អន្តរជាតិ
ថៃនឹងយកថ្ងៃ ទី៦ ខែឧសភា ដែលជាថ្ងៃ ទី៣ នៃព្រះរាជពិធីគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រ ធ្វើជាថ្ងៃបុណ្យជាតិរបស់ខ្លួន
BY autoadmin
January 30, 2019
នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានថ្លែងកាលពីម្សិលមិញថា រដ្ឋាភិបាលថៃនឹងយកថ្ងៃ ទី៦ ខែឧសភា ដែលជាថ្ងៃទី៣នៃព្រះរាជពិធីគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រថៃថ្មី មហា វិជ្ជារ៉ាឡុងកន ជាថ្ងៃឈប់សម្រាកជាតិ។ លោកបានបន្តថា ទាំងវិស័យរដ្ឋ និងវិស័យឯកជននឹងត្រូវធានាថា ព្រឹត្តិការណ៍ទាំងអស់នឹងប្រព្រឹត្តទៅយ៉ាងរលូន។
ព្រះមហាក្សត្រថៃនឹងត្រូវគោរពបូជាដល់ពួកទេវតាទៅតាមប្រពៃណីនៅថ្ងៃ ទី២ ខែឧសភា ដើម្បីយក phra suphannabap ដែលជាសន្លឹកមាសមានចារឈ្មោះរបស់ទ្រង់ និងដាក់ទៅព្រះបរមរាជវាំងនៅថ្ងៃ ទី៣ ខែឧសភា។ ពិធីគ្រងរាជ្យសម្បត្តិនេះនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃ ទី៤ ដល់ ទី៦ ខែឧសភា ហើយលោកនាយករដ្ឋមន្ត្រីផ្ទាល់នឹងត្រូវធ្វើជាអធិបតីនាំយកនូវទឹកមន្ត ដែលប្រទានពរពីព្រះសង្ឃមកពីប្រភពពិសិដ្ឋ ១០៨កន្លែង នៅទូទាំងប្រទេសថៃ ដើម្បីដាក់ចូលរួមក្នុងព្រះរាជពិធីនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ thephuketnews