កីឡាឧបសគ្គ (OBSTACLE) មាន ១២មេដាយមាស សម្រាប់ការប្រកួតស៊ីហ្គេម ២០២៣
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ការប្រកួតកីឡាឧបសគ្គ (OBSTACLE) ស៊ីហ្គេម លើកទី៣២ មានចំនួន១២វិញ្ញាសាស្មើនឹង១២មេដាយមាស ដែលនឹងដំណើរការប្រកួតជាផ្លូវការ ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ នៅទីលានក្រៅសាលនៃមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) (Chroy Changvar Convention Centre) ជិតរង្វង់មូលនាងមច្ឆា ស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
វិញ្ញាសាកីឡាឧបសគ្គចំនួន១២នេះរួមមាន៖ វិញ្ញាសាឯកត្តជនបុរស២ និងនារី២ វិញ្ញាសាបណ្តាក់បុរស ៤ និងនារី ៤។
បើតាមការបញ្ជាក់ពីគ្រូបង្វឹកជម្រើសជាតិកម្ពុជា លោក Camelo Sanchez បានឱ្យដឹងថា កម្ពុជាបានត្រៀមកីឡាករ០៦នាក់ កីឡាការិនី០៦នាក់ សរុប១២នាក់ លើវិញ្ញាសាភាគច្រើន ក្នុងចំណោម១២វិញ្ញាសានេះ។ ចំពោះអត្តពលិកអាស៊ានត្រៀមចូលរួមប្រជែងមេដាយលើវិញ្ញាសាសរុបចំនួន១២នេះ រួមមានម្ចាស់ផ្ទះកម្ពុជា ព្រុយណេ ហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ឡាវ ដោយកីឡាករ កីឡាការិនីទាំង៦ប្រទេសនេះមានចំនួន១២នាក់បុរស-នារីដូចៗគ្នា។
គ្រូបង្វឹកជនជាតិបារាំងរូបនេះបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជាបានឆ្លងកាត់ការហ្វឹកហាត់យ៉ាងសកម្មបំផុត ហើយលោកជឿជាក់ថា ក្រុមកម្ពុជានឹងដណ្តើមបានលទ្ធផលល្អជាមេដាយ ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។
គួរបញ្ជាក់ថា ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣នឹងដំណើរការជាផ្លូវការពីថ្ងៃទី០៥ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ដោយមាន៣៧ប្រភេទកីឡា ស្មើនឹង ៥៨១វិញ្ញាសាក្នុងនោះ១ប្រភេទកីឡាមិនរាប់បញ្ជូលមេដាយក្នុងបញ្ជីមេដាយផ្លូវការ គឺប្រភេទកីឡាបាល់ទាត់លើតុ៕




