ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ កុំយកមន្ត្រីចាក់រុកយកមកដាក់កៀកខ្លួនឱ្យសោះ ព្រោះគ្រោះថ្នាក់ណាស់

BY
Naren
April 27, 2023

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានធ្វើការក្រើនរំលឹកដល់ថ្នាក់ដឹកនាំនានាកុំយកមន្ត្រីពូកែចាក់រុកញុះញង់ តែងតាំងដាក់កៀកខ្លួនឱ្យសោះ។ ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល(ERA) ដែលពិធីនេះត្រូវប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា៖

«ដោយសារបទពិសោធន៍ឆ្លងកាត់រាប់ឆ្នាំធ្វើជាមន្ត្រីដឹកនាំ គឺ..សុំខិតខំទទួលយកមកសិក្សានូវព័ត៌មានដែលពិត សុំកុំយកកៀកខ្លួននូវមន្ត្រីដែលចាក់រុក យករឿងមិនល្អមកក្បែរខ្លួន។» សម្តេចបានបន្តថា «ខ្ញុំក៏មានមន្ត្រីខ្លះទៅជួបជាមួយខ្ញុំ ការងារខ្លួនឯងរាយការណ៍ចប់ បន្ទាប់ទៅនិយាយដើមអ្នកដទៃ។ ខ្ញុំមានការធុញទ្រាន់ និងកត់សម្គាល់ជាមួយនឹងមន្ត្រីហ្នឹងដែរ។»

សម្តេចក៏មានបានលើកឡើងទៀតថា មន្ត្រីចាក់រុកងាយនាំគ្រោះដល់ការសម្រេចចិត្ត។ ដូច្នេះជាអ្នកដឹកនាំត្រូវមានស្មារតីរឹងមាំលើការសម្រេចចិត្ត ហើយកុំយកមន្ត្រីចាក់រុកញុះញង់ តែងតាំងដាក់កៀកខ្លួនឱ្យសោះ ព្រោះគ្រោះថ្នាក់ណាស់ មន្ត្រីបែបនេះអាចនាំឱ្យយើងងាយសម្រេចចិត្តខុស៕

Share This Post: