ក្រុមហ៊ុន Apple ជួលអតីតនាយកប្រតិបត្តិក្រុមហ៊ុន Samsung SDI Co., ដើម្បីជួយដឹកនាំការងារផលិតថ្មរបស់ខ្លួន
- BY
- autoadmin
- January 24, 2019
ក្រុមហ៊ុន Apple Inc បានជួលអតីតនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Samsung SDI Co., ដើម្បីជួយដឹកនាំការងារផលិតថ្ម (battery) របស់ខ្លួន។ លោក Soonho Ahn បានចូលបម្រើការងារឱ្យក្រុមហ៊ុន Apple កាលពីខែធ្នូ ក្នុងនាមជាប្រធានផ្នែកអភិវឌ្ឍន៍ថ្ម បន្ទាប់ពីបានបញ្ចប់ការធ្វើជាអនុប្រធានជាន់ខ្ពស់ឱ្យក្រុមហ៊ុន Samsung SDI ចាប់តាំងពី ឆ្នាំ២០១៥ នេះបើយោងតាមទំព័រ LinkedIn របស់គាត់។ កាលពីគាត់នៅធ្វើការឱ្យក្នុងក្រុមហ៊ុន Samsung SDI Co., លោក Ahn បានដឹកនាំការអភិវឌ្ឍថ្មលីចូម និងបានធ្វើការលើបច្ចេកវិទ្យាថ្មសម្រាប់ក្រុមហ៊ុន។
យ៉ាងណាមិញក្រុមហ៊ុន Apple និងលោក Soonho Ahn មិនបានឆ្លើយតបនឹងសំណើសុំការបំភ្លឺនោះទេ។ ហើយយោងតាមទិន្នន័យចងក្រងដោយ Bloomberg ក្រុមហ៊ុន Samsung គឺជាម្ចាស់ភាគហ៊ុនធំបំផុតរបស់ Samsung SDI និងជាអតិថិជនធំបំផុតផងដែរ។ ក្រុមហ៊ុន Apple ក៏ធ្លាប់បានប្រើថ្ម (battery) ពី Samsung SDI ដើម្បីផលិតផលិតផលផ្ទាល់ខ្លួនកាលពីមុនដែរ ប៉ុន្តែក្រោយមក Apple បានព្យាយាមកាត់បន្ថយការពឹងផ្អែកលើសមាសភាគភាគីទីបី (third party)។
ក្រុមហ៊ុន Apple ក៏កំពុងធ្វើការលើបច្ចេកវិទ្យាអេក្រង់ MicroLED របស់ខ្លួនសម្រាប់ឧបករណ៍នាពេលអនាគត ដែលវានឹងជួយផ្ដាច់ខ្លួន Apple ចេញពីក្រុមហ៊ុន Samsung លើវិស័យផ្សេងៗ។ Apple ក៏កំពុងបង្កើតប្រព័ន្ធដំណើរការផ្ទាល់ខ្លួន ហើយកំពុងធ្វើការស៊ើបអង្កេតលើការបង្កើតម៉ូឌឹមចល័តផ្ទាល់ខ្លួន។ ក្រុមហ៊ុន Apple ក៏កំពុងចរចាទិញ Cobalt ដែលជាសមាសធាតុសំខាន់នៃកញ្ចប់ថ្មដោយផ្ទាល់ពីឈ្មួញរ៉ែផងដែរ៕
អត្ថបទ៖ លីដា
ប្រភព៖ bloomberg
- Share This Post:






