ខ្មែរណូត

ស្វែងរក

SEA GAMES

ឧកញ៉ា ស្រី ចាន់ថន បានចុះហត្ថលេខានាំយកកីឡាករប្រដាល់ Thiago Teixeira ឱ្យមកចូលក្នុងក្លឹបគុនខ្មែរជើងឯកពិភពលោក

BY autoadmin April 10, 2023
ឧកញ៉ា ស្រី ចាន់ថន បានចុះហត្ថលេខានាំយកកីឡាករប្រដាល់ Thiago Teixeira ឱ្យមកចូលក្នុងក្លឹបគុនខ្មែរជើងឯកពិភពលោក

កាលពីពេលថ្មីៗនេះ លោកឧកញ៉ា ស្រី ចាន់ថន បានប្រកាសថា គាត់បានចុះហត្ថលេខាទ្វេភាគីជាមួយកីឡាករប្រដាល់ Thiago Teixeira ឱ្យមកចូលក្នុងក្លឹបគុនខ្មែរជើងឯកពិភពលោក។ លោកឧកញ៉ាបានគូសបញ្ជាក់ថា ការពិតទៅគាត់បានចុះហត្ថលេខាជាមួយអ្នកប្រដាល់ប្រេស៊ីលរូបនេះ តាំងតែពីគាត់ចុះពីលើយន្ដហោះពីប្រទេសអាល្លឺម៉ង់មកម៉្លេះ ប៉ុន្តែដោយសារមានស្ថាប័នមួយ និងគីគ្នារបស់ពួកគេ បានវាយប្រហារមកលើ Thiago Teixeira ខ្លាំងពេក ទើបគាត់ក៏មិនបានប្រកាសអ្វីឡើយ។ លោកឧកញ៉ារង់ចាំឱ្យ Thiago Teixeira មានទឹកចិត្តសប្បាយរីករាយ និងមានក្តីសង្ឃឹមឡើងវិញ ទើបគាត់សម្រេចប្រកាសវាជាផ្លូវការ។

ឧកញ៉ា ស្រី ចាន់ថន បានសរសេរនៅលើហ្វេសប៊ុករបស់គាត់ថា៖«ដូចបងប្អូនបានដឹងហើយថាកីឡាករ Thiago បានជួបបញ្ហាដែលមិនបានរំពឹងទុកនោះទេ ប៉ុន្មានថ្ងៃចុងក្រោយនេះគាត់បានជួបទុក្ខជាទម្ងន់។ ស្របពេលជាមួយគ្នាខ្ញុំសូមប្រកាសផ្លូវការថា ខ្ញុំបានយកកីឡាករ Thiago មកចូលក្នុងក្លឹបគុនខ្មែរជើងឯកពិភពលោករបស់យើងរួចរាល់ហើយកាលពីថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០២៣ កន្លងទៅនេះ។ គូសបញ្ជាក់ផងដែរខ្ញុំបានចុះហត្ថលេខាយកកីឡាករ Thiago ចូលក្លឹបគុនខ្មែរជើងឯកពិភពលោកតាំងពីពេលដែលគាត់ចុះពីលើយន្តហោះមកទឹកដីកម្ពុជាភ្លាមៗមកម្លេះ។ ពេលនោះគាត់កំពុងតែមានសម្ពាធខ្លាំងពីស្ថាប័នរៀបចំកីឡាប្រដាល់មួយនៅប្រទេសអាឡឺម៉ង់។ ហេតុដូច្នេះខ្ញុំចង់ឲ្យកីឡាករ Thiago មានទឹកចិត្តសប្បាយរីករាយ និងមានក្តីសង្ឃឹមឡើងវិញទើបខ្ញុំសម្រចចិត្តចុះហត្ថលេខាយកគាត់ចូលក្លឹបរបស់ខ្ញុំដោយមិនរុញរាឡើយ។

ស្របពេលជាមួយគ្នាក្រោយពេលគាត់ទទួលបានកម្លាំងចិត្តនិងការគាំទ្រពីសម្តេចពុក និងបងប្អូនទូរទាំងប្រទេសមកដល់ម៉ោងនេះគាត់ពិតជាមានក្តីរំភើបរីករាយសប្បាយចិត្តឥតឧបមាឡើយ។ ហើយមូលហេតុដែលខ្ញុំមិនទាន់បង្ហោះសារមួយនេះក៏ដោយសារតែខ្ញុំរងចាំការដោះស្រាយបញ្ហាខ្លះៗជាមុនសិន ហើយមកដល់ម៉ោងនេះខ្ញុំបានចាត់ចែងការងាររបស់គាត់ជាមួយភ្នាក់ងារមួយអន្លើរហើយ។

ខ្ញុំយល់អំពីបញ្ហាដែលកីឡាករ Thiago កំពុងតែជួប ប៉ុន្តែខ្ញុំមិនខ្លាច មិនរុញរាក្នុងការនាំកីឡាករ Thiago ចូលក្លឹបរបស់ខ្ញុំនោះទេ បើទោះបីជាគាត់កំពុងតែមានបញ្ហាធំប៉ុនមេឃក៏ដោយ។ មូលហេតុដែលខ្ញុំហ៊ានចុះកិច្ចសន្យាយកកីឡាករ Thiago ក៏ដោយសារតែ គាត់បានលះបង់ទាំងផលប្រយោជន៍ ទាំងពេលវេលាផ្ទាល់ខ្លួន និងទាំងសុខសុវត្ថិភាពអាយុជីវិតរបស់គាត់ដើម្បីគុនខ្មែរ និងប្រជាជនខ្មែរទាំងក្នុងនិងក្រៅប្រទេសផងដែរ។ ដូច្នេះខ្ញុំមិនអាចក្បត់ឧត្តមគតិរបស់ខ្ញុំបានឡើយ ពោលគឺខ្ញុំត្រូវតែចុះហត្ថលេខាយកគាត់ចូលក្លឹបរបស់ខ្ញុំជាដាច់ខាត។ ក្នុងពេលនេះ Thiago ត្រូវការកម្លាំងចិត្តពីបងប្អូនជាងពេលណាៗទាំងអស់ ដូច្នេះខ្ញុំសូមសំណូមពរឲ្យបងប្អូនមេត្តាគាំទ្រគាត់ ស្រលាញ់គាត់ឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។ ដោយក្តីគោរព និងស្រលាញ់បំផុតពីខ្ញុំបាទ ស្រី ចាន់ថន ❤️🇰🇭🇧🇷❤️#kunkhmerworldchampion
#Ilovecambodia #IloveKunKhmer #Sreychanthorn #JetGroup #Cambodia #KunKhmer #Cambodiamartialarts »៕

ប្រភព៖ ឧកញ៉ា ស្រី ចាន់ថន
អត្ថបទ៖ លីដា

Share This Post: