ព្រលានយន្តហោះនៅថៃ ផ្តល់រង្វាន់សម្រាប់ការចាប់នរណាម្នាក់ ដែលជក់បារីផ្តេសផ្ដាសក្នុងព្រលាន
ថៃ៖ នរណាម្នាក់ដែលចាប់បានអ្នកជក់បារីនៅខាងក្រៅតំបន់ជក់បារី ដែលត្រូវបានកំណត់នៅក្នុងព្រលានយន្តហោះអន្តរជាតិភូកេត នឹងត្រូវទទួលបានរង្វាន់ ១,៥០០បាត (ប្រហែល ១៩០,០០០រៀល) សម្រាប់ការរាយការណ៍។ រង្វាន់នេះត្រូវបានប្រកាសដោយលោក Thanee Choungchoo អ្នកគ្រប់គ្រងទូទៅនៃអាកាសយានដ្ឋានអន្តរជាតិភូកេតកាលពីម្សិលមិញ។
លោក Thanee ក៏បានឱ្យដឹងថា ចាប់ពីថ្ងៃ ទី៣ ខែកុម្ភៈ នេះតទៅគ្រប់តំបន់ទាំងខាងក្នុង និងក្រៅអាកាសយានដ្ឋានអន្តរជាតិទាំង ៦ ដែលជាអាកាសយានដ្ឋានរបស់ថៃ (AoT) នឹងក្លាយជាតំបន់មិនមានការជក់បារី។ ព្រលានយន្តហោះចំនួន ៦ គឺមានដូចជា៖ អាកាសយានដ្ឋានអន្តរជាតិភូកេត អាកាសយានដ្ឋានអន្តរជាតិឈៀងម៉ៃ អាកាសយានដ្ឋានអន្តរជាតិឈៀងរ៉ៃ អាកាសយានដ្ឋានអន្តរជាតិដនមឿង អាកាសយានដ្ឋានសុវណ្ណភូមិ និងអាកាសយានដ្ឋានអន្តរជាតិហាត់យៃ។
លោកបានបន្តថា មានបន្ទប់ចំនួន ៦ នៅក្នុងអាកាសយានដ្ឋានដែលអនុញ្ញាតឱ្យពួកគេជក់បារី ហើយជនគ្រប់រូបដែលរកឃើញថា រំលោភច្បាប់នឹងត្រូវពិន័យជាប្រាក់ចំនួន ៥,០០០បាត (ប្រហែល ៦៤០,០០០រៀល) ដោយក្រសួងសុខាភិបាល។ សម្រាប់ព័ត៌មានបន្ថែមអំពីរង្វាន់សូមទាក់ទងមជ្ឈមណ្ឌលហៅទូរស័ព្ទ AoT ថៃ ១៧២២ ឬអាកាសយានដ្ឋានអន្តរជាតិភូកេត ០៧៦ ៣៥១៦៦៦ ឬ ០៧៦ ៣៥១៨០១៕
អត្ថបទ៖ លីដា
ប្រភព៖ thephuketnews