មន្ទីរសាធារណការខេត្តកណ្ដាល បិទចរាចររថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ នៅលើកំណាត់ផ្លូវជាតិលេខ២១ រយៈពេល៧ថ្ងៃ ដោយសារបញ្ហាទឹកជំនន់កើនឡើងខ្លាំង
ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ បានចេញសេចក្ដីជូនដំណឹង ស្តីពីការបិទចរាចររថយន្តធុនធ្ងន់ នៅលើកំណាត់ផ្លូវជាតិលេខ២១ ស្រុកស្អាង និងក្រុងតាខ្មៅ រយៈពេល០៧ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់២៦ ខែមករា ឆ្នាំ២០២៣។

ដោយសារ បញ្ហាទឹកជំនន់កើនឡើងខ្លាំង ដែលធ្វើឲ្យមានការជន់លិចកួច ហូរច្រោះដាច់ដីក្បាលស្ពានព្រែកថី (ស្ពានលេខ៤) ដូច្នេះមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល សូមធ្វើការបិទចរាចររថយន្ត ដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ នៅលើកំណាត់ផ្លូវជាតិលេខ២១ ស្ថិតក្នុងស្រុកស្អាង និងក្រុងតាខ្មៅ ខេត្តកណ្តាល រយៈពេល០៧ថ្ងៃ គិតចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ដើម្បីធ្វើការ ជួសជុលជាបណ្តោះអាសន្ន បញ្ចៀសការខូចខាតកំណាត់ផ្លូវ និងស្ពានព្រែកថី(ស្ពានលេខ៤) ជាយថាហេតុ។
ចំពោះរថយន្តដឹកទំនិញធុនធ្ងន់ដែលមានបំណងធ្វើដំណើរទៅកាន់ស្រុកកោះធំ រឺពីស្រុកកោះធំទៅក្រុងតាខ្មៅ តម្រូវឲ្យវាងធ្វើដំណើរតាមផ្លូវខេត្តលេខ១១០ ដោយឆ្លងស្ពានមិត្តភាពកម្ពុជា-ចិន តាខ្មៅ និងស្ពានមិត្តភាព កម្ពុជា-ចិន កោះធំវិញ។ ចំពោះរថយន្តដឹកទំនិញពីស្រុកកោះទៅខេត្តតាកែវ សូមវាងធ្វើដំណើរតាមផ្លូវខេត្ត លេខ១២៩។ សម្រាប់រថយន្តគ្រួសារអាចធ្វើចរាចរណ៍បានជាធម្មតា។
អាស្រ័យហេតុនេះសូម ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ម្ចាស់អាជីវកម្ម ដឹកជញ្ជូន បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយសងខាងផ្លូវខាងលើ និងស្ថាប័នពាក់ព័ន្ធមេត្តាជ្រាប និងជួយចូលរួមសហការអនុវត្តដោយក្តីអនុគ្រោះ ៕
