ម្ចាស់ផ្ទះកម្ពុជា ត្រៀមថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ឱ្យល្អបំផុត សម្រាប់ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC គូសបញ្ជាក់ថា ការងារសន្តិសុខសណ្តាប់ធ្នាប់បញ្ហាសន្តិសុខសណ្តាប់ធ្នាប់ត្រូវបានពង្រឹងយ៉ាងយកចិត្តទុកដាក់បំផុត សម្រាប់ប្រតិភូ អត្តពលិកអន្តរជាតិ ដែលនឹងចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ នៅកម្ពុជា។
ក្រោយកិច្ចប្រជុំ កាលពីល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ នៅសាលមជ្ឈមណ្ឌលប្រតិបត្តិការហ្គេមនៃពហុកីឡដ្ឋានជាតិមរតកតេជោ ឯកឧត្តម វ៉ាត់ ចំរើន បានថ្លែងថា ដោយទទួលបានការអនុញ្ញាតពីឯកឧត្តមបណ្ឌិត ថោង ខុន និងក្រោមការដឹកនាំ និងចង្អុលបង្ហាញពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានឯកភាពគ្នាជាមួយឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរង និងជាអនុប្រធានប្រចាំការផ្នែកសន្តិសុខសណ្តាប់ធ្នាប់នៃ CAMSOC-CAMAPGOC បានជួបគ្នារវាងកងកម្លាំងនគរបាលទាំងអស់ ការពារសណ្តាប់ធ្នាប់ទូទាំងប្រទេស សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម នាពេលឆាប់ៗខាងមុខនេះ»។
ឯកឧត្តមអគ្គលេខាធិការបន្ថែមថា៖ «យើងបានផ្តល់ព័ត៌មានជាក់លាក់ពីកម្មវិធី ទីតាំង និងអំពីអ្វីទៅជាបញ្ហារសើប ក្នុងផ្នែកសន្តិសុខសណ្តាប់ធ្នាប់ អ្វីដែលយើងត្រូវការពារមុនការព្យាបាល អ្វីដែលយើងអាចរំពឹងថា មានហានិភ័យ ឬក៏អត់។ អីចឹង ចំណុចទាំងអស់នេះ យើងធ្វើការវិភាគទៅលើព្រឹត្តិការណ៍មួយៗ វិភាគទៅលើការចូលរួម វិភាគទៅលើចំនួនមនុស្សចូលរួម ដោយមានច្រើនប្រភេទ ទាំងកីឡាករ កីឡាការិនី មន្រ្តីកីឡា មន្រ្តីអន្តរជាតិ ខាងផ្នែកអាជ្ញាកណ្តាល ចៅក្រម មានមន្រ្តីដឹកនាំប្រតិភូ ហើយជាពិសេសអ្នកគាំទ្រ ជាអ្នកដែលយើងត្រូវយកចិត្តទុកដាក់ ព្រោះមានចំនួនច្រើនរាប់ម៉ឺននាក់។ ចំនួនអ្នកគាំទ្ររាប់ម៉ឺននាក់នេះហើយ ដែលអាចបង្កហានិភ័យ ឬមិនបង្កហានិភ័យ គឺវាអាស្រ័យលើស្ថានភាពជាក់ស្តែង។ អីចឹង យើងបានផ្លាស់ប្តូរយោបល់គ្នា និងផ្តល់ព័ត៌មានទាំងអស់ នៅគ្រប់ការងារទាំងអស់ ដែលយើងបានត្រៀមលក្ខណៈ»។ បន្ថែមពីលើនេះ ប្រតិបត្តិករកីឡារូបនេះបានអះអាងថា ពីកម្មវិធីមួយទៅកម្មវិធីមួយ ជាពិសេសក្នុងការប្រកួត ដើម្បីចៀសវាងឱ្យបានពីការប៉ះទង្គិចគ្នារវាងអ្នកគាំទ្រម្ខាងៗ គឺត្រូវរៀបចំបែបណា ដើម្បីចៀសវាងនូវហានិភ័យទាំងអស់នេះបាន។ នេះជាចំណុចសំខាន់ណាស់ ក្នុងពេលធ្វើជាម្ចាស់ផ្ទះ ដែលកម្ពុជាត្រូវថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ គឺជាសុវត្ថិភាពខ្ពស់បំផុតរបស់ការរៀបចំស៊ីហ្គេម។
ឯកឧត្តមបានបន្ថែមថា៖ «អ្វីដែលយើងគួរយល់ដឹង គឺគ្រប់ពេលវេលា និងគ្រប់ទីកន្លែងទាំងអស់ ត្រូវតែមានការអន្តរាគមន៍ផ្នែកសន្តិសុខសណ្តាប់ធ្នាប់។ យើងត្រូវធ្វើយ៉ាងណាឱ្យមានភាពកក់ក្តៅ និងសុវត្ថិភាពខ្ពស់របស់កីឡាករ កីឡាការិនី និងគ្រប់ប្រតិភូទាំងអស់ ត្រឡប់ទៅវិញដោយសុវត្ថិភាព និងទទួលបានកិត្តិយសជាតិដ៏ឧត្តុង្គឧត្តម សម្រាប់យើងធ្វើជាម្ចាស់ផ្ទះ។ កម្លាំងរបស់យើង បានបែងចែកច្បាស់លាស់ និងមានផែនការលម្អិតច្បាស់លាស់ តាមការណែនាំ និងបញ្ជាដោយផ្ទាល់របស់ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មការសន្តិសុខសណ្តាប់ធ្នាប់របស់ CAMSOC គឺយើងឃើញថា មានភាពកក់ក្តៅ ទាំងកម្លាំងការពាររាប់ពាន់នាក់ ដែលយើងនឹងពង្រាយទៅតាមកន្លែងការប្រកួត កន្លែងស្នាក់នៅ ហូបចុក ច្រកចេញ-ចូល និងកន្លែងបដិសណ្ឋារកិច្ចផ្សេងៗទៀត និងបានរាយនៅតាមសណ្ឋាគាររបស់ប្រតិភូ និងសណ្ឋាគាររបស់អ្នកគាំទ្រ ក៏យើងមានដាក់កម្លាំងការពារសន្តិសុខសណ្តាប់ធ្នាប់ដែរ»៕ ដោយ៖ ហេង ណាលីន



ប្រភព៖ ក្រសួងព័ត៌មាន