PR

គ្រួសារ លតឆា នំគូឆាយ ល្បីល្បាញនៅសៀមរាបជាង៣៦ឆ្នាំ បានបើកសាខាទី២នៅភ្នំពេញ, ម្ចាស់ហាងគ្រោងនឹងពង្រីកបន្ថែមទៀតឱ្យមានសាខា ទូទាំងប្រទេសតែម្ដង

BY
Naren
February 17, 2023

(ភ្នំពេញ)៖ អ្នកនៅសៀមរាប នរណាមិនស្គាល់ ហាង «គ្រួសារ លតឆា នំគូឆាយ» ដែលមានភាពល្បីល្បាញជាយូរឆ្នាំ ដោយសារតែមរតកនៃរសជាតិដ៏ឆ្ងុយឆ្ងាញ់ នៃលតឆា និងនំគូឆាយ។ ក្រោយពីបានបើកសាខាចំនួន៤នៅសៀមរាប និងចំនួន១នៅភ្នំពេញ។ កាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ហាង «គ្រួសារ លតឆា នំគូឆាយ» បានបើកសម្ពោធជាផ្លូវការនូវសាខាថ្មីមួយទៀត នៅសាខានៅខណ្ឌមានជ័យ ផ្លូវច្រមុះជ្រូក ក្បែរសាលាប៊ែលធី ស្ទឹងមានជ័យ។

ហាង «គ្រួសារ លតឆា នំគូឆាយ» ក្រៅពីលតឆា ហាងមួយនេះក៏មានលក់ជា នំគូឆាយ ដ៏ឈ្ងុយឆ្ងាញ់ផងដែរ។ ចំពោះប្រវត្តិដើម នៃការបង្កើតហាងនេះឡើង ពោរពេញដោយការតស៊ូ គិតមកដល់ពេលនេះ «គ្រួសារ លតឆា នំគូឆាយ» មាន អាយុកាល ៣៦ឆ្នាំហើយ ពោលគឺចាប់ទាំងពីឆ្នាំ១៩៨៧មកម្ល៉េះ។

«គ្រួសារ លតឆា នំគូឆាយ» ត្រូវបានបង្កើតឡើង ដោយ ប្តីប្រពន្ធ២នាក់ដែលដើមឡើយពួកគាត់ចាប់ដៃគ្នា កសាងគ្រួសារតូចមួយនៅកំឡុងខែឧសភាឆ្នាំ១៩៨៤ បន្ទាប់មកបានចាប់ផ្តើមបង្កើត មុខរបរជាបន្តបន្ទាប់ដើម្បីចិញ្ចឹមជីវិត តែហាក់ដូចមិនសមប្រកប ចេះតែឡុងចុងខាតដើម ប៉ុន្តែពួកគាត់នៅតែបន្តដំណើរជីវិតមកទៀត និងអាចដោះស្រាយបានមួយថ្ងៃៗ។ ហើយនៅដើមឆ្នាំ១៩៨៦ គឺថ្ងៃទី០១ ខែមីនា ឆ្នាំ១៩៨៦ ពួកគាត់ទទួលបានចំណងដៃកូនស្រីទី១ និងបានចាប់មុខរបរថ្មីមួយទៀតគឺ ការធ្វើសាច់នំបញ្ចុក (លក់ជាគីឡូ) និងមានលតឆា សម្រាប់លើកឱ្យម៉ូយផងដែរ។

បន្ទាប់ពីចាប់ផ្តើមមុខរបរ ធ្វើសាច់នំបញ្ចុក និង លតឆាគីឡូលក់មក មានម៉ូយលតឆាម្នាក់ ជាជនជាតិខ្មែរកាត់ចិន និងជាអ្នកលក់នំគូឆាយ និងលតឆា ហើយតែងតែយកលតឆា ជាប្រចាំទៅលក់ជាមួយនំគូឆាយ។ នៅដើមឆ្នាំ១៩៨៧ ចន្លោះខែមីនា និងមេសា ម៉ូយលតឆានោះ ត្រូវទៅរស់នៅភ្នំពេញ ហើយចង់សេងសម្ភារៈនិងមុខរបរ លតឆានំគូឆាយ ឱ្យមកគាត់ទាំង២នាក់ តែមិនបានបង្រៀនពីរបៀប ធ្វើនំគូឆាយនោះទេ ក៏ប៉ុន្តែនៅចាត់ទុកថាសំណាង ព្រោះគាត់បានអនុញ្ញាតឱ្យទៅមើលពីការធ្វើនំគូឆាយតាំងពីចាប់ផ្តើម រហូតដល់នំឆ្អិន ដោយមិនបានប្រាប់ពីបច្ចេកទេសអ្វីទាំងអស់។ ពេលទៅដល់កន្លែងធ្វើនំគូឆាយនោះ គាត់(អ្នកម្តាយ)បានមើលយ៉ាងយកចិត្តទុកដាក់បំផុត តាំងពីការលាយម្សៅ កូរម្សៅ លាយស្នូល ការខ្ចប់ ការចំហុយ រហូយដល់ចប់បានជានំ។

តស៊ូរហូតមកដល់ជោគជ័យនាពេលបច្ចុប្បន្ននេះ ហាង «គ្រួសារ លតឆា នំគូឆាយ» បានបង្កើតសាខា៤នៅសៀមរាប និង២សាខានៅភ្នំពេញ។ យោងតាមការសម្ភាសន៍ជាមួយនឹងម្ចាស់ហាង ចំពោះលក្ខណៈពិសេស និងភាពទាក់ទាញ នាំឱ្យជោគជ័យបែបនេះ លោកណារ៉ា បានរៀបរាប់ថា «ចំពោះលត និងគូឆាយ ដែលធ្វើដោយដៃលក្ខណៈគ្រួសារ លតមានសភាពទន់ សរសៃតូច ស្រួលញ៉ាំ ចំណែកស្លឹកគូឆាយវិញ គឺស្រស់ៗយកមកពី ចម្ការដែលទិញពីប្រជាកសិករនៅខេត្តសៀមរាបផ្ទាល់ ដោយនំគូឆាយនេះ ខាងក្នុងទន់ ខាងក្រៅស្រួយ»។

ចំណែកទឹកជ្រលក់ វិញយើងធ្លាប់តែញ៉ាំជាមួយតែទឹកត្រី ប៉ុន្តែខាងពួកគាត់ ប្រើជាស្ករត្នោត ដែលជារូបមន្តប្រចាំត្រកូល តជំនាន់ ធ្វើឲ្យទឹកជ្រលក់ វាមានរសជាតិប្លែកមួយបែប បើសិនជាអ្នកញ៉ាំអាហារបួសក៏អាចទទួលទានបានដែរ ព្រោះយើងមិនប្រើទឹកត្រី។ ហើយតម្លៃគូឆាយ ២៥០០ មួយដុំ លតឆា ចន្លោះពី៤០០០៛ ទៅ ១០០០០រៀល មួយចាន តម្លៃអាចប្រែប្រួល អាស្រ័យលើថែមថយ។

បើតាមម្ចាស់សហគ្រាសដដែលនេះបានឱ្យដឹងថាខ្លួនគ្រោងនឹងពង្រីកបន្ថែមទៀតឱ្យមានសាខា ទូទាំងប្រទេសតែម្ដង ហើយទាំងអស់នេះគឺដើម្បីសម្រេចក្តីស្រមៃរបស់លោកដែលចង់ឱ្យអាហារពីរប្រភេទនេះក្លាយទៅជាអ្វីដែលគេអាចនឹកឃើញ នៅពេលគេនិយាយពីកម្ពុជា ដូចដែលគេនឹកឃើញវៀតណាម ពេលដែល និយាយ ពីហ្វឺ និង នឹកឃើញថៃ ពេលគេនិយាយពីផាត់ថៃដែរ៕

Share This Post: