សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឱ្យគ្រូអនុវត្តវិន័យកាត់សក់សិស្ស នៅវិទ្យាល័យសម្ដេចតេជោសំពៅលូន សូមឱ្យកែប្រែឥរិយាបទ ឈប់ប្រើវិធីបង្ខំបែបនេះ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ពាក់ព័ន្ធទៅនឹងសកម្មភាពគ្រូអនុវត្តវិន័យកាត់សក់សិស្សនៅវិទ្យាល័យសម្ដេចតេជោសំពៅលូន ដែលកំពុងផ្ទុះការជជែកវែកញែកពេញបណ្ដាញសង្គមកន្លងទៅ ដោយអំពាវនាវបញ្ចប់រឿងបន្តទៀត នេះបើយោងតាមការថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យល័យវេស្ទើនជាង ៣ពាន់នាក់ នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ(OCIC)។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ “រឿងទី២ គ្រូកាត់សក់សិស្ស អស់យល់តែម្ដង តែខ្ញុំនិយាយនេះ មិនមែនសំដៅគ្រូនៅទូទាំងប្រទេសនោះទេ ប៉ុន្តែសំដៅទៅលើលោកគ្រូ ដែលបានធ្វើសកម្មភាពនេះនៅវិទ្យាល័យ ហើយវិទ្យាល័យនឹង ជាវិទ្យាល័យដែលខ្ញុំទៅធ្វើឱ្យទៅទៀត កើតមានរឿងទៅលើវិទ្យាល័យសម្ដេចតេជោហ៊ុនសែនសំពៅលូន លោកគ្រូមិនចាំបាច់ទៅយកកន្ត្រៃ ត្រង់ដឺ ទៅឈូសសក់គ្នាកណ្ដាលថ្នាក់ចឹងទេ កូនសិស្សរបស់យើង ក៏ដូចកូនរបស់យើងចឹង សក់នឹងមិនទាន់ត្រូវខ្នាតទេ ចឹងរៀបចំកាត់សក់ឱ្យសិស្សទៅ បើមានត្រង់ដឺដែរនោះ។ ”
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា៖ “ឃើញសក់នោះ ក៏មើលទៅដូចជាមិនសូវវែងអីដែរ សឹងតែសក់គ្រូវែងជាងសក់សិស្សទៅទៀត កើតបានមួយរឿងទៀតទៅ អ៊ីចឹង ខ្ញុំសូមឱ្យកែប្រែឥរិយាបទ ពីការប្រើវិធីបង្ខំបែបនេះ ទៅជាការអប់រំណែនាំឱ្យសិស្សកាត់ លឺថានៅខាងសាលាតម្រូវឱ្យសិស្សកាត់សក់តាមរបៀប ប៉េអ៊ឹម។ គួរតែត្រូវបានអប់រំ ហើយសូមកុំពង្រីករឿងនេះ ទៅជារឿងធំតទៅទៀត បញ្ចប់វាត្រឹមនឹង ខ្ញុំនិយាយនេះមិនមែន បំផុសថែមទេ ប៉ុន្តែជាសំឡេង អំពាវនាវរបស់ខ្ញុំ សូមឱ្យរឿងនេះបញ្ចប់ទៅ ៕ ”

