កីឡាការិនីកូនកាត់ ៣សាសន៍ ខាន់ ចេសា បង្ហាញពីមោទកភាពដែលបានតំណាងឱ្យប្រទេសកម្ពុជា ក្នុងការប្រកួតស៊ីហ្គេម
រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហោះពីវីដេអូប្រមាណជា ១៖៤៧វិនាទី របស់កីឡាការិនីកូនកាត់ ៣សាសន៍ ខាន់ ចេសា បង្ហាញពីមោទកភាពដែលបានតំណាងឱ្យប្រទេសកម្ពុជា ក្នុងការប្រកួតស៊ីហ្គេម ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហោះវិដេអូ ភ្ជាប់ជាមួយខ្លឹមសាររបស់កីឡាការិនី ខាន់ ចេសា យ៉ាងដូច្នេះថា៖ «កម្ពុជា ខ្ញុំនៅទីនេះជាមួយអ្នក។ ខ្ញុំសង្ឃឹមថា ខ្ញុំនឹងធ្វើឲ្យអ្នកមានមោទកភាពចំពោះខ្ញុំ ដូចខ្ញុំមានមោទកភាពចំពោះអ្នក។ ខ្ញុំសឹងតែមិនជឿថា ពេលនេះខ្ញុំអាចកាន់ទង់ជាតិចេញទៅប្រកួត វាគឺជាក្តីស្រមៃក្លាយជាការពិត។ ទោះខ្ញុំនៅទីណាក៏ដោយ ខ្ញុំនៅតែជាខ្មែរ ហើយខ្ញុំដឹងថា នៅពេលដែលខ្ញុំប្រកួតប្រជាជាតិទាំងមូល នឹងនៅជាមួយខ្ញុំជានិច្ច។»
នេះជាភាសាពោរពេញដោយមោទកភាពក្នុងភាពជាខ្មែររបស់កីឡាការិនី ជឺជីតស៊ូ ខាន់ ចេសា ដែលជាកីឡាការិនីកូនកាត់ម្នាក់ដែលបានខិតខំប្រឹងប្រែងនាំយកកិត្តិយសជូនជាតិជារឿយៗ។
នៅក្នុងគណនីហ្វេសប៊ុកផេករបស់ Beyond the Games បានសរសេររៀបរាប់ថា៖ ខាន់ ចេសា គឺជាកីឡាការិនីកូនកាត់ ផ្នែកកីឡាជឺជីតស៊ូដែលមានឪពុកជាជនជាតិខ្មែរ និងម្ដាយជាជនជាតិម៉ិកសិចកូកាត់អាមេរិក។ កីឡាការិនីដ៏វ័យក្មេងម្នាក់នេះបានចូលរួមការប្រកួតទាំងថ្នាក់ជាតិ និងអន្តរជាតិ ថែមទាំងដណ្តើមយកបានមេដាយមាសឲ្យប្រទេសកម្ពុជានៅឆ្នាំ ២០១៨ ក្នុងព្រឹត្តិការណ៍អាស៊ានហ្គេមក្នុងវិញ្ញាសាជឺជីតស៊ូនេវ៉ាហ្សា (Newaza) ក្នុងវិញ្ញាសារប្រភេទទម្ងន់៤៩ គីឡូ នៅប្រទេសឥណ្ឌូនេស៊ី។
មេដាយមាសនេះបាននាំមកនូវមោទកភាព និងកិត្តិយសជូនជាតិយ៉ាងក្រៃលែង ដែលជាមេដាយមាសដំបូងគេដែលកម្ពុជាទទួលបានសម្រាប់ប្រភេទកីឡាជឺជីតស៊ូ។ បន្ថែមពីនេះ ចេសាក៏បានដណ្តើមយកមេដាយមាសមួយទៀតជូនជាតិមាតុភូមិនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីនក្នុងឆ្នាំ ២០១៩ សម្រាប់ប្រភេទកីឡាដដែលនេះ។
សូមទស្សនាវីដេអូចំណាប់អារម្មណ៍របស់កីឡាការិនី ខាន់ ចេសា នៅពេលដែលនាងអាចតំណាងឱ្យប្រទេសកម្ពុជា៖





ប្រភព៖ Beyond the Games