សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ចរាចរណ៍ និងអគ្គិភ័យ នាឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម
រាជធានីភ្នពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់រូប ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ព្រមទាំងប្រុងប្រយ័ត្នចំពោះអគ្គិភ័យ នាឱកាសពិធីបុណ្យចូលឆ្នាំចិន-វៀតណាម នាពេលខាងមុខនេះ។ ការអំពាវនាវរបស់សម្ដេចតេជោនេះ ក្នុងឱកាសអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ «មន្ទីរពេទ្យជាតិតេជោសន្ដិភាព» មានទីតាំងស្ថិតនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «កង្វល់ពិតប្រាកដ ប្រហែលជាមិនមែនកូវីដទេ កូវីដនៅតែជាកង្វល់ដែលអាចនឹងមានការឆ្លង ប៉ុន្ដែវាតិចតួចទេ កង្វល់ពិតប្រាកដដែលខ្ញុំកំពុងតែខ្វល់នាពេលនេះ សម្រាប់ពេលបុណ្យចូលឆ្នាំចិន-វៀតណាមនោះ ទីមួយ គ្រោះថ្នាក់ចរាចរណ៍។ សូមអំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើង កុំឱ្យពេលចូលឆ្នាំនេះក្លាយជាបុណ្យខ្មោច។ ប្រជាពលរដ្ឋខ្មែរជាប់ខ្សែចិន សូមសប្បាយរីករាយ ប៉ុន្ដែធ្វើយ៉ាងណាកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ហើយក៏ត្រូវប្រុងប្រយ័ត្ន ចំពោះអគ្គិសភ័យ ផងដែរ»។
សម្ដេចតេជោបានថ្លែងបញ្ជាក់ថា៖ «សូមប្រយ័ត្នប្រយែងរឿងអគ្គិភ័យ ដោយសាររឿងសែន ដុតធុប ដើម្បីសែនដូនតានោះ នាំឱ្យពិបាកដល់អ្នកជិតខាង និងកម្លាំងនគរបាល»៕



ប្រភព៖ ក្រសួងព័ត៌មាន