ក្រុមហ៊ុន Samsung នឹងបញ្ឈប់ការផលិតស្មាតហ្វូនទំនើបចុងក្រោយនៅក្នុងប្រទេសឥណ្ឌា ប្រសិនបើរដ្ឋាភិបាលប្រទេសនេះនៅតែបន្តដាក់សម្ពាធ
- BY
- autoadmin
- January 22, 2019
ក្រុមហ៊ុន Samsung អាចនឹងបញ្ឈប់ការផលិតទូរស័ព្ទស្មាតហ្វូនទំនើបចុងក្រោយរបស់ខ្លួនដូចជា៖ Galaxy S9 និង Note9 កាត់បន្ថយការផលិតស្មាតហ្វូនក្នុងស្រុក និងការនាំចេញស្មាតហ្វូនពីប្រទេសឥណ្ឌា ប្រសិនបើរដ្ឋាភិបាលប្រទេសនេះមិនគិតពីសកម្មភាពថ្មីៗរបស់ខ្លួនដែលដាក់សម្ពាធមកលើក្រុមហ៊ុន Samsung ។ កម្មវិធីជំហានផលិតកម្មរបស់ប្រទេសឥណ្ឌា (PMP: India’s Phased Manufacturing Programme) បានកំពុងដាក់សម្ពាធមកលើក្រុមហ៊ុន Samsung ដោយឥណ្ឌាមានគោលបំណងជំរុញការផលិតគ្រឿងបន្លាស់ក្នុងស្រុក ដែលដើមឡើយគ្រោងនឹងមានប្រសិទ្ធភាពនៅខែមីនា ឆ្នាំ២០២០។ ប៉ុន្តែរដ្ឋាភិបាលឥណ្ឌាបែរជាសម្រេចចិត្តបង្កើនល្បឿននៃកម្មវិធីនេះ ហើយទាមទារឱ្យអនុវត្តកម្មវិធីនេះនៅខែកុម្ភៈ ឆ្នាំ២០១៩ នេះតែម្ដង បើក្រុមហ៊ុន Samsung មិនព្រមធ្វើតាម រដ្ឋាភិបាលនឹងដាក់កាតព្វកិច្ចពន្ធ ១០% (ឬរហូតដល់ ១១%) លើធាតុដែលនាំចូលណាមួយ។
ក្នុងករណីនេះផលិតផលមួយក្នុងចំណោមផលិតផលដែលបាននាំចូល គឺ អេក្រង់ (Display) ដែលក្រុមហ៊ុន Samsung មិនទាន់អាចផលិតក្នុងប្រទេសឥណ្ឌា និងតម្រូវឱ្យនាំចូល។ ហើយចំពោះ អេក្រង់ (Display) គឺមានតម្លៃស្មើ ២៥% – ៣០% នៃតម្លៃទូរស័ព្ទបាត់ទៅហើយ! វានឹងធ្វើឱ្យថ្លៃដើមនៃការផលិតកើនឡើងយ៉ាងខ្លាំងប្រសិនបើត្រូវបង់ពន្ធថែមពីលើទៀតដូចនេះ។ យ៉ាងណាមិញក្រុមហ៊ុន Samsung India បានរាយការណ៍ប្រាប់រដ្ឋាភិបាលឥណ្ឌានៅក្នុងលិខិតមួយថា ប្រសិនបើកាតព្វកិច្ចនាំចូលថ្មីត្រូវបានអនុវត្តនោះ ក្រុមហ៊ុននឹងត្រូវបញ្ឈប់ការផលិតទូរស័ព្ទស្មាតហ្វូនចុងក្រោយរបស់ខ្លួន ហើយកាត់បន្ថយការផលិតស្មាតហ្វូនប្រភេទ midrange និងកម្រិតទាបទាំងអស់។
បច្ចុប្បន្នក្រុមហ៊ុន Samsung ក៏កំពុងបង្កើតរោងចក្រក្នុងស្រុក (ឥណ្ឌា) ដែលអាចផលិតអេក្រង់ AMOLED ប៉ុន្តែវានឹងមិនដំណើរការបានទាំងស្រុងនោះទេ រហូតដល់ខែមេសា ឆ្នាំ២០២០ ទើបអាចសម្រេចបាន។ ក្រុមហ៊ុន Samsung ក៏បានឈប់ផលិតទូរទស្សន៍នៅក្នុងប្រទេសឥណ្ឌាកាលពីត្រីមាសចុងក្រោយនេះដែរ ដោយសារតែកាតព្វកិច្ចពន្ធថ្មី ៥% ទៅលើបន្ទះ LED និងការនាំចូលមួយចំនួនពីប្រទេសវៀតណាម៕


អត្ថបទ៖ លីដា
ប្រភព៖ gsmarena
- Share This Post:






