តើការផឹកស្រាបៀរមុនស្រាក្រហមនឹងមិនធ្វើឱ្យអ្នកឈឺក្បាលពេលស្រវឹងមែនឬ?
មនុស្សទាំងអស់នៅជុំវិញពិភពលោកតែងមានជំនឿពីបុរាណអំពីការផឹកស្រា និងបន្សាបភាពវិលមុខក្រោយស្រវឹងខុសៗគ្នា។ ជាក់ស្ដែងមានមនុស្សមួយចំនួនជឿថា យុទ្ធសាស្ដ្រដែលនឹងមិនធ្វើឱ្យពួកគេវិលមុខពេលស្រវឹង គឺការផឹកស្រាបៀរមុនផឹកស្រាក្រហម។ មូលហេតុគឺដោយសារតែពួកគេមានជំនឿថា ការផឹកគ្រឿងស្រវឹងដែលមានបរិមាណអាកុលតិច (ស្រាបៀរ) មុនពេលដែលពួកគេផឹកគ្រឿងស្រវឹងដែលមានបរិមាណអាកុលច្រើន (ស្រាក្រហម) នឹងមិនធ្វើឱ្យពួកគេមានអាការធេងធោងវិលមុខនោះទេ។
ធ្លើយតបនឹងជំនឿនេះអ្នកវិទ្យាសាស្រ្តនៅសាកលវិទ្យាល័យ Witten/Herdecke របស់ប្រទេសអាល្លឺម៉ង់ បានសហការជាមួយសាកលវិទ្យាល័យ Cambridge នៅចក្រភពអង់គ្លេស ដោយធ្វើការសិក្សាទៅលើអ្នកចូលរួមចំនួន ៩០នាក់ ដែលមានអាយុចន្លោះពី ១៩-៤០ឆ្នាំ។ ក្រុមអ្នកចូលរួមត្រូវបានបែងចែកជា ៣ក្រុមដោយ៖ ក្រុមទី១ ផឹកស្រាបៀរមុនស្រាក្រហម ក្រុមទី២ ផឹកស្រាក្រហមមុនស្រាបៀរ ក្រុមទី៣ ផឹកលាយទាំងស្រាបៀរ និងស្រាក្រហម (គ្មានមុនគ្មានក្រោយ)។ ជាលទ្ធផលបានឱ្យដឹងថា មិនថាពួកគេផឹកមួយណាមុនក៏ដោយ ពួកគេនឹងមិនអាចគេចផុតពីការវិលមុខ ឈឺក្បាល និងអាការផ្សេងៗក្រោយស្រវឹងនោះទេ។ ប៉ុន្តែយ៉ាងណាក៏ដោយក្រុមអ្នកស្រាវជ្រាវមិនជំទាស់នឹងជំនឿរបស់អ្នកផឹកនោះឡើយ៕
អត្ថបទ៖ លីដា
ប្រភព៖ medicalnewstoday