ខ្មែរណូត

ស្វែងរក

SEA GAMES

កម្ពុជា ម៉ាឡេស៊ី និងសិង្ហបុរី ប្រកួតដណ្តើមពានរង្វាន់អន្តរជាតិមួយ មុនស៊ីហ្គេម មកដល់

BY Khmernote Media March 29, 2023
កម្ពុជា ម៉ាឡេស៊ី និងសិង្ហបុរី ប្រកួតដណ្តើមពានរង្វាន់អន្តរជាតិមួយ មុនស៊ីហ្គេម មកដល់

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ Cambodia 2023 បានឱ្យដឹងថា ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ម៉ាឡេស៊ី និងសិង្ហបុរី ផ្នែកបុរស បានចូលរួមប្រកួតពានរង្វាន់បាល់ទះអន្តរជាតិមួយឈ្មោះថា Tri-Nation Volleyball Cup 2023 ដើម្បីជាផ្នែកមួយនៃការត្រៀមខ្លួន សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា នាខែឧសភាខាងមុខ។

សម្រាប់ពានរង្វាន់នេះ នឹងត្រូវបើកការប្រកួតជាផ្លូវការ ពីថ្ងៃទី២៩ ខែមីនានេះ រហូតដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ នៅលើទីលានបាល់ទះ MBSA Indoor Volleyball Hall Section 4 នៅរដ្ឋ Shah Alam, Selangor ប្រទេសម៉ាឡេស៊ី ហើយក្រុមជម្រើសជាតិកម្ពុជា បានធ្វើដំណើរទៅដល់ទឹកដីប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៨ ខែមីនា។

នៅមុនចេញដំណើរ ទៅកាន់ប្រទេសម៉ាឡេស៊ី លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានប្រាប់អ្នកសារព័ត៌មាន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញថា៖ «ខ្ញុំគិតថា ក្រុមម៉ាឡេស៊ី និងសិង្ហបុរី សុទ្ធតែពង្រឹងក្រុមរៀងៗខ្លួន ក្នុងពេលកន្លងមក ជាពិសេសមិនមែនក្រុមតែ ២នេះទេ គឺក្រោយចប់ស៊ីហ្គេម នៅវៀតណាម កន្លងទៅ យើងឃើញថា ក្រុមអាស៊ាន សុទ្ធតែពង្រឹងសមត្ថភាព និងគុណភាពលេងរៀងៗខ្លួន»។

តាមកម្មវិធី និងកាលវិភាគនៃការប្រកួតពានមិត្តភាពអន្តរជាតិនេះ គឺក្រុមជម្រើសជាតិបាល់ទះកម្ពុជា ត្រូវប្រកួតបើកឆាកជាមួយក្រុមម៉ាឡេស៊ី នៅថ្ងៃទី២៩ ខែមីនា វេលាម៉ោង ៩:៣០នាទីយប់ មុនពេលជួបក្រុមសិង្ហបុរី នៅថ្ងៃទី៣០ ខែមីនា វេលាម៉ោង ៧:៣០នាទីយប់ ហើយការប្រកួតលើកទី៣ចុងក្រោយ គឺក្រុមកម្ពុជា ត្រូវជួបក្រុមម៉ាឡេស៊ី B នៅថ្ងៃទី៣១ ខែមីនា វេលាម៉ោង ៧:៣០នាទីយប់។ ក្រោយចប់ការប្រកួតវិលជុំសន្សំពិន្ទុនេះ ក្រុមណាមានពិន្ទុលើគេ ឈរលេខ១ និងលេខ២ ត្រូវឡើងទៅប្រកួតផ្ដាច់ព្រ័ត្រ យកជើងឯកប្រចាំឆ្នាំនេះតែម្តង។

លោក អាំង សិរីពិសិដ្ឋ បានបន្ថែមថា៖ «សម្រាប់ក្រុមកម្ពុជា យើងក្នុងមួយរយៈកន្លងមក ឃើញថា មានគុណផលខ្ពស់គួរសម ទាំងការប្រកួតមិត្តភាពជាមួយក្រុមមកពីគុយបា សិង្ហបុរី និងក្រុមយុវជនអាយុក្រោម១៩ឆ្នាំរបស់បារាំង តែយើងមិនទាន់អាចនិយាយថា មានគុណភាពខ្ពស់នោះទេ! អ្វីដែលវាស់ស្ទង់នោះ គឺលទ្ធផលដណ្តើមបានមេដាយ នៅស៊ីហ្គេម ដែលយើងធ្វើជាម្ចាស់ផ្ទះខាងមុខ»។

គួររំឭកថា សម្រាប់ការប្រកួតស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម កាលពីខែឧសភា ឆ្នាំ២០២២ ក្រុមជម្រើសជាតិបាល់ទះកម្ពុជា បានឈ្នះមេដាយសំរឹទ្ធ ជាប្រវត្តិសាស្រ្តលើកដំបូង ហើយជាមួយជ័យជម្នះនេះ សហព័ន្ធកីឡាបាល់ទះកម្ពុជា បានដាក់មហិច្ឆតារួមគ្នា ត្រូវដណ្តើមយកមេដាយមាសជូនជាតិ។

ជាមួយទិសដៅនេះ សហព័ន្ធកីឡាបាល់ទះកម្ពុជា ធ្លាប់រៀបចំឱ្យមានការប្រកួតមិត្តភាពអន្តរជាតិ នៅក្នុងទឹកដីខ្លួនឯង ជាមួយក្រុមតំណាងមកពីប្រទេសចំនួន៣រួចមកហើយ ដើម្បីជាការកម្តៅសាច់ដុំ និងដកស្រង់បច្ចេកទេស ហើយជាលទ្ធផល ក្រុមបាល់ទះកម្ពុជា បានយកឈ្នះ សិង្ហបុរី ២សិតទល់១ (ការប្រកួតធ្វើឡើងតែ៣សិត) កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ និងបានបន្តយកឈ្នះ ក្រុមU21គុយបា ៣-១ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២។

ចំណែកការប្រកួតចំនួន២លើក ជាមួយក្រុមU19បារាំងវិញ ក្រុមកម្ពុជា បានចាញ់ ៣-០ សម្រាប់ការប្រកួតលើកទី១ កាលពីថ្ងៃទី១៩ ខែកុម្ភៈ តែបានឈ្នះ ៣-១ វិញ សម្រាប់ការប្រកួតលើកទី២ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។ ដោយឡែក បន្ទាប់ពីវិលត្រឡប់មកពីការប្រកួតពាន នៅម៉ាឡេស៊ី លើកនេះ វិញ ក្រុមកម្ពុជា នឹងត្រូវប្រកួតមិត្តភាពអន្តរជាតិ ជាមួយក្រុមបាល់ទះមកពីខេត្តសានទុងរបស់ចិន ក្នុងរាជធានីភ្នំពេញ ដោយត្រូវធ្វើ២លើក គឺលើកទី១ នៅថ្ងៃទី៥ និងលើកទី២ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣៕

ប្រភព៖ Cambodia 2023

Share This Post: