ខ្មែរណូត

ស្វែងរក

SEA GAMES

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បញ្ជាក់ថា មិនមានករណីមនុស្សម្នាក់ ទទួលបានសំបុត្រចំនួន ៥០សន្លឹក សម្រាប់មើលការប្រកួតបាល់ទាត់ឡើយ

BY Khmernote Media April 27, 2023
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បញ្ជាក់ថា មិនមានករណីមនុស្សម្នាក់ ទទួលបានសំបុត្រចំនួន ៥០សន្លឹក សម្រាប់មើលការប្រកួតបាល់ទាត់ឡើយ

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់ថា មិនមានករណីមនុស្សម្នាក់ ទទួលបានសំបុត្រ ចំនួន ៥០សន្លឹក សម្រាប់មើលការប្រកួតបាល់ទាត់វិញ្ញាសាផ្នែកបុរស អាយុក្រោម ២២ឆ្នាំឡើយ។

បើតាមការលើកឡើងរបស់លោក កែវ សារ៉េត បានឲ្យដឹងទៀតថា ចំពោះករណីការចែកចាយរឿងមនុស្សម្នាក់ ទទួលបានសំបុត្រ ៥០សន្លឹក គឺជាការថតលេងសើចខុសទំនង របស់មន្ត្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ទើបត្រូវមហាជនរិះគន់។

លោក កែវ សារ៉េត បានសម្តែងការពេញចិត្តលើលោក ប្រាក់ សុវណ្ណារ៉ា មន្ត្រីម្នាក់របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលបានចេញមកបកស្រាយករណីនេះទាន់ពេលវេលា។

នៅក្នុងខ្លឹមសារបកស្រាយរបស់លោក ប្រាក់ សុវណ្ណារ៉ា បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «គ្មាននរណាម្នាក់ មានសិទ្ធិទទួលបានសំបុត្រទាំងដុំទេ។ អ្នកទទួល សុទ្ធតែជាអ្នកតំណាងក្លិប ទទួលពីសហព័ន្ធផ្ទាល់ ដែលសហព័ន្ធផ្តល់ជូនគ្រប់ក្លិបទាំងអស់ រាល់ការប្រកួតអន្តរជាតិ មិនមែនតែលើកហ្នឹងទេ។ ហើយប្អូនវិសាល ដែលមិត្តភក្តិថត Tiktok​ គឺជានាយបេសកកម្ម ដែលមានតួនាទីទទួលសំបុត្រចែកជូនគ្រប់ប្រទេស ដែលពាក់ព័ន្ធចូលគាំទ្រក្រុមរបស់ខ្លួន។ សូមពិចារណាផង មិនគួរមើលតែមួយជ្រុងទេ»

សូមជម្រាបជូនថា ការប្រកួតកីឡាស៊ីហ្គេម វិញ្ញាសាបាល់ទាត់បុរស នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ត្រូវបានចែកសំបុត្រអស់ ត្រឹមតែរយៈពេលខ្លីបំផុត ចំពោះបងប្អូនដែលមិនមានសំបុត្រចូលរួមគាំទ្រក្រុមជម្រើសជាតិកម្ពុជាដោយផ្ទាល់នៅពហុកីឡដ្ឋានជាតិនោះទេ បងប្អូនក៏អាចរង់ចាំតាមដានទស្សនាតាមកញ្ចក់ទូរទស្សន៍ និងនៅតាមទីតាំងចំនួន ៧កន្លែង នៅភ្នំពេញ ដែលនឹងផ្សាយបន្តផ្ទាល់ការប្រកួតបាល់ទាត់របស់ក្រុមជម្រើសជាតិកម្ពុជាក្នុងព្រឹត្តិការណ៍ SEA GAMES នេះផងដែរ ៕

Share This Post: