ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ កំពុងសិក្សាគម្រោងទោសសហគមន៍ ដើម្បីកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ

    BY Khmernote Media January 21, 2023
    ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ កំពុងសិក្សាគម្រោងទោសសហគមន៍ ដើម្បីកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២១ ខែមករា​ ឆ្នាំ២០២៣ បានឱ្យដឹងថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ កំពុងធ្វើការសិក្សាគម្រោងអនុវត្តទោសសហគមន៍ ដោយមានចែកក្នុងច្បាប់ព្រហ្មទណ្ឌ ដើម្បីធ្វើយ៉ាងណាកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ។

    នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីផ្សព្វផ្សាយអំពីការរៀបចំ និងការប្រព្រឹត្តទៅ នៃលេខាធិការដ្ឋាន សម្រាប់គាំទ្រការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង បានពន្យល់ថា ក្រោយតុលាការកាត់ទោសរួច ត្រូវបញ្ជូនជនល្មើសទៅផ្ទះសំបែងពួកគាត់វិញ ប៉ុន្ដែជនល្មើសត្រូវបំពេញកាតព្វកិច្ចជាអ្នកទោស ដោយអនុវត្តតាមផ្លូវច្បាប់។ សម្ដេច ឧទាហរណ៍ថា ទោសហគមន៍នេះ គឺឱ្យអ្នកទោសទៅបោសសំរាម និងធ្វើអនាម័យនៅមូលដ្ឋានរបស់ខ្លួន ដោយគ្មានប្រាក់កម្រៃឡើយ។

    សម្ដេចក្រឡាហោម បន្ដថា ការអនុវត្តទោសសហគមន៍បែបនេះ គឺសម្រាប់តែអ្នកមានទោសស្រាលៗប៉ុណ្ណោះ ដើម្បីធ្វើយ៉ាងណាដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ។ សម្ដេច បន្ថែមថា ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ នឹងធ្វើការសិក្សាចំពោះទោសសហគមន៍នេះ ឱ្យបានម៉តចត់បំផុត មុននឹងអនុវត្តគម្រោងទាំងនេះ ធ្វើយ៉ាងណាឱ្យមានប្រសិទ្ធិភាពផងដែរ។

    សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បញ្ជាក់ថា «នាពេលខាងមុខនេះ យើងក៏កំពុងជំរុញ ជាពិសេសក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ ទាក់ទងទៅនឹងគម្រោងអនុវត្តទោសសហគមន៍ ដែលមានចែកក្នុងច្បាប់ព្រហ្មទណ្ឌរបស់យើង ដើម្បីជៀសវាង និងដោះស្រាយចង្អៀតណែនក្នុងពន្ធនាគារ ចឹងទោសកម្រិតស្រាល អាហ្នឹងយើងនឹងខិតខំអនុវត្តនូវគម្រោងទោសហគមន៍»។

    ឆ្លៀតឱកាសនោះដែរ សម្ដេច ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំដល់អាជ្ញាធរក្នុងមូលដ្ឋាន ត្រូវខិតខំបង្កើនកម្លាំងប្រជាការពារភូមិ ដើម្បីជាកម្លាំងជំនួយដល់ប៉ុស្ដិ៍នគរបាលរដ្ឋបាល ទោះបីយ៉ាងណាក៏ដោយប្រជាពលរដ្ឋ ក៏ត្រូវមានការគាំទ្រដល់កម្លាំងប្រជាការពារ និងកម្លាំងប៉ុស្ដិ៍នគរបាល ទើបទទួលបានជោគជ័យ ក្នុងការកសាងសន្ដិសុខនៅតាមមូលដ្ឋានរបស់ខ្លួន៕

    ប្រភព៖ ក្រសួងមហាផ្ទៃ Ministry of Interior Cambodia

    Share This Post: