្បាស់ណាស់ថាផលិតផលត្រីខកំប៉ុង នៅក្នុងប្រទេសម៉ាល់ឌីវមួយចំនួនអាចជាគោលដៅ សម្រាប់នាំទៅកម្ពុជាសម្រាប់បម្រើឱ្យប្រជាជនខ្លួនឯងផងនិងទេសចរណ៍ផង។
សម្តេចតេជោគូសបញ្ជាក់បន្ថែមថា ក្រៅពីនេះយើងបានពិភាក្សាលើបញ្ហាដទៃទៀត ដូចជាវិស័យសុខាភិបាល ដែលយើងបានចុះហត្ថលេខា ហើយយើងពិភាក្សាអំពីកិច្ចការអន្តរជាតិ ដែលគាំទ្រគ្នាទៅវិញទៅមក រាប់ទាំងកម្ពុជាគាំទ្រដល់ម៉ាល់ឌីវ ឱ្យក្លាយទៅជាភាគីនៃសិទ្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ ក៏ដូចជាអ្នកសង្កេតការណ៍នៅអាស៊ីអាគ្នេយ៍ ក្នុងក្របខណ្ឌអាស៊ាន ដែលយើងកំពុងស្ថិតនៅក្នុងដំណាក់កាលពិភាក្សា នៅក្នុងផ្ទៃក្នុងរបស់អាស៊ាន។ សម្ដេចតេជោនាយករដ្ឋមន្រ្ដីសង្ឃឹមថាប្រទេសអាស៊ានដទៃទៀតនឹងទទួលយកប្រទេសម៉ាល់ឌីវធ្វើជាដៃគូ ដែលគ្មានហេតុផលណាត្រូវជំទាស់នោះទេ៕


ប្រភព៖ ក្រសួងព័ត៌មាន