ប្រធាន NOC មីយ៉ាន់ម៉ា៖ «កម្ពុជា គឺជាប្រទេសទី១ ដែលបានផ្ដល់ជូនឥតគិតថ្លៃយ៉ាងច្រើនបែបនេះ»
មីយ៉ាន់ម៉ា៖ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ Cambodia 2023 បានឱ្យដឹងថា ឯកឧត្តម Minn Thein Zan រដ្ឋមន្ដ្រីសហភាពក្រសួងកីឡា និងជាប្រធានគណៈកម្មាធិការអូឡាំពិកមីយ៉ាន់ម៉ា (NOC) បានសម្ដែងការកោតសរសើរកម្ពុជា ដែលបានផ្ដល់ជូនគ្រប់បណ្ដាប្រទេសចូលរួមប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នូវការមិនគិតថ្លៃស្នាក់នៅ ហូបចុក និងធ្វើដំណើរ។
ការលើកឡើងរបស់ឯកឧត្តម គឺនៅក្រោយពិធីដង្ហែព្រះអគ្គិជ័យកីឡា និងរត់ភ្លើងគប់ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៃវេនរបស់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ និងបន្ទាប់ពីទទួលបានការជូនដំណឹងពីគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC ស្តីពីការស្នាក់នៅ-ហូបចុក ដោយឥតគិតថ្លៃ អំឡុងពេលប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣។
មានប្រសាសន៍ដំបូង ឯកឧត្តមបានសម្ដែងក្ដីរីករាយជាមួយពិធីរត់ដង្ហែព្រះអគ្គិជ័យកីឡា និងចាត់ទុកទំនាក់ទំនងរវាងកម្ពុជា-មីយ៉ាន់ម៉ា ជាទំនាក់ទំនងល្អដូចបងប្អូន។ ជាមួយគ្នា ឯកឧត្តមក៏បានសម្ដែងនូវមោទកភាពចំពោះកម្ពុជាផងដែរ។
«ពិធីដង្ហែព្រះអគ្គិជ័យកីឡា គឺជាកម្មវិធីដ៏ល្អ ហើយពួកយើងរីករាយ ក្នុងការរៀបចំពិធីដង្ហែនេះឡើង។ កម្ពុជា និងមីយ៉ាន់ម៉ា គឺជាប្រទេសមានទំនាក់ទំនងល្អ និងរឹងមាំ ដូចជាបងប្អូននឹងគ្នា។ ដូច្នេះ អ្វីដែលពួកយើងអាចជួយបាន គឺពួកយើងរីករាយក្នុងការជួយ និងគាំទ្រកម្ពុជា។ ជាការពិត យើងចង់រៀបចំកម្មវិធីថ្ងៃនេះឲ្យធំជាងនេះទៀត តាមអ្វីដែលយើងចង់ធ្វើ។ កម្ពុជាមានមោទកភាពក្នុងការធ្វើម្ចាស់ផ្ទះការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ ហើយខ្ញុំក៏រីករាយ ចំពោះមោទកភាពរបស់ប្រទេសកម្ពុជាផងដែរ»។ ប្រសាសន៍របស់ឯកឧត្តម Minn Thein Zan។
ថ្មីៗនេះ យោងតាមការសម្រេចចិត្តដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រាប់ការហូបចុក-ស្នាក់នៅ របស់ប្រតិភូ អត្តពលិក អាស៊ីអាគ្នេយ៍ទាំងអស់ ក្នុងអំឡុងពេលប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ គឺមិនត្រូវបានយកកម្រៃឡើយ ដែលនេះជាការបូករួមបន្ថែមលើការមិនយកថ្លៃសំបុត្រចូលទស្សនាពិធីបើក-បិទ និងការប្រកួតគ្រប់ប្រភេទកីឡាទាំងអស់ ក៏ដូចជាការផ្ដល់សិទ្ធិផ្សាយដោយឥតគិតថ្លៃ ដល់បណ្ដាប្រទេសជាដៃគូផ្សព្វផ្សាយផងដែរ។
ជាមួយនឹងការសម្រេចបែបនេះ ឯកឧត្តម Minn Thein Zan បានមានប្រសាសន៍បន្ថែមទៀតថា៖ «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកម្ពុជា ដែលបានសម្រេចក្នុងការផ្ដល់ជូនដោយឥតគិតថ្លៃជាច្រើនយ៉ាងដូច្នេះ។ ការផ្ដល់ជូននេះ គឺខ្ញុំមិនធ្លាប់បានលឺ ឬបានដឹងពីមុនមក សម្រាប់នៅប្រទេសផ្សេងៗទេ មានតែនៅកម្ពុជា គឺជាប្រទេសទី១ ដែលបានផ្ដល់ជូនយ៉ាងច្រើនបែបនេះ ខណៈនៅប្រទេសផ្សេងៗគឺត្រូវចំណាយ។ ខ្ញុំពិតជារីករាយជាខ្លាំង ចំពោះដំណឹងដ៏ល្អមួយនេះ»។
ឯឧត្តមបានសង្កត់ធ្ងន់ទៀតថា នេះជាការផ្ដល់ជូនដែលផ្ដល់មកនូវកិត្តិយសដ៏ខ្ពង់ខ្ពស់ សម្រាប់បណ្ដាប្រទេសដែលចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា ដែលប្រទេសផ្សេងៗ ពុំធ្លាប់បានផ្ដល់ជូន។ «កម្ពុជា ពិតជាព្រះរាជាណាចក្រអច្ឆរិយៈមួយដ៏អស្ចារ្យ»។ សម្ដីរបស់ ឯកឧត្តម Minn Thein Zan៕


ប្រភព៖ Cambodia 2023