ខ្មែរណូត

ស្វែងរក

SEA GAMES

ប្រធាន EFC អះអាងថា កម្ពុជាត្រៀមខ្លួនធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម បានរួចរាល់ ខណៈប្រទេសចូលរួមកើនឡើងជាងស៊ីហ្គេមមុនៗ

BY Liny Chan March 18, 2023
ប្រធាន EFC អះអាងថា កម្ពុជាត្រៀមខ្លួនធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម បានរួចរាល់ ខណៈប្រទេសចូលរួមកើនឡើងជាងស៊ីហ្គេមមុនៗ

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងជាប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា(EFC)គូសបញ្ជាក់ក្នុងសប្តាហ៍នេះថា សម្រាប់ប្រភេទកីឡាអេឡិចត្រូនិកកម្ពុជាបានត្រៀមខ្លួនរួចរាល់ សម្រាប់ការទទួលរៀបចំធ្វើម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ នាខែឧសភា ឆ្នាំ២០២៣ ខណៈប្រទេសដែលបានចុះឈ្មោះចូលរួមប្រកួតជាមួយកម្ពុជា មានរហូតដល់១០ប្រទេសផ្សេងទៀត ពោលគឺប្រទេស១១ក្នុងអាស៊ីអាគ្នេយ៍នឹងត្រូវប្រជែងមេដាយ ដោយចំនួននេះបានកើនឡើងជាងស៊ីហ្គេម មុនៗ។ ឯកឧត្តមប្រធានសហព័ន្ធបន្ថែមថា៖ «យើងបានត្រៀមខ្លួនរួចរាល់អស់ហើយ ក្នុងការឈានទៅធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។ យើងទាំងអស់គ្នានឹងខិតខំបន្តទៅទៀត ខណៈពេលវេលានៅសល់ត្រឹមតែខើចទៅៗ (សល់៤៩ថ្ងៃ គិតត្រឹមថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣) ដោយប្រភេទកីឡា E-Sport នេះត្រូវរៀបចំប្រព័ន្ធ Sever System ដើម្បីត្រៀមនឹងការចូលរួមរបស់ប្រទេសទាំងអស់»។

ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ បានសង្កត់ធ្ងន់ថា ពេលនេះយើងកំពុងមមាញឹកខ្លាំង ក្នុងការរៀបចំទីលាន បច្ចេកទេស ពីព្រោះនេះជាការប្រកួតកីឡាប្រព័ន្ធបច្ចេកវិទ្យា។ «យើងកំពុងខិតខំធ្វើយ៉ាងណាឱ្យការទទួលរៀបចំការប្រកួតកីឡាស៊ីហ្គេមនេះឱ្យមានលក្ខណៈល្អប្រសើរ ក្នុងនាមជាម្ចាស់ផ្ទះជាលើកដំបូង។ មកដល់ពេលនេះមិនមានប្រទេសណាមួយបានដកខ្លួននោះទេ ដោយមានតែចង់មកប្រកួត។ សម្រាប់ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ មានសរុប១១ប្រទេស ក្នុងនោះមានប្រទេសទីម័រខាងកើត១ទៀត ដែលបានចុះឈ្មោះចូលរួមប្រកួតលើប្រភេទកីឡាអេឡិចត្រូនិកនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅកម្ពុជាយើង»។ នេះជាការលើកឡើងបន្ថែមរបស់ឯកឧត្តម ជា ច័ន្ទបរិបូរណ៍។

ឯកឧត្តមប្រធានសហព័ន្ធបានកត់សម្គាល់ឃើញថា E-Sport កម្ពុជាបង្ហាញពីមោទនភាព សម្រាប់ការត្រៀមខ្លួនចូលរួមប្រកួតស៊ីហ្គេម នៅកម្ពុជា មានរហូតដល់១១ប្រទេស (រួមទាំងម្ចាស់ផ្ទះកម្ពុជា) ដែលស៊ីហ្គេម ២លើកចុងក្រោយ កន្លងមក ដូចជាការប្រកួតកីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន កាលពីឆ្នាំ២០១៩ និងស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីឆ្នាំ២០២២ មានត្រឹមតែ១០ប្រទេសប៉ុណ្ណោះ។ ឯកឧត្ដមបានថ្លែងបញ្ជាក់ថា៖ «ដូច្នេះ ជាមួយនឹងមោទនភាពនេះ ក្នុងនាមជាម្ចាស់ផ្ទះ យើងក៏ត្រូវប្រឹងប្រែងដូចគ្នាផងដែរ ដោយក្រៅពីការរៀបចំឲ្យមានតម្លាភាព យើងក៏ត្រូវប្រឹងប្រែងរៀបចំក្រុមកីឡាករអេឡិចត្រូនិក ត្រៀមប្រកួតប្រជែងមេដាយជូនជាតិផងដែរ»។

គួរបញ្ជាក់ថា យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាបានកំណត់បង្ហាញនូវវិញ្ញាសាចំនួន៩ សម្រាប់ដាក់ឱ្យប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដោយមានដូចជា វិញ្ញាសា AK2 (PC) ក្រុម-ឯកត្តជន, PUBG Mobile ក្រុម-ឯកត្តជន, Mobile Legends: Bang Bang(Mobile) ក្រុមបុរស-ក្រុមនារី, League of Legends: Wild Rift (Mobile) ក្រុម, Valorant (PC) ក្រុម និងវិញ្ញាសា CrossFire (PC) ជាក្រុម៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post:
MPO4D jitutoto mpo4d Mpoplay